៥០​រឿង​មើល​ហើយ​ដឹង​តែ​ពី​សើច​នឹង​ជួយ​ផ្ដល់​គំនិត​ដល់​ផលិតករ​វ័យ​ក្មេង!

 
 

កុន​មើល​ហើយ​ដឹង​តែ​ពី​សើច​ចំនួន​៥០​រឿង​ ប្រមូល​ពី​ប្រទេស​ផ្សេង​ៗ​ទូទាំង​ពិភព​លោក​ ដែល​នឹង​យក​មក​ចាក់​បញ្ចាំង​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​ពី​​ថ្ងៃ​ទី​៣១​ ឧសភា​ ដល់​ថ្ងៃ​ទី​៨​ មិថុនា​ ត្រូវ​បាន​ផលិតករ​ក្នុង​ស្រុក​សម្លឹង​ឃើញ​ថា​ មិន​ត្រឹម​តែ​ជួយ​បន្ធូរបន្ថយ​អារម្មណ៍​តាន​តឹង​របស់​ប្រជាជន​ខ្មែរ​ទេ​ ប៉ុន្តែ​​ថែម​ទាំង​​​​អាច​ផ្ដល់​ជា​គំនិត​ដល់​ផលិតករ​វ័យ​ក្មេង​ផង​ដែរ។

រឿង​ទាំង​៥០​របស់​កម្មវិធី​មហោស្រព​បេតិកភណ្ឌ​ភាពយន្ត​អន្តរជាតិ​ “ការ​ចង​ចាំ”​ លើក​ទី​២​នេះ​ ដឹក​នាំ​ដោយ​សមាគម​ភាពយន្ត​ “ការ​ចង​ចាំ”, មូលនិធិ​ Technicolor ​សម្រាប់​បេតិកភណ្ឌ​ភាពយន្ត,​ និង​មជ្ឈមណ្ឌល​ធន​ធាន​សោត​ទស្សន៍​បុប្ផា​ណា។ ក្នុង​ឆ្នាំ​ទី​ពីរ​របស់​​ខ្លួន​ មហោស្រព​​នេះ​​មាន​ប្រធានបទ​ “សំណើច”​ ហើយ​ភាព​យន្ត​ទាំង​អស់​ ដែល​​នឹង​យក​មក​បញ្ចាំង​ មាន​លក្ខណៈ​កំប្លែង​ គ្រាន់​តែ​ខុស​គ្នា​តាម​​ប្រទេស​នីមួយ​ៗ​ វប្បធម៌​នីមួយ​ៗ​ និង​សម័យ​កាល​នី​មួយ​ៗ​​ប៉ុណ្ណោះ។

លោក​ ប៉ាន់ រិទ្ធី ​សមិទ្ធិករ​ភាពយន្ត​ជាប់​ជម្រើស​រង្វាន់​អូស្ការ​២០១៤​ និង​ជា​នាយក​មជ្ឈមណ្ឌល​បុប្ផាណា​ យល់​ថា​ ភាពយន្ត​ទាំង​ខ្មែរ​ និង​បរទេស​ ដែល​​បង្ហាញ​ខ្លួន​លើ​សំពត់​ស​នា​ពេល​ខាង​មុខ​​ អាច​​បើក​បង្អួច​មួយ​ថ្មី​សម្រាប់​ទស្សនៈ​យុវជន​ខ្មែរ​ និង​សមិទ្ធិករ​ភាពយន្ត​ទាំងអស់។

សមិទ្ធិករ​ភាពយន្ត​ជាប់​ជម្រើស​រង្វាន់​អូស្ការ​រូប​នេះ​បាន​លើក​ឡើង​បន្ថែម​ថា​៖ “ប្រធានបទ​ក្នុង​ឆ្នាំ​នេះ​ គឺ​ទាក់​ទង​នឹង​សំណើច​ ដែល​មាន​ភាពយន្ត​កំប្លែង​ពី​បណ្ដាល​ប្រទេស​ជា​ច្រើន​ដូចជា​ចិន,​ ជប៉ុន​, បារាំង​, សិង្ហបុរី​, អូស្ត្រាលី​, និង​ហ្វីលីពីន​ជា​ដើម។ ខ្ញុំ​ជឿ​ជាក់​ថា​ វា​ក៏​ជា​ការ​ឆក់​ឱកាស​សម្រាប់​សិស្ស​និស្សិត​ក្នុង​ការ​ស្វែង​យល់​ពី​ស្នាដៃ​ផលិត​កុន​បរទេស​ និង​ជា​ការ​យល់​ពី​វប្បធម៌​នៃ​ប្រទេស​ផ្សេង​ៗ​ក្នុង​ការ​ផលិត​កុន​ផង​ដែរ”។

លោក​បញ្ជាក់​បន្ថែម​ដែរ​ថា៖ “មូលហេតុ​ដែល​ជ្រើសរើស​ប្រធានបទ​សំណើច​នេះ​ ដោយសារ​នៅ​ពេល​មនុស្ស​មាន​ភាព​តានតឹង​ពី​បញ្ហា​អី្វ​មួយ​ សំណើច​បាន​ជួយ​បន្ធូរបន្ថយ​ ដូច្នេះ​សំណើច​អាច​ទាក់ទាញ​មនុស្ស​បាន​ អាច​ឲ្យ​មនុស្ស​សើច​ដោយ​​មិន​ប្រកាន់​វណ្ណៈ​ និង​ម៉្យាង​ទៀត​ដើម្បី​ឲ្យ​អ្នក​ទាំងអស់​​បាន​ចំណាយ​ពេល​ជាមួយ​គ្នា​ សើច​ជាមួយគ្នា​ ស្រលាញ់​កុន​ទាំងអស់​គ្នា ​ដែល​ជា​តម្លៃ​ទី​៧​ក្នុង​សិល្បៈ​ភាពយន្ត​ ព្រម​ទាំង​អាច​​ទាញ​យក ​ក្រៅ​ពី​សប្បាយ​រីករាយ​ សិក្សា​បន្ថែម​ពី​វប្បធម៌​ និង​គុណ​តម្លៃ​អប់រំ​របស់​រឿង”។

លោក​ស្រី​ Severine Wemaere​ នាយក​ចាត់ចែង​របស់​មូលនិធិ​Technicolor​ សម្រាប់​បេតិកភណ្ឌ​ភាពយន្ត ​បាន​និយាយ​ថា៖ “នេះ​ជា​លើក​ទី​២​សម្រាប់​ព្រឹត្តិការណ៍​នេះ​ ដូច្នេះ​​ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​ព្រឹត្តិការណ៍​នេះ​ល្អ​ជាង​មុន​ និង​សង្ឃឹម​ថា​ មាន​អ្នក​ចូល​រួម​ច្រើន។ យើង​បាន​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ប្រមូល​កុន​ចាស់​ៗ​ពី​ប្រទេស​ផ្សេង​ៗ​ ប្រហែល​២០​ប្រទេស”។

​លោក​ Gilles Duval​ នាយក​ចាត់ចែង​របស់​សមាគម​ភាពយន្ត​ “ការ​ចងចាំ”​ បាន​ពន្យល់​ពី​ការ​​ប្រមូល​​​កុន​ចំនួន​​​៥០​រឿង​នេះ​ ដោយ​ផ្អែក​លើ​កត្តា​ពីរ​យ៉ាង​សំខាន់​ៗ។

លោក​​បាន​និយាយ​ថា​ ទី​មួយ​គឺ​តួ​សម្ដែង​ ដែល​មនុស្ស​ភាគ​ច្រើន​បាន​ស្គាល់​ជា​តួ​ល្បីល្បាញ​សម្រាប់​ពិភពលោក​ និង​ទី​ពីរ​ គឺ​អ្នក​ដឹក​នាំ​រឿង​ ​បាន​បង្កើត​សមិទ្ធិកម្ម​មាន​ទឹក​ដៃ ​ដែល​ជំរុញ​ឲ្យ​ពូក​គាត់​ត្រូវ​ជ្រើសរើស​យក​មក​បញ្ចាំង។ លោក​ក៏​បាន​បង្ហើប​ប្រាប់​ដែរ​​ថា​ ក្នុង​នោះ​​ភាពយន្ត​ខ្មែរ​​រឿង​ “​អន​អើយ​ ស្រី​អន”​ ក៏​ត្រូវ​បាន​យក​មក​បញ្ចាំង​ នៅ​ថ្ងៃ​ទី​៨ ​ខែ​មិថុនា​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​​២​រសៀល​ដែរ។

ក្នុង​ដំណាក់​កាល​ជ្រើសរើស​រឿង​ លោក​ក៏​កត់​សម្គាល់​ឃើញ​ថា​ មាន​ប្រទេស​ខ្លះ​ក៏​ពិបាក​ក្នុង​ការ​សម្រិត​សម្រាំង​យក​រឿង​កំប្លែង​នេះ​ដែរ។

ចង់​ដឹង​ថា​ រឿង​ទាំង​នោះ​កំប្លុកកំប្លែង​​ប៉ុណណា​ សូម​រង់​ចាំ​ទស្សនា​​ពី​ថ្ងៃ​ទី​៣១​ ឧសភា​ ដល់​ថ្ងៃ​ទី​៨​ មិថុនា​ ២០១៤​ នៅ​សាល​ចតុមុខ ​និង​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផាណា​ ចាប់​ពី​ម៉ោង​៩​ព្រឹក​ រហូត​ដល់​៨​កន្លះ​យប់​ ដោយ​​ឥត​គិត​ថ្លៃ៕

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម