ចុង​ភៅ ​ភោជ​នីយ​ដ្ឋាន​ ម្នាក់​ ជិះ​ម៉ូតូ​ ចេញ​ពី​ធ្វើ​ការ​ ត្រូវ​ចោរ ​ភ្ជង់​ប្លន់​ យក​ម៉ូតូ​ ទៅ​បាត់

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ជាចុងភៅ នៅក្នុងភោជនីយដ្ឋាន ល្បីឈ្មោះមួយ ត្រូវបានក្រុម ចោរភ្ជង់ប្លន់ យកម៉ូតូ MSX ពណ៌ស មួយគ្រឿង បានដោយសុវត្ថិភាព ខណៈពេល ជិះម៉ូតូចេញពីធ្វើការ ត្រលប់ទៅផ្ទះ កាលពីវេលា ម៉ោង១២ និង១៥នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១៥ មិថុនា ២០១៥ តាមបណ្តោយ ផ្លូវបេតុងឌួង ងៀប ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះ ខាងលើ ឈ្មោះ ណោ សុខឃឿន អាយុ៣២ឆ្នាំ មុខរបរជាចុងភៅ នៅក្នុងភោជនីយដ្ឋាន RED VINE ស្នាក់នៅផ្ទះជួល ក្រោយវត្ត អង្គរតាមិញ ស្ថិតក្នុង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ចំណែកម៉ូតូ ដែលត្រូវចោរប្លន់ យកទៅនោះ ម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CZ-3291។ ឯក្រុមជនសង្ស័យ មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង MSX ពណ៌ស មួយគ្រឿង និងម៉ូតូធុនធំ ពណ៌ខ្មៅ មិនស្គាល់ម៉ាក មួយគ្រឿងទៀត ប្រដាប់ដោយ កាំភ្លើងខ្លី១ដើម។

នៅចំពោះមុខសមត្ថកិច្ច និងក្រុមអ្នកកាសែត ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បាន ជិះម៉ូតូ MSX ពណ៌ស មួយគ្រឿង ចេញពីធ្វើការ នៅក្នុងភោជនីយដ្ឋាន RED VINE នៅម្តុំផ្សារមាន់អាំង ដោយធ្វើដំណើរ តាមផ្លូវ៣១៥ ក្នុងទិសដៅ កើតទៅលិច លុះធ្វើដំណើរ ដល់ផ្លូវ២០០៤ កែងនឹងផ្លូវឌួងងៀប ក៏មានជនសង្ស័យ ៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាក MSX ពណ៌ស មួយគ្រឿងដែរ និងម៉ូតូធុនធំ មិនស្គាល់ម៉ាក មួយគ្រឿងទៀត បានជិះដេញគាត់ ពីក្រោយ រហូតដល់ ផ្លូវបេតុង ចំហៀងខាងកើត វត្តអង្គតាមិញ ជនសង្ស័យទាំងនោះ បានស្រែកគំរាម ឱ្យគាត់ឈប់ម៉ូតូ តែដោយគាត់ មិនព្រមឈប់តាម ជនសង្ស័យម្នាក់ ក្នុងចំណោម បក្សពួក៤នាក់ ដែលជិះម៉ូតូ MSX បានដកកាំភ្លើង ខ្លី១ដើម ចេញពីចង្កេះ ភ្ជង់គំរាមគាត់ ធ្វើឱ្យគាត់ ភ័យស្លន់ស្លោ ក៏បានបើកម៉ូតូផ្តួល ចូលទៅក្នុង ឃ្លាំងស្តុកអីវ៉ាន់ មួយកន្លែង នៅក្បែរៗនោះ រួចក៏ស្រែក ឲ្យអ្នកនៅម្តុំនោះជួយ ពេលនោះជនសង្ស័យ ទាំងនោះ ក៏បានចុះពីលើម៉ូតូ យកកាំភ្លើង ដេញភ្ជង់ គំរាមបាញ់ សម្លាប់គាត់ បើគាត់នៅតែ ស្រែកទៀត ធ្វើឱ្យគាត់ ភ័យតក់ស្លុត កាន់តែខ្លាំង ក៏រត់ទៅពួន លាក់ខ្លួន បាត់ទៅ ។

ចំណែកជនសង្ស័យ ទាំងនោះ ក៏បានលើកម៉ូតូគាត់ ជិះរត់គេចខ្លួន បាត់ស្រមោល។ ក្រោយពេលកើតហេតុ ជនរងគ្រោះ បានទាក់ទង ទៅប្តឹងប៉ូលិស ប៉ុស្តិ៍ចោមចៅ ដើម្បីឱ្យជួយ អន្តរាគមន៍ តែពេលប៉ូលិស ចោមចៅ ចុះមកដល់ កន្លែងកើតហេតុ ក៏ពិនិត្យឃើញថា កើតហេតុ នៅទឹកដី ប៉ុស្តិ៍ទឹកថ្លា ខណ្ឌសែនសុខ ទើបប៉ូលិស ប៉ុស្តិ៍ចោមចៅ ប្រគល់ជនរងគ្រោះ ឱ្យទៅប៉ូលិសប៉ុស្តិ៍ ទឹកថ្លា យកទៅសាកសួរ ដើម្បីធ្វើការ ស្រាវជ្រាវ តាមចាប់ ក្រុមជនល្មើស ទាំងអស់នោះ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម