បុរសម្នាក់ ត្រូវគេបាញ់ ៤គ្រាប់ ស្លាប់ក្នុងថ្លុកឈាម យ៉ាងសង្វេគ នៅហាងគុយទាវ «ឆ្នាំងភ្លើងសឹងហ៊ឺភ្នំពេញ» (មានវីដេអូ)

 
 

- ជនរងគ្រោះ ឈ្មោះ ឡោ សុភាព ជាប្រធានរដ្ឋបាល រោងចក្រស៊ីនម៉ា

ភ្នំពេញ៖  ឃាតកម្មដ៏ព្រឺព្រួចកណ្តាលរាជធានីភ្នំពេញ បានកើតមានទៀតហើយនារាត្រីនេះ ដោយបុរសម្នាក់ ត្រូវ បានគេបាញ់ចំនួន ៤គ្រាប់ បណ្តាលឲ្យដេកដួលស្លាប់ភ្លាមៗមួយ រំពេចក្នុង ថ្លុកឈាម នៅក្នុងហាងគុយទាវ «ឆ្នាំង ភ្លើងសឹងហ៊ឺភ្នំពេញ» នៅជិតវិទ្យាល័យ បឹងកេងកង ក្នុងសង្កាត់បឹងកេង១ ខណ្ឌចំការមន។ សមត្ថកិច្ច បានបញ្ជាក់ថា ឃាតកម្មបាញ់ សម្លាប់នេះ សង្ស័យជារឿងគំនុំ មិនមែនជា អំពើប្លន់នោះឡើយ។

ឃាតកម្មបាញ់សម្លាប់បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨ និង២០នាទីយប់ថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា ឆ្នាំ២០១៥នេះ។ ជនរងគ្រោះ មានឈ្មោះ ឡោ សុភាព អាយុ ៣២ឆ្នាំ មានលំនៅឋានក្នុង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងមានមុខរបរជា ប្រធានរដ្ឋបាល រោងចក្រស៊ីនម៉ា នៅម្តុំផ្លូវវែងស្រេង។ ភរិយាជនរងគ្រោះ មានឈ្មោះ ឃ្លាំង ស្រីមុំ ជាបុគ្គលិក ក្រុមហ៊ុនឯកជន។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេមិនដឹងថា ជនរងគ្រោះ និងជនបង្កនាំគ្នាមក ពីទីណានោះទេ ស្រាប់តែជិះម៉ូតូដល់កន្លែងកើតហេតុ បានឈប់ ឈ្លោះប្រកែក និងប្រតាយ ប្រតប់គ្នា។ ពេលនោះ គេបានឭជន ជនរងគ្រោះ ស្រែកថា «លុយហ្នឹងអញគង់តែសងហ្អែងទេ»។

ក្រោយពីស្រែកដូច្នេះ ជនរងគ្រោះ ក៏បានរត់ចូលទៅក្នុងហាងគុយទាវ «ឆ្នាំងភ្លើងសឹងហ៊ឺ ភ្នំពេញ» ហើយក្រុមជន ល្មើស ក៏រត់ចូលតាម និងដកកាំភ្លើង K59 បាញ់ចំនួន ៤គ្រាប់ទៅ លើជនរងគ្រោះ ត្រូវចំក្បាល និងកន្លែងផ្សេងៗ ទៀត បណ្តាលឲ្យដេក ដួលស្លាប់ភ្លាម ៗមួយរំពេច។

ក្រោយបាញ់ប្រហារលើជនរងគ្រោះហើយ ជនសង្ស័យបានយកកាបូបលុយ និង ទូរស័ព្ទដៃរបស់ ជនរងគ្រោះ ឡើងជិះម៉ូតូ គេចខ្លួនបាត់ទៅ។ ម៉ូតូជនរងគ្រោះមិនត្រូវបានជនសង្ស័យយក ទៅនោះទេ។

បុរសរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែល ៣៥ឆ្នាំ ពាក់អាវស ខោខ្មៅ ជិះម៉ូតូម៉ាក អាយខុន ពណ៌ទឹកក្រូច លាយស ពាក់ស្លាកលេខ ភ្នំពេញ 1AC-7591 តែម្នាក់ឯង។ ចំណែកឯជនសង្ស័យជិះម៉ូតូម៉ាកហុងដាឌ្រីម មានគ្នា ២នាក់។

ក្រោយកើតហេតុភ្លាមៗ ទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសលវិច័យ។

ជំហ៊ានដំបូង នៃការពិនិត្យកន្លែងកើតហេតុ និងសាកសួរទៅលើសាក្សីឃើញហេតុការណ៍ សមត្ថកិច្ច បានធ្វើការ សន្និដ្ឋានការ បាញ់ប្រហារនេះ មិនមែនជាអំពើប្លន់នោះទេ តែអាច ជារឿងគំនុំ។

ការបាញ់ប្រហារ ដ៏គួរឲ្យរន្ធត់ និងព្រឺព្រួចបែបនេះ ធ្លាប់បានកើតឡើងម្តងផងដែរកាលពីចុងឆ្នាំ២០១៤ ទៅលើ ពាណិជ្ជករ ដ៏ល្បីមួយរូប នៅកម្ពុជា គឺលោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅក្បែរពហុ កីឡដ្ឋានជាតិ អូរឡាំពិក ក្នុងសង្កាត់ទួល ស្វាយព្រៃទី២ ខណ្ឌចំការមន នៅអំឡុងម៉ោងជាង ៧យប់ គ្រារូបលោកបើក រថយន្តមកទិញផ្លែឈើ។ រហូតដល់បច្ចុប្បន្នសំណុំ រឿងធ្វើឃាតបាញ់ ប្រហារនេះ នៅមិនទាន់ បិទបញ្ចប់ នៅឡើយនោះទេ៕











ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម