ស្នងការ ខេត្តកំពង់ចាម៖ រកឃើញ កេ្មងស្រី និងយុវតី ២នាក់ វិញហើយ មិនមែនជា ករណីចាប់បង្ខាំង ហើយ យកទៅលក់ នៅប្រទេសថៃឡើយ

 
 

កំពង់ចាម៖ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា  ក្រោយពីបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រវាងកម្លាំងនគរបាលជំនាញរបស់លោក សហការជាមួយកម្លាំងនគរបាលនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួង មហាផ្ទៃរួចមក ក្មេងស្រី និងយុវតី ២នាក់ ដែលបាត់ខ្លួននោះ ត្រូវរកឃើញវិញហើយ ពោលពួកនាងស្នាក់នៅរាជធានីភ្នំពេញជាធម្មតា មិនមែនជាករណីបង្ខាំងមនុស្សខុសច្បាប់ និងចាប់យកទៅលក់នៅប្រទេសថៃនោះឡើយ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្មេងស្រីទាំងពីរនាក់ ម្នាក់ឈ្មោះ ធឿន សុជាតិ អាយុ ១៥ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ព្រន ធារី អាយុ ១៨ឆ្នាំ បានទូរស័ព្ទប្រាប់ឪពុកម្តាយ របស់ខ្លួនថា មានគេចាប់ជម្រិតយក ទៅលក់ នៅប្រទេសថៃ ធ្វើឲ្យអាណាព្យាបាល ភ័យស្លន់ស្លោ រត់ទៅដាក់ពាក្យបណ្តឹង នៅកន្លែងសមត្ថកិច្ច របស់លោក ប៉ុន្តែធាតុពិតនោះ គឺពួកគេកុហក ដោយចង់ឲ្យឪពុកម្តាយផ្ញើលុយទៅឲ្យចាយ។ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់យ៉ាងដូច្នេះថា «គ្មានការចាប់ជម្រិត គ្មានការចាប់បង្ខាំង និងការជួញដូរ មនុស្សកើតឡើងនោះ ឡើយ ហើយបច្ចុប្បន្នពួកគេទាំងពីរនាក់ ស្នាក់នៅក្នុងរាជធានីភ្នំពេញជាធម្មតា ហើយក្រុមគ្រួសាររបស់ពួកគេ បានឡើងទៅយកពួកគេកាលពី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ »។

លោកស្នងការ បានសង្កត់ធ្ងន់ថា ការរកឃើញក្មេងស្រីទាំង២នាក់នេះ បានបង្ហាញអោយ ឃើញពីការអនុវត្ត ការងារជំនាញរបស់នគរបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ការលុបបំបាត់ ការជួញដូរមនុស្សជាអនីតិជន និងគុណធម៏ រវាងនគរបាលខេត្តកំពង់ចាម និងប្រជាពលរដ្ឋរបស់ខ្លួន ហើយបើបំបែកករណីនេះ មិនបានទេនោះមតិអន្តរជាតិ ច្បាស់ជាវាយតម្លៃ និងដាក់ចំណាត់ថ្នាក់ ប្រទេសយើងអាក្រក់លើការងារ ជួញដូរមនុស្សនេះ ជាក់ជាមិនខានឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋរស់នៅភូមិខ្ពបលើ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម បានដាក់ ពាក្យបណ្តឹងទៅសមត្ថកិច្ចថា កូនស្រី២នាក់របស់ខ្លួន ត្រូវជនមិនស្គាល់មុខចាប់ជម្រិត ប្រុងយកទៅលក់នៅប្រទេសថៃ រហូតធ្វើឲ្យស្នងការខេត្ត កំពង់ចាម ប្រកាសអំពាវនាវជាបន្ទាន់ ទៅសមត្ថកិច្ចនគរបាលតាមខេត្ត ជួយស្រាវជ្រាវសង្រ្គោះពួកគេមកវិញ។ ពាក់ព័ន្ធករណីបែបនេះ ស្នងការខេត្តកំពង់ចាម សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងឡាយ មិនត្រូវកុហកមកក្រុមគ្រួសារ ថាមានបទល្មើសកើតឡើងចំពោះខ្លួននោះ ឡើយ ជាពិសេសការប្រឌិតរឿងចាប់បង្ខាំង ចាប់ជម្រិត និងការជួញដូរមនុស្ស ដែលធ្វើឲ្យប៉ះពាល់ដល់កិតិ្តយស របស់សង្គមជាតិទាំងមូលតែម្តង៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម