ក្តីបារម្ភសម្រាប់ ពិភពលោក សាជាថ្មី បន្ទាប់ពី មានមនុស្ស ២នាក់ស្លាប់ ដោយសារ មេរោគដ៏ កាចសាហាវ ប្រភេទថ្មី

 
 

បរទេស៖ កាលពីពេលថ្មីៗនេះ ពិភពលោកទាំងមូល កំពុងតែកើត មានក្តីបារម្ភ សាជាថ្មីទៀតហើយ បន្ទាប់ពីមាន ការផ្ទុះករណី នៃជំងឺកាចសាហាវ មួយប្រភេទ ហើយវាក៏បាន សម្លាប់ជីវិតអស់ មនុស្ស២នាក់ នៅក្នុងប្រទេស កូរ៉េខាងត្បូង រួចមកហើយ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ជំងឺដ៏កាចសាហាវ ថ្មីនេះមានឈ្មោះថា MERS (Middle East respiratory syndrome) ហើយវាកំពុង តែធ្វើឲ្យមនុស្ស ជាច្រើនជុំវិញ ពិភពលោក មានការព្រួយបារម្ភ ជាទីបំផុត បន្ទាប់ពីវា បានសម្លាប់ស្ត្រី វ័យ៥៨ឆ្នាំ និងបុរសវ័យ ៧១ឆ្នាំម្នាក់ នេះបើផ្អែក ទៅលើការអះអាង ពីមន្ត្រីសុខាភិបាល របស់ប្រទេស កូរ៉េខាងត្បូង។

មកទល់នឹងពេលនេះ មានការប្រកាសថា យ៉ាងហោចណាស់ មានមនុស្ស ២៥នាក់ មកហើយដែល បានផ្ទុកមេរោគ ដ៏កាចសាហាវ មួយនេះ។ រីឯរដ្ឋាភិបាល របស់ប្រទេស កូរ៉េខាងត្បូង ក៏កំពុងតែ ចាត់វិធានការ ដើម្បីធ្វើការ ទប់ស្កាត់នៃ ការរីកសាយភាយ មេរោគដ៏ កាចសាហាវ មួយនេះផងដែរ។


មនុស្សជាច្រើន ពាក់ម៉ាស ដើម្បីការពារ កុំឲ្យឆ្លង មេរោគថ្មីមួយនេះ

អ្វីទៅជា មេរោគ MERS?

មេរោគ Mers ត្រូវបាន គេចាត់ចូលទៅ ក្នុងក្រុមមេរោគ Corona ដែលក្នុងនោះ ក៏មានមេរោគ ប្រភេទផ្សេងទៀត ដូចជា SARS និងមេរោគ ផ្តាសាយ។ Mers គឺជាប្រភេទ មេរោគដែល ឆ្លងតាមប្រព័ន្ធ ដកដង្ហើម ហើយនៅពេលដែល វាបានជ្រៀត ចូលក្នុងខ្លួន មនុស្សនោះ វានឹងចូលទៅបំផ្លាញ សួត ក៏ដូចជា បំពង់ដកដង្ហើម របស់មនុស្ស ផងដែរ។ ក្រៅពីនេះទៀត រោគសញ្ញារបស់ វាមានដូចជា គ្រុនក្តៅ ក្អកនិង ដកដង្ហើមបានខ្លីៗ រីឯរោគសញ្ញា ធ្ងន់ធ្ងរវិញ គឺមានដូចជា រាករូស ក្អួតចង្អោរ និងកើតមាន ជំងឺរលាកសួត ព្រមទាំងខ្សោយ តម្រងនោម ជាដើម។

ជំងឺប្រភេទនេះ បានកើតឡើង ជាលើកដំបូង នៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត កាលពីឆ្នាំ ២០១២ ហើយវាអាច ឆ្លងទៅកាន់ មនុស្សគ្រប់វ័យ មិនថាចាស់ ឬក្មេងនោះឡើយ។ បើតាមការ បញ្ជាក់ដំបូង បានឲ្យដឹងថា ដំបូងឡើយ ជំងឺនេះគឺកើតចេញ ពីមនុស្សដែល មានការទាក់ទង ជិតស្និទ្ធជាមួយ នឹងសត្វអូដ្ឋ ហើយក្រោយមក វាក៏បាន សាយភាយទៅកាន់ មនុស្សជាច្រើន ទៀតតាមរយៈការ ប៉ះពាល់ ឬក៏នៅក្បែរ អ្នកជំងឺ ដោយមិនមាន ការប្រុងប្រយ័ត្ន។

ទោះជាយ៉ាងណា មិនទាន់មាន របាយការណ៍ណា អាចបញ្ជាក់ថា មេរោគនេះ មានថ្នាំអាច ព្យាបាលនៅឡើយ ដូច្នេះយើង ត្រូវតែធ្វើការ ប្រុងប្រយ័ត្ន ចំពោះមេរោគ ដ៏កាចសាហាវ មួយនេះបើ ទោះជាមិនទាន់ មានការសាយភាយ ជាលក្ខណៈ ទ្រង់ទ្រាយធំ ក៏ដោយ៕


ពិភពលោកកំពុង ព្រួយបារម្ភ នូវការរីករាលដាល នៃមេរោគ Mers

ប្រភព៖ CNN | Independent

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម