ជនភៀសខ្លួន ៤នាក់ ពីកោះណារ៉ូ បានមកដល់កម្ពុជា និងនាំចេញ ពីព្រលានយន្តហោះ យ៉ាងលាក់លៀម

 
 

ភ្នំពេញ៖ ជនភៀសខ្លួន ៤នាក់ នៅលើកោះណារ៉ូ ប្រទេសអូស្រ្តាលី ដែលស្ម័គ្រចិត្ត មករស់នៅលើទឹកដី កម្ពុជា នោះ បានមកដល់ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ហើយនៅម៉ោង ១០និង១០នាទី ព្រឹកថ្ងៃទី០៤ ខែមិថុនា។ បន្ទាប់ពីមកដល់ រយៈពេលប្រមាណ ២៥នាទី ជនភៀសខ្លួនទាំង ៤នាក់ ត្រូវបានអង្គការ IOM និង សមត្ថកិច្ចកម្ពុជា បញ្ជូនចេញពី ព្រលានយន្តហោះហើយ តែគេមិនដឹងថា យកទៅ ទីណានោះទេ។

ដំណើរមកដល់ របស់ជនភៀសខ្លួន ទាំង៤នាក់ ត្រូវបានធ្វើឡើង យ៉ាងលាក់លៀមជាទីបំផុត អ្នកព័ត៌មានជាតិ និងអន្តរជាតិ មិនត្រូវបានគេ អនុញ្ញាតឲ្យយក ព័ត៌មាននោះឡើយ ហើយការផ្តិតយករូបភាព ក៏មិនបាននោះដែរ។ យោងតាមការចេញផ្សាយ របស់ព័ត៌មាន ABC របស់អូស្រ្តាលី កាលពីពេលកន្លងទៅ បានឲ្យដឹងថា ជនភៀសខ្លួន ៤នាក់ ដែលស្ម័គ្រចិត្តមក ប្រទេសកម្ពុជានោះ មានជនជាតិអ៊ីរ៉ង់ ៣នាក់ និងជនជាតិភាគតិច ភូមា រ៉ូហ៊ីងយ៉ា ម្នាក់។

រាជរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី បានចុះកិច្ចព្រមព្រៀង ជាមួយគ្នា កាលពីចុងឆ្នាំ ២០១៤ បញ្ជូនជនភៀសខ្លួន នៅកោះណារ៉ូ ជាង១០០០នាក់ មកកាន់កម្ពុជា ប៉ុន្តែការបញ្ជូននេះ ធ្វើឡើងឈរលើ គោលការណ៍ស្ម័គ្រចិត្ត មិនមានការ បង្ខិតបង្ខំនោះឡើយ។

មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ជាក់ថា ជនភៀសខ្លួនទាំង ៤នាក់នេះ នឹងត្រូវឲ្យរស់នៅ បណ្តោះអាសន្នក្នុង រាជធានីភ្នំពេញ ដើម្បីបង្ហាត់ បង្រៀនពួកគេឲ្យ យល់ពីវប្បធម៌ សិលធម៌ ព្រមទាំងភាសា មុននឹងត្រូវបញ្ជូន ទៅតាមគោលដៅ របស់ពួកគេ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម