កវីនិពន្ធទំនុកច្រៀង សុខ ចាន់ផល លាតត្រដាង ពីខ្សែជីវិតដ៏ជូរចត់ មុនទទួលបាន ភាពជោគជ័យ

 
 

ភ្នំពេញ៖ ជាការពិតណាស់ នៅពេលដែលអ្នក បានលឺភ្លាម នូវបទចម្រៀងពិរោះៗ មនុស្សភាគច្រើន បានសរសើរ និងបានគិតភ្លាម ទៅដល់អ្នកចម្រៀង ដែលបានបង្ហើរសំនៀង ក្នុងបទនោះ ដោយបានភ្លេចគិត ពីកវីនិពន្ធទំនុកច្រៀង ទាំងឡាយ ដែលខិតខំ ប្រើប្រាស់ទាំងកំលាំងកាយ និងខួរក្បាល ដើម្បីត្រិះរិះ រកចុងជួន ដើម្បីឲ្យបទមួយនោះ ស្តាប់ទៅពិរោះ និងមានអត្ថន័យ ដូច្នេះហើយថ្ងៃនេះ ខ្មែរឡូតនឹងនាំប្រិយមិត្ត ទាំងអស់ទៅជួប និងស្គាល់ពីកវីនិពន្ធមួយរូប ដ៏មានស្នាដៃប្រចាំ ផលិតកម្មហង្សមាស ដើម្បីបានស្តាប់ពីបទពិសោធន៍ ការងារ ក៏ដូចជារឿងរ៉ាវផ្សេងៗ ក្នុងជីវិតលោកផងដែរ ។ 


លោក សុខ ចាន់ផល 

ផ្តើមចេញពីជីវិតក្មេងមួយរូប ដែលកំព្រាឪពុក តាំងពីខ្លួនមិនទាន់ ចាប់កំណើត ផ្លូវជីវិតកវីនិពន្ធទំនុកច្រៀង លោក សុខ ចាន់ផល ហាក់មានភាពបត់បែន ច្រើនតំណាក់កាល និងប្រឈមមុខជាមួយរនាំងឧបសគ្គ រាប់មិនអស់ ផងដែរ។

ថ្លែងចេញពីទឹកមុខរីករាយ លោក សុខ ចាន់ផល បានផ្តល់នូវកិច្ចសម្ភាសន៍ ជូនក្រុមការងារខ្មែរឡូត យ៉ាងក្បោះក្បាយ និងស្និទ្ធិស្នាល។ លោកបានលាតត្រដាង នូវជីវប្រវត្តិ ការតស៊ូ និងបទពិសោធន៍ការងារ ទាំងអស់ដោយគ្មាន លាក់លៀមនោះឡើយ។


ប្រវត្តិ

កវីនិពន្ធទំនុកច្រៀង ម្ចាស់បទ "ឈាមពេជ្យ" បានប្រាប់ ឲ្យដឹងថា លោកមានស្រុកកំណើត នៅឯ ភូមិសំបួរមាស ឃុំពាមជីងកង ស្រុកកងមាស ខេត្តកំពង់ចាម ដែលលោក ជាកូនកំព្រាឪពុក តាំងពីមិនទាន់ ចាប់កំណើត ស្គាល់ពន្លឺព្រះអាទិត្យមកម្ល៉េះ ហើយលោក ក៏មិនមានប្អូនបង្កើត ដទៃទៀតនោះដែរ គឺមានតែអ្នកម្តាយ កំសត់មួយរូបប៉ុណ្ណោះ។ លោកក៏មិនដែល ហ៊ានសួររកឪពុក និងរឿងរ៉ាវផ្សេងៗ ដែលទាក់ទង ពីគាត់នោះទេ ប៉ុន្តែនៅពេលដែល លោកធំដឹងក្តី ចេះគិតពិចារណា បានច្បាស់លាស់ លោកក៏បានដឹងពី ប្រវត្តិខ្លួនឯង តាមអ្នកជិតខាងមកវិញ។ ដោយសារម្តាយលោក ជាស្រីមេម៉ាយខ្លួនមួយ គ្មានទីពឹងដូចនេះ ទើបបណ្តាលឲ្យពួកលោក បានផ្លាស់ប្តូរទីលំនៅ និងការសិក្សា ជាច្រើនកន្លែង ក្នុងនោះ មានដូចជា ខេត្តរតនៈគិរី ខេត្តកោះកុង និងខេត្តក្រចេះ។ ជីវិតដែលដើរតាម អ្នកម្តាយមេម៉ាយ ដ៏កំសត់ម្នាក់គឺ ពិតជា លំបាកខ្លាំងណាស់ ជួនពេលខ្លះអ្នកទាំងពីរ ផ្លាស់ប្តូរទីកន្លែង ស្នាក់អាស្រ័យពីទីមួយ ទៅទីមួយទៀត ដើម្បីបានរកស៊ី បានប្រាក់កាសខ្លះ ដោយភាគច្រើន គឺធ្វើដំណើរដល់ យប់ត្រង់ណា សម្រាន្តត្រង់ហ្នឹង។ ម្តាយរបស់លោក និងលោក ធ្លាប់ប្រកបរបរ កំបុិកកំបុក សឹងគ្រប់មុខអស់ហើយ ដូចជា ទូលនំលក់ លក់ការ៉េម លក់នំបញ្ចុក។ល។

ការសិក្សា ទេពកោសល្យ និង បទពិសោធន៍

លោក សុខ ច័ន្ទផល បានបញ្ចប់ការសិក្សា ថ្នាក់វិទ្យាល័យនៅឯ ខេត្តក្រចេះ ដែលកាលនោះ លោកបានជាប់ជា សិស្សពូកែមុខវិជ្ជា ភាសាខ្មែរ ទូទាំងខេត្ត ហើយក៏បាន ជួយលើកស្ទួយមុខមាត់ ក្រុមគ្រួសារលោក និងម្តាយលោកជាខ្លាំង រហូតក្លាយជាមនុស្ស មានកេរ្តិ៍ឈ្មោះល្បីមួយរូប ប្រចាំខេត្តនោះដែរ។ បន្ទាប់ពីលោក ជាប់ជាសិស្សពូកែ ទូទាំងខេត្តរួចមកមក លោកក៏មានក្តីប្រាថ្នា ចង់ប្រឡងជាប់ ជាសិស្សិពូកែមុខវិជ្ជានេះ ទូទាំងប្រទេសផងដែរ ប៉ុន្តែដោយសារគ្រានោះ មានបញ្ហារកាំរកូស កើតឡើងជាច្រើន កើតឡើងជុំវិញខ្លួន ទើបធ្វើឲ្យឱកាស នៃការប្រលងសិស្សពូកែ នោះក៏បាន បាត់បង់ទៅ។ 

អាយុ២០ឆ្នាំ កវី សុខ ចាន់ផល ក៏បានធ្វើដំណើរ ឡើងមកទីក្រុងភ្នំពេញ ដើម្បីបន្តការសិក្សា និងស្វែងរកពន្លឺអនាគត ដោយម្តាយរបស់លោក បានប្រមែលប្រមូល លក់នេះលក់នោះ ដើម្បីបានលុយឲ្យលោក បានឡើងមករៀន នៅសាកលវិទ្យាល័យ ដូចគេដូចឯង។ ដោយប្រាក់កាស មានការខ្វះខាត លោកបានស្វែងរកការងារ ដើម្បីបានប្រាក់កាសខ្លះ ជំនួយដល់ការរៀនសូត្រ។ ពេលនោះលោក ក៏ទទួលបានការងារ នៅតាមបណ្តា ក្រុមហ៊ុនឯកជន និងអង្គការមួយចំនួន ផងដែរប៉ុន្តែហាក់ដូចជា មិនមានភាពជាប់លាប់ បានយូរនោះទេ ព្រោះកាលនោះលោក អាយុនៅក្មេងខ្ចី និងទើបឡើងមកទីក្រុង ដ៏ស៊ីវិល័យ ថ្មីៗផងនោះ  ធ្វើឲ្យលោកមិនទាន់ ជាអាចបត់បែន តាមរបត់សង្គម បានភ្លាមៗ នោះទេ ដោយភាគច្រើន នៅក្នុងសង្គមថ្មីនេះ គឺនៅកន្លែងការងារច្រើន គឺពោរពេញដោយភាព អែបអប និងការយកមុខមាត់ ទើបធ្វើឲ្យលោក មានអារម្មណ៍ តានតឹងជាខ្លាំង ក៏សំរេចចិត្ត បោះបង់ចោល ជាច្រើនដងផងដែរ។

ក្នុងឆ្នាំ ២០០៨ លោក សុខ ចាន់ផល ទទួលបានបរិញ្ញាបត្រ នៅសាកលវិទ្យាល័យ ធនធានមនុស្ស ផ្នែកអក្សរសាស្រ្តអស់គ្លេស ជំនាញទំនាក់ទំនង។ ដោយចំណង់ចំណូលចិត្ត និងមានទេពកោសល្យ ក្នុងការតែងនិពន្ធ ហើយឱកាសល្អ ក៏បានមកដល់ផងនោះ លោកក៏បានចូលរៀន វគ្គតែងនិពន្ធ តាមសមាគមផ្សេងៗ ដូចជា សមាគមអក្សរសិល្បិ៍នូហាច សមាគមអ្នកនិពន្ធខ្មែរ ស៊ីប៉ា។ល។ ដោយស្នាដៃល្អ ក្នុងការតែងនិពន្ធរឿងខ្លី និងប្រលោមលោកផ្សេងៗ ក៏បានបណ្តាលឲ្យ លោកក្លាយជា លេខាផ្ទាល់របស់លោកគ្រូ ពេជ្រ ពណ្ណរាយ ដែលជាអ្នកនិពន្ធជើងចាស់ ដ៏មានស្នាដៃ និងជានិពន្ធនាយក នៅក្នុងទស្សនាវដ្ដីមួយ។

ពិសេសជាងនេះទៅទៀត ស្នាដៃនិពន្ធរឿងខ្លីៗរបស់ លោក សុខ ចាន់ផល ក៏ធ្លាប់បានជាប់ជ័យលាភី ក្នុងកម្មវិធី Sea Write Award (អ្នកនិពន្ធអាស៊ីអាគ្នេយ៍) តំណាងឲ្យកម្ពុជា និងបានទទួលរង្វាន់ ពីព្រះមហាក្សត្រថៃ នៅឯប្រទេសថៃផងដែរ ប៉ុន្តែហាក់ដូចជាមិនមាន សារព័ត៌មានក្នុងស្រុកណា បានចុះផ្សាយអំពីរឿងនេះ នោះទេ។

ការងារជាអ្នកនិពន្ធទំនុកច្រៀង

ចុងឆ្នាំ២០០៨ ក្រុមហ៊ុនហង្សមាស ក៏បានចាប់ផ្តើមបើកបុស្តិ៍វិទ្យុ ហើយក្រុមហ៊ុន ក៏បានអញ្ជើញលោក គ្រូ ពេជ្រ ពណ្ណរាយ ដើម្បីធ្វើជានិពន្ធនាយកនៅទីនោះ ហើយគាត់ក៏បាន ហៅលោក សុខ ចាន់ផល ទៅធ្វើជាជំនួយការគាត់ នៅទីនោះផងដែរ។ ដោយបានចូល បម្រើការងារនៅក្នុង ក្រុមហ៊ុនដ៏ធំមួយ និងជាក្រុមហ៊ុន ដែលខ្លួនពេញចិត្តផង គ្រាមួយនោះលោក ក៏បានជួប និងសុំឱកាស ពីថ្នាក់លើនៅទីនោះ ដើម្បីក្លាយជា អ្នកនិពន្ធទំនុកច្រៀងម្នាក់ដែរក្នុងក្រុមហ៊ុន ហើយថ្នាក់លើក៏បាន សុំស្នាដៃជាការនិពន្ធ ផ្សេងៗកន្លងមក របស់លោកមើល។ ក្រោយពីមើលរួច គាត់ក៏ពេញចិត្ត និងបានផ្តល់ឱកាស អោយលោក ទទួលយកការ បណ្តុះបណ្តាល បន្ថែមនៅទីនោះ ដើម្បីក្លាយជា អ្នកនិព្ធទំនុកច្រៀងមួយរូប។ 

ភាពជោគជ័យ

កន្លះឆ្នំាក្រោយមក បទចម្រៀងផ្ទាល់ខ្លួនដំបូង របស់កវី សុខ ច័ន្ទផល ក៏បានចេញលក់ នៅលើទីផ្សារ គឺមានបទ (ឈាមពេជ្រ) ដែលច្រៀង ដោយលោក ឆន សុវណ្ណរាជ និង បទ (មេឃបុផ្ផា) ច្រៀងដោយលោក ព្រាប សុវត្ថិ ហើយបទទាំងពីរ នេះក៏ត្រូវបានខាង ក្រុមហ៊ុនជ្រើសរើស ចំណងជើងដាក់លើគ្របស៊ីឌី ទាំងពីរបទផងដែរ។ លោកមានសេចក្តី រីករាយ និងរំភើបជាខ្លាំង នៅពេលដែលបានឃើញ ចំណងបទចម្រៀង ដំបូងរបស់ខ្លួន ស្ថិតនៅលើ គ្របស៊ីឌីទាំងពីរបទ ហើយជាពិសេស នៅពេលដែលលោកបានលឺ លំលេងអ្នកចម្រៀងល្បីៗ ច្រៀងបទដែលលោក សរសេរ។ បន្ទាប់ពីជោគជ័យដូចនេះ ថ្នាក់លើក៏បានដាក់ការងារ ឲ្យលោកធ្វើជាបន្តបន្ទាប់ ហូរហែរផងដែរ ដែលរហូតមកដល់ បច្ចុប្បន្ននេះ ខ្ទង់រាប់រយបទ ទៅហើយ។ បទចម្រៀង ដែលធ្វើឲ្យកវីមួយរូបនេះ ទទួលបានកេរ្តិ៍ឈ្មោះ ក្នុងវិស័យសិល្បៈ គឺបទ (កុំភ្លេចខលមកបង ពេលគេបោះបង់អូន) ដែលច្រៀងដោយ លោក ព្រាប សុវត្ថិ ហើយបទនេះ គឺមានភាពល្បីល្បាញ ខ្លាំងណាស់។

លោកក៏បាន បញ្ជាក់ផងដែរថា បទដែលលោកសរសេរ ទំនុកច្រៀងទាំងអស់នោះ គឺអត្ថន័យ និងពាក្យពេជន៍ មិនមានការបកប្រែ ពីបរទេសណានោះទេ គឺវាកើតចេញពីគំនិត អារម្មណ៍ និងខួរក្បាល របស់លោកដោយផ្ទាល់។ លោកក៏បានទទួល ស្គាល់ផងដែរថា ដោយសារតម្រូវការទីផ្សារ និងធនធានមានកំរិត ខាងផលិតកម្ម ក៏បានសម្រួលភ្លេងខ្លះ ពីបរទេសដើម្បី ទប់ទល់នឹងទីផ្សារ ហើយខាងផលិតកម្ម ពិតជាមានឆន្ទៈ ព្រមទាំងព្យាយាម ខ្លាំងណាស់ ដើម្បីអភិវឌ្ឍន៍ និងបង្កើតបទភ្លេងថ្មី ជាច្រើនបន្តបន្ទាប់ផងដែរ ប៉ុន្តែអ្វីៗគឺត្រូវការ ពេលវេលាច្រើន។

ឆ្លើយតបនិង មតិរិះគន់នានា ចំពោះបញ្ហានេះ លោក សុខ ច័ន្ទផល ក៏បានសំណូមពរ ដល់ប្រិយមិត្តទាំងអស់ មេត្តាបើកចិត្តឲ្យទូលាយ ព្រមទទួលយកហេតុផល និងថ្លឹងថ្លែងអ្វីគ្រប់យ៉ាង ជាមុនសិន មុននឹងធ្វើការរិះគន់ រឺប្រៀបធៀបទៅនឹង ប្រទេសដ៏ទៃទៀតនោះ ព្រោះថា ប្រទេសយើងមាន ទីផ្សារតូចចង្អៀត សេដ្ឋកិច្ចអន់ខ្សោយជាងគេ ចំណែកធនធាន ក៏មានកំរិតថែមទៀត។ ជាការពិតណាស់ ការរិះគន់ក៏បានជំរុញ ឲ្យមានការកែប្រែ យ៉ាងច្រើនផងដែរ តែការរិះគន់ខ្លះ បែរជាធ្វើឲ្យមនុស្ស បាក់ទឹកចិត្តទៅវិញ។ លោកក៏បាន សំណូមពរបន្ថែម ឲ្យកូនខ្មែរទាំងអស់ ចេះស្រឡាញ់គ្នា ជួយគាំទ្រគ្នា ព្រោះគ្មានបរទេសណា ដែលមានទឹកគាំទ្រ ស្រឡាញ់ដល់យើង ជៀសជាងខ្លួនយើង នោះទេ!។ 

ជាចុងក្រោយ លោក សុខ ចាន់ផល ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារខ្មែរឡូត ដែលបានចុះធ្វើកិច្ចសម្ភាន៍ អំពីជីវិតរបស់លោក ហើយជាពិសេសលោក សូមថ្លែងអំណរគុណ ដល់ប្រិយមិត្តអ្នកគាំទ្រ ទាំងអស់ដែលតែងតែ គាំទ្រស្នាដៃកន្លងមក មានដូចបទចម្រៀង រឿងប្រលោមលោក ក៏ដូចជារឿងខ្លីៗ ផងដែរ។ លោក សង្ឃឹមថាប្រិយមិត្តនឹង នៅតែផ្តល់ការគាំទ្រ និងសូមជូនពរ ដល់ពួកគាត់ ឲ្យជួបប្រទះតែសេចក្តី សុខគ្រប់បែបយ៉ាង៕ 

សូមទស្សនាវីដេអូ កិច្ចសម្ភាសន៍រវាងលោក សុខ ចាន់ផល និងក្រុមការងារខ្មែរឡូត ខាងក្រោមនេះ៖

ដោយ លូនហាន និង កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម