ឆក់ខ្សែកពី ជនរងគ្រោះ កំពុងអង្គុយមុខ ផ្ទះត្រូវ ជាប់ខ្នោះម្នាក់

 
 

ភ្នំពេញ៖ ស្ដ្រីម្នាក់ ពេលកំពុងអង្គុយ មុខផ្ទះ ស្រាប់តែលេចមុខ ជនសង្ស័យ ពីរនាក់ជិះ ម៉ូតូមកក្បែរ ហើយធ្វើសកម្មភាព ឆក់យក ខ្សែកបា្លទីន មួយខ្សែ ទម្ងន់៨ជី រួចបើកគេចខ្លួន ប៉ុន្ដែត្រូវបានកម្លាំង នគរបាល ល្បាតរបស់ ខណ្ឌចំការមនដេញ តាមបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យម្នាក់ រីឯម្នាក់ទៀត បានរត់គេច ខ្លួនបាត់ដោយសុវត្ថិភាព ។

ករណីឆក់ខ្សែកបានសម្រេច ប៉ុន្ដែត្រូវ ជាប់ខ្នោះម្នាក់ បានធ្វើឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅលើផ្លូវលេខ ១០៥កែង ផ្លូវលេខ៣៩០ ក្រុម៤៣ ភូមិ៥ សង្កាត់បឹង កេងកងទី៣ ខណ្ឌចំការមន ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌខណ្ឌចំការមន បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុនោះ ខណៈស្ដ្រីរងគ្រោះ អៀម ជឺ អាយុ៥៤ឆ្នាំ មុខរបរ បោកខោអាវ ស្នាក់នៅផ្ទះលេខ ១៤១ លើកំណាត់ផ្លូវលេខ ១០៥ កំពុងអង្គុយមុខផ្ទះ ពេលនោះលេចមុខ ជនសង្ស័យពីរនាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាកស៊ុយស៊ូគីលេត ពណ៌ស គ្មានលេខ ជិះមកអែប ហើយជនសង្ស័យ អង្គុយពីក្រោយ បានឆក់យកខ្សែក ពីស្ដ្រីរងគ្រោះ ។

មន្ដ្រីនគរបាលបានបញ្ជាក់ថា ពេលនោះ ស្ដ្រីរងគ្រោះបានស្រែក ឆោឡោ ធ្វើឱ្យមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំង ខណៈដែលកម្លាំង សមត្ថកិច្ចកំពុង ចុះល្បាតនៅក្បែរនោះ ក៏ចេញជួយ អន្ដរាគមន៍ភ្លាមៗ ហើយឃាត់បាន ជនសង្ស័យម្នាក់ឈ្មោះ មិន ចាន់ធី អាយុ២៥ឆ្នាំ មុខរបរអ្នក បកប្រែភាសាចិន ស្នាក់នៅ ផ្ទះជួលគ្មានលេខ ផ្លូវលេខ១៦៣ សង្កាត់ទួល ស្វាយព្រៃទី១ ខណ្ឌចំការមន ខណៈដែលជន សង្ស័យ ម្នាក់ទៀត ជាអ្នកធ្វើសកម្មភាព ឆក់នោះ បានរត់គេចខ្លួន ដោយនាំយកខ្សែកជន រងគ្រោះទៅ ជាមួយផងដែរ ។

សម្រាប់វត្ថុតាង ម៉ូតូរបស់ជនសង្ស័យត្រូវ បានសមត្ថកិច្ច ដកហូតបាន ហើយបច្ចុប្បន្ន នេះជនសង្ស័យ ត្រូវបានយកទៅ សួរនិងឃុំខ្លួន ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីស្វែងរកចាប់បក្ខ ពួកដែល កំពុងរត់គេចខ្លួន និងកសាងសំណុំ រឿងបញ្ជូនទៅកាន់ តុលាការផ្ដន្ទាទោស តាមផ្លូវច្បាប់ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម