ក្រោយ​ការ​ ផ្សាយ​ថា «​ត្រឹមតែ​300​ដុល្លារ ​អាច​នាំ​តារា​ ឡើង​សណ្ឋាគារ​» កញ្ញាឌួ​ង ហ្សូ​រី​ដា ការពារ​តម្លៃ​ អ្នកសិល្បៈ​ថា​ មិនមែន​ ទាំងអស់​ទេ

 
 

រាជធានីភ្នំពេញ ៖ តារាសម្តែង និងពិធីការិនីឌួង ហ្សូរីដា បានអំពាវនាវដល់ទស្សនិកជន កុំឱ្យវាយតម្លៃអ្នកសិល្បៈទាំងអស់ថា សុទ្ធតែមិនល្អ និងមានជីវភាពថ្កុំថ្កើង ដោយសារមាន អ្នកចិញ្ចឹម ឬលក់ខ្លួន ។

ទោះជាយ៉ាងណាក៏ដោយ កញ្ញាឌួង ហ្សូរីដា មិនបានបដិសេធទេថា អ្នកសិល្បៈសុទ្ធតែ ត្រឹមត្រូវទាំងអស់ ប៉ុន្តែមានមួយចំនួនតូច ដែលធ្វើខ្លួនមិនត្រឹមត្រូវ ធ្វើឱ្យគេវាយតម្លៃ «ត្រីមួយស្អុយ គឺស្អុយមួយកន្ត្រក» ។

ការអំពាវនាវរបស់កញ្ញាឌួង ហ្សូរីដា បានធ្វើឡើងបន្ទាប់ពីមាន ការចុះផ្សាយរបស់គេហទំព័រព័ត៌មាន នៅក្នុងស្រុកមួយថា «ត្រឹមតែ៣០០ ដុល្លារ ក៏អាចនាំតារាឡើង សណ្ឋាគារបានដែរ» ។

បើយោង តាមការផ្សាយនោះថា ប្រភពសុំមិនបញ្ចេញឈ្មោះដែលបម្រើការ ក្នុងពិភពសិល្បៈដ៏គួរឱ្យទុកចិត្ត មួយបញ្ជាក់ថា តារាល្បីឈ្មោះលក់ខ្លួនត្រឹមតែ៣០០ដុល្លារ ដែលធ្វើឱ្យគេនឹកស្មានមិនដល់ ។ ថ្លៃខ្លួន៣០០ដុល្លារសម្រាប់ ការដេកជាមួយតារា មិនមែនម៉ែយ៉ែមចេះតែកំណត់តម្លៃទៅកាន់ភ្ញៀវទេ គឺភាគច្រើនតារាខ្លួនឯងផ្ទាល់ ដែលដាក់ទៅឱ្យម៉ែយ៉ែម ដើម្បីជួយរកទីផ្សារ ។ ទោះជាបែបនេះក្តី ប្រភពដ៏គួរឱ្យទុកចិត្តនោះមិនដឹងពី មូលហេតុនៃការដោះដូរ ថ្លៃខ្លួនតារាទាបដូច្នេះឡើយ ។

ការចុះផ្សាយនោះក៏បាន សម្ភាសជាមួយតារាជើងចាស់ លោកទេព រិនដារ៉ូផងដែរ ដោយលោកអះអាងថា បញ្ហានេះរូបលោកផ្ទាល់ ធ្លាប់ឮគេនិយាយ តៗគ្នា ។ លោកដារ៉ូបញ្ជាក់ថា «តារាមិនសូវល្បី គឺមានតម្លៃពី២០០ទៅ៣០០ដុល្លារ ហើយប្រសិនបើតារាណាល្បី គឺមានតម្លៃចន្លោះពី៣០០ទៅ ៣០០០ដុល្លារ សហរដ្ឋអាមេរិក ។ ប្រសិនបើមានការចរចាត្រូវរ៉ូវគ្នា តារា ល្បីៗ គឺគេអាចណាត់ជួប ជាមួយ ភ្ញៀវទៅគេងនៅឯក្រៅប្រទេស ក្រោមលេសចូលរួមកម្មវិធី ផ្សេងៗជាដើម» ។

ចំណែកឯ តារាសម្តែងតាំងពីទសវត្ស៦០ អ្នកស្រីឌី សាវ៉េតមិនបានដឹង ពីតម្លៃលក់ខ្លួនរបស់ តារាៗត្រឹមតែទឹកប្រាក់ ៣០០ដុល្លារនោះទេ ប៉ុន្តែអ្នកស្រីឆ្ងល់ថា ហេតុអ្វីតារា ថ្មីៗមួយចំនួនចូលពិភពសិល្បៈ មិនទាន់បានល្បីឈ្មោះផងនោះ មានឡានជិះ  វីឡាស្នាក់នៅ និងគ្រឿងសម្ភារប្រើប្រាស់ទំនើបៗ ។

អ្នកស្រីឌី សាវ៉ែត អះអាងថា ប្រសិនបើការជួញដូរថ្លៃ ខ្លួនតារាបានកំណត់ ច្បាស់ៗ ហើយរីកសុស សាយ កាន់តែខ្លាំងនោះនឹងអាចធ្វើឱ្យប៉ះពាល់ដល់វិស័យសិល្បៈ ទាំងមូលនាពេលខាងមុខ ព្រោះ ក្មេងៗ ជំនាន់ក្រោយនឹង មិនហ៊ានប្រឡូកសិល្បៈទេដោយ រអានឹងរឿងអាស្រូវនោះ ។

ឆ្លើយតបបញ្ហានោះ ពិធីការិនី និងជាតារាសម្តែងនាង ឌួង ហ្សូរីដា បានបង្ហោះសារតាមទំព័រ ហ្វេសប៊ុកកាលពីពេល ថ្មីៗនេះថា «ខ្ញុំធ្លាប់បានប្តឹងទៅក្រសួងមហាផ្ទៃ ម្តងរួចមកហើយ អារឿងពួកម៉ែយ៉ែម យករូបថតតារា ល្បីៗ រួមទាំងមានរូបខ្ញុំដែរ ទៅដាក់អាល់ប៉ុមលក់ដូចត្រី-សាច់តាមសណ្ឋាគារ កាស៊ីណូ និងក្លឹបកម្សាន្ត ធំៗ តែពេលភ្ញៀវត្រូវការ បង្វែងដានថា តារា ល្បីៗរវល់ យកតារានេះតារានោះ ជំនួសវិញទៅ។

ខ្ញុំទទួលស្គាល់ថា តារាមិនមែនសុទ្ធតែល្អ ត្រឹមត្រូវទាំងអស់ទេ តែក៏មិនត្រូវវាយតម្លៃត្រីស្អុយ មួយស្អុយមួយកន្ត្រកឱ្យសោះ ។ បើចេះអីុចឹងមិនមែនតារា ល្បីៗដែលគេត្រឹមត្រូវប្រឹងប្រែង ធ្វើការគ្មានថ្ងៃសំរាកផង រកតែឡាន ទំនើបៗ ផ្ទះវីឡាស្កឹមស្កៃ នៅមិនបានផង ។ មិនបានសើចយំអ្នកណាទេ តែក៏កុំឱ្យសំញែងពេក ។

ខ្ញុំសង្ឃឹមថាតារា ថ្មីៗនឹងមិនធ្វើអ្វីហួសហេតុ ឱ្យស្អុយកេរ្តិ៍ឈ្មោះដល់ តារាស្រករមុនទេ ព្រោះពូជសិល្បៈខ្មែរតែមួយ បើគេដៀល គឺរាលដាលទាំងអស់គ្នាឈឺចាប់បំផុត ពេលគេដៀលថា អ្នកសិល្បៈថោក» ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម