ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់ ត្រូវ​ទឹក​សម្ល​ កំពុង​ពុះ កំពប់​ស្រោចលើ​ខ្លួន​ ដូច ស្រុស ទាំង​រស់​ ឪពុក​ម្តាយ​ ដង្ហោយសុំ​ជំនួយ

 
 

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុស អាយុទើបតែ២ឆ្នាំម្នាក់ ត្រូវទឹកសម្ល កំពប់ស្រោចលើខ្លួន បណ្តាលឱ្យរលាកធ្ងន់ធ្ងរ ខណៈក្មេងប្រុស រងគ្រោះ យកដង្កៀប សម្រាប់ចាប់ធ្យូង ទៅថ្ពក់ទាញ មាត់ឆ្នាំងសម្ល កំពុងពុះ នៅលើចង្ក្រាន មានកំពស់ប្រមាណ ជា១ម៉ែត្រ បណ្តាលឱ្យ កំពប់ចាក់ស្រោច មកលើខ្លួន ។

ហេតុការណ៏នេះ បានកើតឡើង កាលពីវេលាម៉ោង១ ០និង៤៥នាទី ថ្ងៃត្រង់ ថ្ងៃទី២៦ ឧសភា ២០១៥ នៅលំនៅឋាន កុមារារងគ្រោះ ស្ថិតក្នុង ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

បើតាមសំដី ស្ត្រីជាម្តាយ ក្មេងប្រុសរងគ្រោះ ឈ្មោះ អ៊ុន គឹមសៀន អាយុ៣៥ឆ្នាំ បានឱ្យដឹងថា កូនប្រុសរបស់គាត់ មានឈ្មោះ សឿន សុធារ៉ា ជាកូនពៅ ក្នុងចំណោម កូន៤នាក់ ។ នៅមុនពេលកើតហេតុ រូបគាត់បាន ដាំបាយឆ្អិន ហើយបានលើកឆ្នាំងបាយ ចេញពីចង្ក្រាន និងបានដាក់ដាំទឹកសម្ល នៅលើចង្ក្រានមុខផ្ទះ ដែលមានកំពស់ ប្រមាណ១ម៉ែត្រ ពីដី ។

ពេលដាំទឹកពុះ គាត់ជ្រុំប្រហុក បង់បន្លែជាបណ្តើរៗ ហើយឆ្លៀតលើកឆ្នាំងបាយឆ្អិន យកចូលក្នុងផ្ទះ ពេលនោះកូនប្រុសគាត់ មិនដឹងដើរ មកពីណាទេ ស្រាប់តែស្រវ៉ាបាន ដែកដង្កៀបចាប់ភ្លើង ទៅថ្ពក់ជាប់មាត់ឆ្នាំង ហើយទាញមក បណ្តាលឱ្យកំពប់ ទឹកសម្លកំពុងពុះ ចាក់ស្រោចខ្លួន តែម្តង ធ្វើឱ្យរលាកពេញខ្លួន និងស្រែកយំឡើង ទើបគាត់ស្ទុះ ពីក្នុងផ្ទះមក ឃើញដូចនោះ បានព្យាយាម យកទឹកត្រជាក់ មកស្រោចលើខ្លួន របកស្បែកចេញ ដូចស្រុសមនុស្សទាំងរស់ គាត់តក់ស្លុតខ្លាំងពេក ស្រែកហៅឱ្យគេជួយ និងបានយកកូនគាត់ ទៅពេទ្យឯកជន ជាបន្ទាន់។

ពេលទៅដល់ ពេទ្យបានឱ្យគាត់ ទិញថ្នាំសម្រាប់បាញ់ ឱ្យត្រជាក់មួយដប ថ្លៃ១០ដុល្លារ មកបាញ់លើខ្លួន រួចបានយកកូន មកផ្ទះវិញ ព្រោះតែគាត់ក្រីក្រ គ្មានប្រាក់បង់ឱ្យពេទ្យ។ ស្ត្រីរូបនោះ បានបញ្ជាក់ថា ប្តីគាត់ឈ្មោះ សឿន សុង អាយុ៣៥ឆ្នាំ ធ្វើជាងសំណង់ គាត់នៅផ្ទះ មើលថែកូន៤នាក់ គ្រួសារគាត់ ក្រីក្រណាស់ ហេតុនេះហើយ ទើបគាត់យកកូន មកមើលថែ នៅផ្ទះវិញ គ្មានប្រាក់សម្រាប់ ព្យាបាលកូនឡើយ។

គាត់បានសុំអំពាវនាវ តាមរយៈអ្នកសារព័ត៌មាន ដល់សប្បុរសជន នានា ពិសេសអាជ្ញាធរ និងសាខា កាកបាទក្រហម សូមជួយដល់ គ្រួសារគាត់ ដែលកំពុងខ្វះខាត នេះផង ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម