តួឯកស្រី​ក្នុង​រឿង “ពុទ្ធិសែន​នាង​កង្រី” សរសើរ​ពី​ការ​សម្ដែង​របស់​តារា​ជំនាន់​ក្រោយ

 
 

អ្នក​ស្រី​ វីរៈ តារា អតីត​តារា​ភាពយន្ត​មួយ​ដួង​ ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​ក្នុង​អំឡុង​ទសវត្ស ៦០-៧០ ដែល​ទស្សនិកជន​​នៅ​ចង​ចាំ​មិន​ភ្លេច​តាម​រយៈ​ការ​សម្ដែង​​រឿង​ដ៏​ស័ក្ដិសម​ឥត​ខ្ចោះ​ រឿង​”ពុទ្ធិសែន​នាង​កង្រី” “សព្វសិទ្ធិ” និង “អន​អើយ​ស្រី​អន”នោះ គឺ​អ្នក​ស្រី​ បាន​កោត​សរសើរ​ពី​ទេព​កោសល្យ​​សម្ដែង​របស់​តារា​ខ្មែរ​ជាន់​ក្រោយ​​ទាំង​ទំនុក​ចិត្ត​សម្ដែង និង បច្ចេកទេស​ថត​ផងដែរ។

អ្នក​ស្រី វីរៈ តារា​ បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ Khmer TV ដែល​បទ​សម្ភាសន៍​នេះ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ នាងពេល​ថ្មីៗនេះ បាន​ឲ្យ​ដឹង​ថា ត្បិតតែ​មាន​ទស្សនិកជន​បាន​កោត​សរសើរ​ពី​ការ​សម្ដែង​របស់​អ្នក​ស្រី ប៉ុន្តែ អ្នក​​ស្រី​បាន​បង្ហើប​ប្រាប់​ថា អ្នក​ស្រី​កាល​ពី​នៅ​សម្ដែង​ គឺ​ខ្វះ​ទំនុក​ចិត្ត​ ដោយ​សារ​មិន​ធ្លាប់​ចូល​សាលា​សម្ដែង ដូច្នេះ​ហើយ​ការ​សម្ដែង​ដំបូង​អៀន​ច្រើន ហើយ​បច្ចេកទេស​ថត​កាល​ពី​ជំនាន់​នោះ​នៅ​មិនទាន់​​ជឿន​លឿន​នៅឡើយ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ តារា​ខ្មែរ​ឥឡូវ​គេ​មាន​ទំនុក​ចិត្ត​គេ​សម្ដែង​បាន​ល្អ មិន​មាន​ការ​អៀន​នោះទេ​ និង ឧបករណ៍​ថត​ ឬ បច្ចេកទេស​ផ្សេង​គេ​ជឿន​លឿន។

អ្នក​ស្រី វីរៈ តារា ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​​ពិធីការិនី​ទូរទស្សន៍ Khmer TV

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ​អ្នក​ស្រី វីរៈ តារា បាន​សម្ដែង​ការ​សោកស្ដាយ​នៅ​ពេល​រោង​កុន​មួយ​ចំនួន​ស្ងាត់​ជ្រងំ ដែល​ផ្ទុយ​អំពី​ជំនាន់​អ្នក​ស្រី ដែល​ភាព​យន្ត​ដាក់​បញ្ចាំង​គឺ​មាន​មនុស្ស​ច្រើន​កុះករ​ចូល​ទស្សនា។ “ខ្ញុំ​ស្រណោះ​អតីតកាល​ណាស់ កាល​ណោះ​រោង​កុន​មួយ​ៗ គឺ​មាន​មនុស្ស​ច្រើន​ណាស់ កុន​បញ្ចាំង​គឺ​មាន​មនុស្ស​រោម​ទៅ​ទស្សនា​”។

អ្នក​ស្រី ​វីរៈ តារា ក៏​បាន​រំលឹក​ពី​ការ​ប្រឡូក​ចូល​សិល្បៈ​លើក​ដំបូង​ដែរ​ថា ដើម​ឡើយ​អ្នក​ស្រី​គឺ​ចូលចិត្ត​សិល្បៈ​តាំង​ពី​នៅ​សិក្សា​ ប៉ុន្តែ គ្រួសារ​មិន​អនុញ្ញាត​ឲ្យ​ចូល​សិល្បៈ​នោះទេ។ លុះ​បាន​ស្គាល់​ លោក​ លី ប៊ុន​យីម ហើយ​គាត់​បាន​ចូល​ស្ដី​ដណ្ដឹង​ការ​ត្រឹម​ត្រូវ​ ក៏​អាច​មាន​ឱកាស​ក្លាយ​ជា​តារា​ភាព​យន្ដ។

​អ្នក​ស្រី វីរៈ តារា បាន​បញ្ជាក់​ថា កាល​ពី​អំឡុង​ទសវត្ស​ ៦០-៧០​នោះ អ្នក​ស្រី​បាន​ថត​រឿង​ចំនួន ជាង​១០​រឿង​មក​ហើយ​ ប៉ុន្ដែ បី​រឿង​មិន​បាន​បញ្ចាំង​​ គឺ​រឿង “សេះសមុទ្រ” “ភ្នំពកូន” និង “ឯណា​ប្រពន្ធខ្ញុំ”។ មិន​បាន​បញ្ចាំង​ដោយ​សារ​របប​លន ណុល​ ដួល​រលំ​ ជំនួស​ដោយ​របប​ខ្មែរ​ក្រហម។

ក្នុង​ចំណោម​ ១០ រឿង ដែល​អ្នក​ស្រី វិរៈ​ តារា បាន​សម្ដែង គឺ​ បីរឿង​ ដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ពី​ទស្សនិកជន​ គឺ​រឿង​ “ពុទ្ធិ​សែន​នាង​កង្រី” “សព្វសិទ្ធិ” និង “អន​អើយ​ស្រី​អន”។

អ្នក​ស្រី​ វីរៈ តារា មាន​ឈ្មោះ​ដើម​ថា គឹម ហៀក កើត​នៅ​ឆ្នាំ ១៩៤៧ នៅ​ឯ​ទី​រួម​ខេត្ត​កំពត។ អ្នក​ស្រី​វិរៈ តារា បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​លោក​ លី ប៊ុនយីម នៅ​ឆ្នាំ ១៩៦៤ ហើយ​មាន​បុត្រ​ចំនួន​ ៥ នាក់ សុទ្ធ​តែ​ប្រុស​។

អ្នក​ស្រី វីរៈ តារា សម្ដែង​ជា​តួ​នាង​កង្រី

យោង​តាម​ វីគីភីឌា បាន​បញ្ជាក់​ថា នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ អ្នក​ស្រី និង ស្វាមី ត្រូវ​បាន​ជម្លៀស​ទៅ​រស់​នៅ​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត បាន​រយៈពេល​៥ខែ ក៏លួច​រត់​ចេញ​ទៅ​ខេត្ត​​ហាទៀង ប្រទេស​វៀតណាម ហើយ​ឆ្លង​ចូល​ទៅ​ប្រទេស​ឡាវ រហូត​បាន​ចេញ​ទៅ​រស់​នៅ​ប្រទេស​បារាំង​​នៅ​ឆ្នាំ ១៩៧៦។ អ្នក​ស្រី បាន​លែង​លះ​ជាមួយ​ស្វាមី​ នៅ​ឆ្នាំ ១៩៨៦។ សព្វថ្ងៃ​អ្នក​ស្រី​កំពុង​​រស់​នៅ​ប្រទេស​បារាំង៕​​

រឿង​ “ពុទ្ធិសែន​នាង​កង្រី”



ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ចំពោះ​ការ​សម្ដែង​របស់​អ្នក​ស្រី វីរៈ តារា?

ប្រភព Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម