Sullivan Eav មាន​ស្នាម​សាក់ អង្គរ​វត្ត និង ពាក្យ​យុវជន​ខ្មែរ លើ​ខ្នង

 
 

តារា​សម្ដែង​កូន​ខ្មែរ​កាត់​អ៊ីតាលី លោក Sullivan Eav  បាន​បង្ហាញ​ស្នាម​សាក់​នៅ​លើ​ខ្នង​មួយ​គូរឲ្យ​ចាប់​អារម្មណ៍ ដោយ​លោក​​បាន​សាក់​រូប​អង្គរ​វត្ត និង ពាក្យយុវជន​ខ្មែរ ព្រម​ទាំង​មាន​ពាក្យ​ជាជាភាសា​បាលី ​មួយ​ចំនួន​ទៀត។


ស្នាម​សាក់​នេះ​ត្រូវ​បាន​តារា​សម្ដែង​​កូន​កាត់​រូប​នេះ​បង្ហោះ​លើ Facebook របស់ខ្លួន កាល​ពី​ពេល​ថ្មី​នេះ ដោយ​​ថែម​ទាំង​មាន​​ស្នាម​កោសខ្យល់​ថែម​ទៀត​ផង។ ក្នុង​ជំនួប​ជា​មួយ Sabay តាម​ទូរស័ព្ទ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក Sullivan Eav បាន​ឲ្យ​ដឹង​ថា លោក​បាន​សាក់ ​រូប​អង្គរ​វត្ត​លើ​ខ្នង និង​មាន​សរសេរ​ពាក្យ យុវជន​ខ្មែរ​លើ កញ្ចឹងក  ព្រម​ទាំង​មាន​អក្សរ​​បាលី​សំស្ក្រឹត​មួយ​ចំនួន​​អម​រូប​​​ប្រសាទ អង្គរវត្ត គឺ​លោក​សាក់​ជាង​១០ ឆ្នាំ​មក​ហើយ។ លោក​បាន​ប្រាប់​ថា លោក​បាន​សាក់​រូប​នេះ​នៅ​ហាង​មួយ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ជាង​ឆ្លាក់ ជា​ខ្មែរ​កម្ពុជា​ក្រោម។

Sullivan​ បាន​បញ្ជាក់​ថា ដើមហេតុ​ដែល​នាំ​ឲ្យ​លោក សាក់​រូប​ទាំង​នេះ​ក៏​ព្រោះ​តែ​លោក​ស្រលាញ់​ប្រទេស​កម្ពុជា ហើយ​លោក​គិត​ថា ប្រាសាទ​អង្គរវត្ត គឺ​ជា​អត្តសញ្ញាណ​សំគាល់​ថា ខ្មែរ  ទើប​លោក​សម្រេច​សាក់​រូប​មួយ​នេះ។

លោក​លើក​ឡើង​ថា  តាំង​តែ​ពី​លោក​ដឹង​ក្ដី​មក ពេល​ប៉ា​ម៉ាក់​របស់​លោក នាំ​លោក​មក​លេង​ប្រទេស​កម្ពុជា​ម្ដង  លោក​មិន​ចង់​ទៅ​ប្រទេស​បារាំង​វិញ​ឡើយ ព្រោះ​អារម្មណ៍​របស់​លោក នឹក​ និង​ចង់​រស់​នៅ​ប្រទេស​កម្ពុជា​ខ្លាំង​ណាស់  បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា មាន​សេដ្ឋកិច្ច និង ស្ថានភាព​រស់​នៅ​ មិន​ប្រសើរ​ដូច​ប្រទេស​បារាំង​យ៉ាង​ណា​ក្ដី។


តារា​សម្ដែង​កូន​កាត់​រូប​នេះ​បាន​បន្ត​ថា ដោយសារតែ​មាន​ចិត្ត​ចង់​រស់​នៅ​ប្រទេស​កម្ពុជា​បែប​នេះ ទើប នៅ​ឆ្នាំ ២០១១ លោក​បាន​សម្រេច​មក​រស់​នៅ​ប្រទេស​​កម្ពុជា​តែ​ម្ដង ដោយ​លោក​បាន​ទិញ​ផ្ទះ​មួយ​នៅ​តំបន់​ទួលគោក បច្ចុប្បន្ន​​លោក​កំពុង​រស់​នៅ​ជា​មួយ​បងប្អូន​ជីដូន​មួយ២នាក់​ផ្សេង​ទៀត មក​ពី​ខេត្ត កំពត ដែល​ជា​ស្រុក​កំណើត​​ប៉ា​របស់​លោក។

ជា​មួយ​នឹង​ការ​បោះ​ជំហាន​ចូល​សិល្បៈ តារា​សម្ដែង​កូន​ខ្មែរ​កាត់​អ៊ីតាលី​រូប​នេះ ចាប់​ផ្ដើម​មាន​មុខ​ក្នុង​ការ​សម្ដែង ខារ៉ាអូខេ និង​ស្ប៉ត​ពាណិជ្ជកម្ម ជា​បន្ត​បន្ទាប់។ លោក ក៏​ធ្លាប់ក្ដាប់​បាន​តំណែង​តួឯក ក្នុង​ខ្សែភាពយន្ត​មួយ ដែល​មាន​ឈ្មោះ​ថា “ស្រមោល​គ្រោះ” ផង​ដែរ។  អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​​ផង​ដែរ​នោះ  ថ្មីៗ​នេះ​លោក Sullivan Eav បាន​លេច​មុខ​ក្នុង ស្ប៉ត​ពាណិជ្ជកម្ម​ធំៗ​ជា​ច្រើន ដូច​ជា ស្ប៉ត មហា​សង្ក្រាន្ត ​កាល​ពេល​ថ្មី​នេះ​ជា​ដើម។

ជា​មួយ​នឹង​ស្នាម​សាក់​លើ​ខ្នង​នេះ លោក Sullivan Eav លោក​មិន​មាន​គម្រោង​លុប​វិញ​ឡើយ លោក​នឹង​ទុក​ជា​រៀង​រហូត ព្រោះ​វា គឺ​ជា​ការ​ពេញ​ចិត្ត​របស់​ខ្លួន​លោក​ផ្ទាល់៕

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម