ហាង​​ជប៉ុន​ដំបូង​បង្អស់​​ Flaxus Tokyo ​​​​​​​ត្រៀម​​​​ចេញ​​​​ខោអាវ​យុវវ័យ Brand «ឱក សុគន្ធកញ្ញា​»​

 
 

Flaxus Tokyo ​​ហាង​​ខោ​អាវ​​​កាលីប​បែប​ជប៉ុន​​​​​​ដំបូង​​​បង្អស់​​​​នៅ​កម្ពុជា​ ថា​​​​នឹង​ជ្រើស​​យក​តារា​ចម្រៀង​ស្រី​នាំ​មុខ​នៅ​​​ផលិត​កម្ម​រស្មី​​ហង្ស​មាស​ ឱក សុគន្ធកញ្ញា ដើម្បី​ប្រើប្រាស់​ឈ្មោះ​នាង​​ធ្វើ​ជា​ម៉ាក (Brand)​​សំលៀកបំពាក់​ដ៏​ថ្មី​សន្លាង​​​មួយ​​​​​​​​​ នៅ​ពេល​​​ហាង​​ដ៏​​ធំ​​​​​​នឹង​​​លេច​ឡើង​​​នៅ ផ្សារ​​ទំនើប​អ៊ីអន​ម៉ល​​​​ក្នុង​រាជ​ធានី​ភ្នំពេញ​​​ ដែល​នឹង​បើក​ដំណើរការ​នៅ​ខែ​​កក្កដា​​ខាង​​មុខ​។

​ជាង​មួយ​ទសវត្ស​​មក​ហើយ ដែល​​​​​ម្ចាស់​​បទ​ «យុត្តិធម៌​គ្មាន​សម្រាប់​​​អ្នក​ស្មោះ» ​បាន​ឈរ​​យ៉ាង​រឹងមាំ​​​នៅ​តំណែង​​តារា​​​ស្រី​​សំឡេង​​​​​​លំដាប់​មុខ ​​​​នៅ​កម្ពុជា ​​និង​​​​លោម​ព័ទ្ធ​ដោយ​​​​ការ​គាំទ្រ​​​គ្រប់​ទិសទី​​​​ពី​យុវវ័យ​​​​​​​។ កេរ្តិ៍ឈ្មោះ​​បាចសាច​យ៉ាង​ជោកជាំ​​ក្នុង​សង្គម​ ពិសេស​​​ស្រទាប​​​​មនុស្ស​ជំនាន់​ថ្មី​​​ទាំង​នេះ​ឯង ​ដែល​នាំ​​ឲ្យ​នាង​​​​នឹង​ក្លាយ​ជា Brand ​ខោអាវ​​​​​នៅ​​​ Flaxus Tokyo ​ហាង​​​ ដែល​កើត​ចេញ​ពី​​ការ​​​ចាប់​ដៃ​រវាង​​ក្រុម​ហ៊ុន​​នាំ​មុខ​ទីផ្សារ​​សំលៀក​ថ្លៃៗ​នៅ​​​​កម្ពុជា Sovereign Retail Group ​ជាមួយ​​​ក្រុមហ៊ុន​​ World Co., Ltd ដ៏​​ធំ ​និង ​​ល្បីល្បាញ​បំផុត​​ ដោយ​​​​​មាន​ហាង​ចែក​ចាយ​​ខោអាវ Fashion យុវវ័យ​​ជាង​​ពីរ​ពាន់​ហាង ​នៅ​ជប៉ុន​​​។

​លោក​ Radachi ​តំណាង​ក្រុម World Co., Ltd ​​ថា​ជា​ក្ដី​រំភើប​​សម្រាប់​​យុវវ័យ​​ដែល​ហាង Flaxus Tokyo ​នឹង​​បង្កើត​ Brand ខោ​អាវ​ដ៏​​​​ថ្មី​​​សន្លាង​​​មួយ​​ ដើម្បី​បម្រើ​ជូន​​​កម្ពុជា ​​ដោយ​នឹង​ប្រើ​ឈ្មោះ​​​​តារា​ចម្រៀង​​សម្បូរ​ការ​គាំទ្រ​ ឱក សុគន្ធកញ្ញា (ASK) តែ​ម្ដង។

មិន​មែន​មាន​តែ​ខោអាវ​​ស៊ីវិល័យ​​ដែល​​ប្រើ​ប្រាស់ Brand របស់​ ឱក សុគន្ធកញ្ញា ​ទេ តែ​ហាង​​​​ជាន់​ផ្ទាល់​ដី​​​​នៅ​ផ្សារ​ទំនើប​​​​គ្រោង​​សម្ពោធ​ខែ​កក្កដា​មួយ​នេះ​​ ក៏​​​នឹង​​នាំ​​​​ម៉ាក​​សំលៀក​បំពាក់​ ​​​ជា​ច្រើន​ទៀត​​ ដែល​​កំពុង​ល្បី​​និង​​​ពេញ​និយម​​​នៅ ជប៉ុន​ ដូច OZOC ​និង TK ជា​ដើម​​​។

លោក Ly Souden ​​ប្រធាន​ក្រុម​​​​​ Sovereign Retail Group​ ក្រុម​ហ៊ុន​​​​នាំ​មុខ​ការ​ផ្គត់ផ្គង់​​​ខោអាវ​ម៉ាក​​​ល្បី​នៅ​កម្ពុជា ដែល​​ជា​ដៃគូ​របស់ World Co., Ltd ​​​ថា​​វត្តមាន​ហាង​ថ្មី​នឹង​​នាំ​​មក​នូវ​​សំលៀក​បំពាក់​​​ជា​ទី​ពេញ​ចិត្ត​ ដល់​យុវវ័យ​ខ្មែរ។ World ​ផ្គត់ផ្គង់​ខោអាវ​ម៉ាក​ប្រណិត​ៗ​ជាង​១០០​ម៉ាក​ ហើយ Flaxus Tokyo ​នឹង​​ជ្រើសរើស​ម៉ាក​មួយ​ចំនួន​​ មក​​​លក់​​​នៅ​កម្ពុជា​​​ក្នុង​តម្លៃ​សមរម្យ​​ ដែល​មាន​​ចាប់​ពី​​ប្រមាណ​ ២៥​​ដល់​ជាង​១០០​ដុល្លារ​។ លោក​ Ly Souden ​បន្ថែម​អ្វី​ដែល​ជា​ក្ដី​រំពឹង​របស់​ទី​ផ្សារ​លោក​៖  “​​​​​យុវវ័យ​សព្វ​ថ្ងៃ​កំពុង​​ពេញ​និយម​ខ្លាំង​​លើ​​ម៉ូត​ខោអាវ​ ​របស់​កូរ៉េ​ របស់​ជប៉ុន​ជា​ខ្លាំង​។ ​តាម​រយៈ​ម៉ូដ​បែប​​​អាស៊ី​​សម្រាប់​យុវវ័យ និង​តម្លៃ​សមរម្យ​​​យើង​ជឿជាក់​ថា Flaxus Tokyo ​នឹង​​ទទួល​ការ​គាំទ្រ​​ជា​មិន​ខាន”។

លោក Radachi (ស្ដាំ) និង លោក Ly Souden

​ក្រោយ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​សណ្ឋាគារ ឡឺរ៉ូយ៉ាល់ យប់​មិញ​នេះ​ Flaxus Tokyo នឹង​ដំណើរការ​​​​​ នៅ​ផ្សារ​ទំនើប​បែប​ជប៉ុន អ៊ីអន​ម៉ល ដែល​ប្រមូល​ផ្ដុំ​​សេវាកម្ម​និង​ហាង​លំដាប់​​ៗ​ ដែលនឹង​បើក​សម្ពោធ​​នៅ​ពេល​ដ៏​ខ្លី​​ ខាង​មុខ៕

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម