គ្រោះអគ្គិភ័យប្រល័យ ជីវិតកុមារីម្នាក់ កាលពីយប់មិញ នៅខេត្តស្វាយរៀង

 
 

ស្វាយរៀង៖ កុមារីវ័យ ៧ឆ្នាំម្នាក់ បានស្លាប់ក្នុងអណ្តាតភ្លើង យ៉ាងអណោចអាធ័ម ក្នុងគ្រោះអគ្គិភ័យមួយ កាលពីយប់មិញ នៅភូមិព្រៃរការ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ យោងតាមមន្រ្តី នគរបាលខេត្ត ស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៥ កើតមានគ្រោះអគ្គិភ័យ ឆាប់ឆេះផ្ទះឈើទំហំ ៧គុណ៨ម៉ែត្រ ស្ថិតនៅទីតាំងខាងលើ។

គ្រោះអគ្គិភ័យនេះ បានបន្សល់នូវភាព សោកសៅយ៉ាងខ្លាំង ដោយមិនត្រឹមតែ បំផ្លាញផ្ទះ និងទ្រព្យសម្បត្តិអស់ ជាច្រើននោះទេ វាថែមទាំងបាន ឆាប់ឆេះយកជីវិត កុមារីម្នាក់ ដែលមានវ័យទើប ៧ឆ្នាំ ទៅជាមួយផងដែរ។ ក្មេងស្រី រងគ្រោះ មានឈ្មោះ គឹម ចាន់ថន។
បើតាមមន្រ្តីនគរបាល ស្រុកស្វាយជ្រុំ បន្តឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ កុមារីរងគ្រោះ និងមីងរបស់ខ្លួន ដែលមានវ័យ ទើបជាង១០ឆ្នាំ ត្រូវបានយាយតា របស់ខ្លួនទុកឲ្យ ដេកនៅលើផ្ទះ កើតហេតុតែពីរនាក់ ប៉ុណ្ណោះ។ រីឯ យាយតា ទៅដេកនៅផ្ទះ មួយផ្សេងទៀត ដែលនៅក្បែរនោះ។

ក្រោយដឹងថា មានគ្រោះអគ្គិភ័យ គេបានព្យាយាមរុករក និងចូលជួយសង្រ្គោះ កុមារីរងគ្រោះផងដែរ តែការព្យាយាម ត្រូវក្លាយជាអសារបង់។
របាយការណ៍នគរបាល បានឲ្យដឹងថា ផ្ទះជួបគ្រោះ អគ្គិភ័យនេះ មានម្ចាស់ឈ្មោះ មាស ទ្រី ភេទប្រុស អាយុ៥៥ឆ្នាំ។ គ្រោះអគ្គិភ័យ ក៏បានឆាបឆេះ រថយន្តម៉ាកសាំយ៉ុង ០២គ្រឿង ម៉ូតូ០១គ្រឿង ប្រាក់២លានរៀល និង៣០០ដុល្លារ មាសចំនួន ០៥តម្លឹង និងស្រូវចំនួន ២០០តៅ ព្រមទាំងសំភារៈ ប្រើប្រាស់មួយ ចំនួនធំទៀត។

របាយការណ៍នគរបាល បានឲ្យដឹងផងដែរថា ការឆាបឆេះនេះ បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី។ សូមបញ្ជាក់ថា ភាពសោកសៅ កើតពីគ្រោះអគ្គិភ័យនេះ ក៏បានកើតមានផងដែរ កាលពីទៀបភ្លឺ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តោយ ផ្លូវលេខ៩២ ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យ ជនរងគ្រោះជាម្ចាស់ ផ្ទះមួយគ្រួសារ មានប្តី-ប្រពន្ធ និងកូនស្រី ២នាក់ បានស្លាប់នៅ ក្នុងភ្នក់ភ្លើង៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម