ឃាត់ខ្លួន មុខសញ្ញា ​ចែក​ចាយ​ គ្រឿង​ញៀន ​២​នាក់ សង្ស័យ​ ចរចា​លុយ ​ខែ​អត់​ត្រូវ

 
 

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជួញដូរគ្រឿងញៀន ២នាក់ត្រូវបានស្នាក់ការ សន្តិសុខ៤០៣ ឃាត់ខ្លួន ដកហូតបាន ថ្នាំញៀន២កញ្ចប់ និងទូរស័ព្ទ៤គ្រឿង ។ ការឃាត់ខ្លួននេះត្រូវបានគេ សង្ស័យថាចរចាលុយប្រចាំ ខែអត់ត្រូវ ។

ករណីនេះកើតឡើង កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី២១ ឧសភា ២០១៥ នៅចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យទី១មានឈ្មោះ លឹម ហាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងជនសង្ស័យទី២មានឈ្មោះគ្រុយ ដានី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅជាមួយជនសង្ស័យទី១ដែរ ។

មន្ត្រីអាវុធហត្ថមួយរូបបានឱ្យដឹងថា កម្លាំងស្នាក់ការសន្តិសុខ កងរាជអាវុធហត្ថ៤០៣បានធ្វើការ ល្បាតក្នុងភូមិសាស្ត្រខាងលើ និងបានប្រទះឃើញជនសង្ស័យទាំង២នាក់ កំពុងធ្វើសកម្មភាព ចែកចាយគ្រឿងញៀន ក៏ឃាត់ខ្លួនឆែកឆេររកឃើញ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ ។

ក្រោយពេលឃាត់ ខ្លួនឆែកឆេរឃើញថ្នាំញៀន សមត្ថកិច្ចកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៤០៣ក៏បញ្ជូនខ្លួន មកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្ត ។

នៅព្រឹកថ្ងៃទី២២ ខែឆ្នាំដដែល មន្ត្រីនគរបាលយុត្តិធម៌នៃការិយាល័យ ព្រហ្មទណ្ឌកងរាជអាវុធហត្ថបាន បង្ហាញមុខជនសង្ស័យទាំង២នាក់ និងវត្ថុតាងអោយអ្នកសារព័ត៌មាន ផ្តិតរូបភាពដើម្បីចុះផ្សាយ ក្នុងនោះផងដែរគេសង្កេតឃើញថា លោកវរសេនីយ៍ត្រី គឹម សិទ្ធិយា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការដោះដូរទូរស័ព្ទជនសង្ស័យ ជាមួយទូរស័ព្ទខ្លួន ដោយសារទូរស័ព្ទគាត់ចាស់ទៅហើយ ។ ទូរស័ព្ទដែលគាត់ដូរ របស់ជនសង្ស័យម៉ាកណូគា ចំណែករបស់លោកគឹម សិទ្ធិយា ម៉ាកហេឡូ ។

ការធ្វើបែបនេះ ត្រូវបានមជ្ឈដ្ឋានរិះគន់ថា លោកគឹម សិទ្ធិយា មានតួនាទី និងយសស័ក្តិ ព្រមទាំងមានទ្រព្យសម្បត្តិបរិបូរណ៍ មិនគួរណាចង់បានត្រឹមទូរស័ព្ទរបស់ ជនសង្ស័យបែបនេះសោះ ហើយទូរស័ព្ទនោះទៀតសោតក៏ មានតម្លៃត្រឹមតែ១៥ដុល្លារប៉ុណ្ណោះ ។ ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ មិនគួរប្រព្រឹត្តទង្វើបែបនេះទេ ។ បញ្ហានេះគួរណាតែលោកជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ពិនិត្យមើលអោយបានគ្រប់ជ្រុងជ្រោយ កុំអោយខូចឈ្មោះដល់កងរាជអាវុធហត្ថ ដែលល្អត្រឹមត្រូវ ។

ជនសង្ស័យទាំង២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅ កាន់សាលាដំបូងខេត្តដើម្បីចាត់ការ បន្តតាមនីតិវិធីច្បាប់ ។ ក្នុងនោះផងដែរ ខាងមន្ត្រីតុលាការគួរក៏គួរពិនិត្យ វត្ថុតាងអោយបានត្រឹមត្រូវផងដែរ ព្រោះថា ទូរស័ព្ទរបស់ជនសង្ស័យ១គ្រឿង ត្រូវបានគេប្តូរបាត់ហើយ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម