កូនភ្លោះ​ ដើមទ្រូង​ ជាប់​គ្នា​កើត​ មិន​រួច​ស្លាប់​ ក្នុង​ផ្ទៃ ខណៈ​ម្តាយ​ ត្រូវ​ជួយ​ សង្គ្រោះ​ទាន់

 
 

ខេត្តប៉ៃលិន ៖ នារីវ័យក្មេងម្នាក់មានផ្ទៃពោះ គ្រប់ខែឈឺសម្រាល ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសម្ភពនៃមន្ទីរពេទ្យ បង្អែកខេត្ត លុះរង់ចាំឱ្យនាងសម្រាល តាមធម្មជាតិអស់រយៈពេល យូរមិនកើត ក៏ត្រូវក្រុមគ្រូពេទ្យជំនាញ ធ្វើការវះកាត់ ដើម្បីជួយសង្គ្រោះទាំងម្តាយ និងកូន ។ តែជាអកុសល ទារកទាំង២បានស្លាប់ កាលពីនៅក្នុងផ្ទៃពោះ រួចទៅហើយ ដោយសារតែមាន ដើមទ្រូងជាប់គ្នា ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាល ពីព្រឹកថ្ងៃទី១៨ ឧសភា ២០១៥ កន្លងមក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។

ប្រភពបានឱ្យដឹងថា នារីដែលមានកូនភ្លោះ ដើមទ្រូងជាប់គ្នានេះឈ្មោះឡូ ច្រិប អាយុ១៨ឆ្នាំ មានប្ដីឈ្មោះសូន សុវណ្ណ អាយុ២១ឆ្នាំ ជាកម្មករ មានស្រុកកំណើត នៅភូមិខ្នាលអំពិល ឃុំក្រោលក្របី ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភពពីនារីជាម្តាយទារក ដែលស្លាប់បានរៀបរាប់ឱ្យដឹងថា នាងរស់នៅតែ២នាក់ប្តី ប្រពន្ធជាគ្រួសារក្រីក្រ ហើយធ្លាប់បានឆ្លងដែន ទៅស៊ីឈ្នួលគេនៅប្រទេស ថៃអស់រយៈពេល ៤ខែកន្លងទៅ ហើយក៏ត្រឡប់មកខេត្តប៉ៃលិនវិញ និងធ្លាប់បានទៅរស់នៅ ជាមួយបងប្អូននៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អស់រយៈពេលប្រហែល៥ខែដែរ លុះក្រោយមកក៏នាំប្តីប្រពន្ធ មករស់នៅក្នុងក្រុងប៉ៃលិនវិញ ។

ប្រភពបន្តទៀតថា នៅថ្ងៃកើតហេតុ ស្រាប់តែនាងឈឺចុកក្នុង ផ្ទៃពោះតិចៗតាំងពីព្រឹក ថ្ងៃទី១៧ ឧសភា រហូតដល់ល្ងាច ទើបប្តីបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្ត ។ ពេលទៅដល់មន្ទីរពេទ្យភ្លាមៗ ក្រុមគ្រូពេទ្យធ្វើការ ពិនិត្យពោះដឹងឃើញថា នាងមានទារក ចំនួន២ តែមិនដឹងថា មានដើមទ្រូងជាប់គ្នានោះឡើយ ហើយក៏ឱ្យប្រឹង សម្រាលតាមធម្មជាតិ ។

ក្រោយមកនៅព្រឹកថ្ងៃបន្ទាប់ ដោយសារនាងមិនអាចកើតខ្លួនឯងបាន ទើបក្រុមគ្រួសារបានទៅ ជួបពិគ្រោះជាមួយគ្រូពេទ្យ ផ្នែកវះកាត់ លុះសម្របសម្រួលគ្នារួច ក៏ធ្វើកិច្ចសន្យាវះកាត់ ។ បន្ទាប់ពីគ្រូពេទ្យបានដាក់សេរ៉ូម ដើម្បីឱ្យនាងមានកម្លាំងរួចមក ក៏ធ្វើការវះកាត់នៅព្រឹក ថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៥ ។ ក្រោយមកក៏បានវះកាត់ឃើញទារក ភ្លោះមានទ្រូងជាប់គ្នា តែបានស្លាប់ បាត់ទៅហើយ ។




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម