លែងលះគ្នា ជិត ១ឆ្នាំ ប្រពន្ធយកប្តីថ្មី ប្រចណ្ឌឡើងកាប់ដល់លើផ្ទះ ដាច់ដៃម្ខាង

 
 

ពោធិ៍សាត់ ៖ ស្រ្តីវ័យក្មេងម្នាក់ ដែលទើបនឹង រៀបការ ជាមួយប្តីថ្មី បានប្រមាណកន្លះខែ ត្រូវអតីតប្តី ដែលធ្វើការលែង លះគ្នា អស់រយៈពេលជិត ១ឆ្នាំមកហើយនោះ តាមមកកាប់ ប្រហារ ដល់លើផ្ទះប៉ងផ្តាច់ជីវិត ដោយសារតែកើតរោគ ប្រចណ្ឌ ក្រោមគំនិត «បើអញយកមិនបាន នរណាក៏យកមិនបានដែរ » តែមិនបណ្តាលឲ្យ អតីតប្រពន្ធស្លាប់នោះទេ គឺ គ្រាន់តែដាច់ដៃ ត្រឹមកដៃម្ខាង តែប៉ុណ្ណោះ ។

ករណីប៉ងកាប់សម្លាប់ អតីតភរិយា ដែលនាងមានប្តីថ្មីទៅហើយនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៣០នាទី ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅលើផ្ទះនារីរងគ្រោះ ដែលមានទីតាំងស្ថិតនៅភូមិឈើទាលខ្ពស់ ឃុំក្បាល ត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ជនសង្ស័យក្នុងបទប៉ុនប៉ងកាប់សម្លាប់អតីតប្រពន្ធរបស់ខ្លួនខាងលើ ដែលក្រោយ មកត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកក្រគរ ចុះទៅអន្តរាគមន៍ និងចាប់ខ្លួនបាននេះ ត្រូវបានគេស្គាល់ឈ្មោះ សួស ប៊ុន្ធា អាយុ ៣១ឆ្នាំ មានទីលំនៅភូមិអង្រ្កង ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួមទាំងដកហូតបានដាវចំនួន ១ ។ ចំណែកស្រ្តីអតីតជាប្រពន្ធដែល រងរបួស ត្រូវបានគេស្គាល់ឈ្មោះ ញិល សុភី អាយុ ២៤ឆ្នាំ មានទីលំនៅក្នុងស្រុកភូមិ កើតហេតុ ត្រូវបានជនសង្ស័យ កាប់ដាច់ដៃខាងឆ្វេងត្រឹមកដៃ ។

យោងតាមចម្លើយសារភាព របស់ជនសង្ស័យ បានឲ្យដឹងថា រវាងខ្លួន និងអតីតប្រពន្ធ បានឈ្លោះ និងធ្វើការលែងលះ គ្នាអស់រយៈពេលប្រមាណ ៩ខែមកហើយ ។ ក្រោយលែងលះគ្នាខ្លួន ក៏បានចាកចេញ ពីប្រពន្ធឈប់រស់នៅ ក្នុងស្រុក ក្រគរ ទៅរស់នៅ ស្រុកកំណើត ជាមួយឪពុក-ម្តាយ នៅឯខេត្តកំពង់ចាមវិញ ។ ប៉ុន្តែ ទោះបីជាខ្លួន និងប្រពន្ធធ្វើការ លែងលះគ្នាដាច់ស្រេចក៏ដោយ តែមួយរយៈក្រោយមក ខ្លួនក៏ឧស្សាហ៍ ទូរស័ព្ទទៅប្រពន្ធនិយាយរកគ្នា ជាធម្មតា ដោយ ខ្លួនមានបំណង ជានាជាមួយនឹងអតីត ប្រពន្ធរបស់ខ្លួន ឡើងវិញផងដែរ ។ លុះក្នុងមួយរយៈ ចុងក្រោយនេះ ស្រាប់តែ ពេលខ្លួនទូរស័ព្ទ ទៅអតីតប្រពន្ធ នាងក៏លែងលើក ហើយក្រោយមក ក៏ទូរស័ព្ទលែងចូល រហូតចុងក្រោយ ទើបខ្លួន ទទួលបានព័ត៌មានពីអ្នកជិតខាងថា អតីតប្រពន្ធ របស់ខ្លួន ជិតរៀបការ យកប្តីថ្មី ហើយនៅប្រមាណ កន្លះខែមុននេះ អតីតប្រពន្ធរបស់ខ្លួន ក៏បានចូលរោងការ ជាមួយបុរសផ្សេង ដោយកាលណោះ ខ្លួនក៏ធ្វើដំណើរ មកពីស្រុកកំណើត ក្នុង បំណងមកសម្លាប់ ប្រពន្ធរបស់ខ្លួន ចោល ក្នុងថ្ងៃរៀបការផងដែរ តែមិនមានឱកាស ដោយខ្លួនបានចូលរួម ក្នុងពិធីមង្គល ការអតីត ប្រពន្ធរបស់ខ្លួនថែមទៀតផង ។ លុះនៅមុនពេលកើតហេតុ ខ្លួនក៏បានធ្វើដំណើរ ពីស្រុកមកម្តងទៀត ដោយយកដាវ និងទិញថ្នាំបំពុល សត្វកណ្តុរ មកជាមួយផងដែរ ដើម្បីប៉ងសម្លាប់ ប្រពន្ធរបស់ខ្លួន ដោយខ្លួនសម្រេចចិត្តថា ពេលសម្លាប់អតីតប្រពន្ធរបស់ខ្លួនបានហើយ ខ្លួននឹងលេបថ្នាំ បំពុលកណ្តុរ សម្លាប់ខ្លួនតាមក្រោយ ។ ហើយនៅព្រឹក កើតហេតុ ខណៈប្រពន្ធរបស់ខ្លួនកំពុងនៅលើផ្ទះ ខ្លួនក៏លបឡើងទៅលើផ្ទះធ្វើការកាប់ប្រហារយកតែម្តង តែមិនបណ្តាលឲ្យស្លាប់ បានត្រឹមតែ ដាច់កដៃ ក៏ត្រូវបានសាច់ញាតិ និងអ្នកជិតខាងស្ទុះចូលទៅជួយអន្តរាគមន៍ ចាប់ឃាត់ ខ្លួនបានតែម្តងទៅ ។

បច្ចុប្បន្នស្រ្តីរងគ្រោះ ត្រូវបានសាច់ញាតិ បញ្ជូនយកទៅធ្វើការសង្រ្គោះ នៅមន្ទីរពេទ្យ ខេត្តពោធិ៍សាត់ ហើយប្រអប់ដៃ ដែលត្រូវបានជនល្មើស

កាប់ដាច់នៅសល់តែស្បែកនោះ គឺមិនអាចតភ្ជាប់គ្នាវិញបានឡើយ គឺនារីរងគ្រោះនឹងក្លាយ ទៅជាជនពិការដៃអស់មួយជីវិត ដោយសារតែស្នាដៃអតីតប្តីរបស់ខ្លួន ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម