ភរិយាតារាចម្រៀងលោក មួន ម៉ារ៉ា ទម្លាយរឿងក្រុមហ៊ុន លី ហុង ដឹកអ្នក ដំណើរ បោកប្រាស់អតិថិជន និង មើលងាយ អ្នកស្រែ

 
 

ភ្នំពេញ៖ ក្រុមហ៊ុន លី ហុង ដឹកអ្នកដំណើរ ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានរងការចោទ ប្រកាន់ពី អតិថិជន ដែលជាអ្នកដំណើរ ដែលបានទិញសំបុត្ររបស់ ក្រុមហ៊ុនដឹកជញ្ជូនខាងលើនេះ ទៅកាន់ខេត្តព្រះសីហនុក្នុងតម្លៃ ៣៥០០០ រៀលក្នុងម្នាក់ តែបែរជា ក្រុមហ៊ុននេះ ឲ្យអ្នកដំណើរ ទៅជិះរថយន្តឈ្នួលតួរីស ក្នុងតម្លៃតែ ១៥០០០រៀលក្នុង ម្នាក់ទៅវិញ ដែលឆ្លៀតគេងប្រវ័ញ្ច ។

ប្តីប្រពន្ធពីរនាក់ ដែលជាអ្នកដំណើរមកពីខេត្តមកដល់ទីក្រុងភ្នំពេញ ដើម្បីបន្តទៅលេងកូននៅ ខេត្ត ព្រះសីហនុ ត្រូវបានអ្នកជិតខាងស្គាល់ កើតទុក្ខ មិនសុខចិត្ត ដោយថតរូបរបស់ប្តីប្រពន្ធ ទាំងពីរនាក់ នោះ និងរៀបរាប់ពីដំណើរ ដែលត្រូវក្រុមហ៊ុន លី ហុង ដឹកអ្នកដំណើរ បោកប្រាស់ និងកេង ប្រវ័ញ្ចពួកគាត់ ដោយចាត់ទុកថា អ្នកស្រែល្ងង់មិនដឹងអីនោះ ។

រឿងរ៉ាវហួសចិត្តនេះ ត្រូវបានភរិយាតារាចម្រៀងម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» លោក មួន ម៉ារ៉ា ទម្លាយ តាមរយៈ គេហទំព័រ Facebook បាន សម្ភាសន៍ប្តីប្រពន្ធ ទាំង២នាក់នោះ ហើយសរសេរសារ យ៉ាងវែង មួយបង្ហោះចែកចាយតៗគ្នា ។

ភរិយាតារាចម្រៀង មួន ម៉ារ៉ា បានសរសេរថា «ខ្ញុំបានជួបរឿងមួយ ដែលគួរឲ្យ ហួសចិត្តខ្លាំង ណាស់...គឺថាអ៊ុំប្រុស និងអ៊ុំស្រីពីរនាក់ ។ គាត់ត្រូវ បាន ក្រុមហ៊ុន ឡានក្រុង ឈ្មោះ លី ហុង បោកប្រាស់ ដោយមានពួកម៉ូតូឌុបរួមដៃជាមួយផងដែរ...អ៊ុំប្រុសគាត់ឈ្មោះ បុន ហើយប្រពន្ធគាត់ មាន ឈ្មោះ ថា ហ៊ិន... ។ គាត់ទាំងពីរនាក់មកលេង កូនគាត់នៅជិតផ្ទះរបស់ខ្ញុំ (ក្រុងព្រះសីហនុ) ហើយពេល គាត់មកដល់ភ្នំពេញ ក៏មានម៉ូតូឌុប មួយ មកសួរគាត់ថា អ៊ុំទៅណា ហើយមាន សំបុត្រឡាន ឬនៅ? គាត់ក៏ឆ្លើយថា ខ្ញុំទៅកំពង់សោម ហើយមិនទាន់ មានសំបុត្រទេ ។ ម៉ូតូឌុបរូបនោះ ក៏ ប្រាប់ថា ចឹងចាំខ្ញុំនាំទៅ...។ ពេលទៅទិញសំបុត្រមួយមានតម្លៃ ៣៥០០០ រៀល ចឹងហើយគាត់ក៏ទិញ ពីរសំបុត្រអស់ ៧០០០០ រៀល» ។

ភរិយាម្ចាស់បទចម្រៀង «អូនទៅភ្នំពេញ» បានបន្តទៀតថា បន្ទាប់ពីទិញរួច អ្នកធ្វើការនៅក្រុមហ៊ុននោះ ក៏ជូនពួកគាត់មកដោយជិះតុកៗ មកឡើង ជិះរថយន្តតួរីសវិញ...ហើយអ្នកធ្វើការនោះក៏ឲ្យលុយទៅ ម្ចាស់រថយន្តឈ្មួលតួរីស ចំនួន ៣០០០០ រៀល (ម្នាក់១៥០០០រៀល)...ប៉ុន្តែ ជាក់ស្តែង ក្រុមហ៊ុន លី ហុង នោះគ្មានសាខានៅកំពង់សោមទេ ហើយមិនត្រឹមតែប៉ុណ្ណោះគេបាន ឆូតប្តូរទិសដៅពីប៉ោយប៉ែត មកកំពង់សោម វិញ ។...ពូខ្ញុំក៏បានទូរស័ព្ទទៅសួរថា ហេតុអីបានឲ្យគាត់ជិះតួរីសមកវិញ? គេក៏បានឆ្លើយថា ឡានក្រុងអស់ហើយ ។...ពូខ្ញុំក៏សួរទៀតថា បើអស់ហេតុអី ក៏មិនឲ្យលុយគាត់វិញ? គេក៏គម្រាមពូខ្ញុំថា បើនិយាយអីមិនសមទៀត ប្រយ័ត្នគេបិទ លេខគាត់ចោល ហើយបន្ទាប់មកគេ ក៏ចុចបិទទូរសព្ទ័ពូខ្ញុំទៅ ។  មួយសន្ទុះ ក្រោយមក ខ្ញុំក៏បានទូរស័ព្ទទៅម្តង ខ្ញុំក៏ធ្វើជាសួរថា «បងមានឡាន ពីកំពង់សោម ទៅភ្នំពេញទេ ខ្ញុំចង់ទៅភ្នំពេញស្អែក? គេក៏ឆ្លើយ ថា «អត់មានទេ ខាងខ្ញុំគ្មានសាខា នៅកំពង់សោមទេ» ។

ភរិយាលោក មួន ម៉ារ៉ា បានសរសេរទៀតថា «ខ្ញុំមិនយល់សោះ ហេតុអីក្រុមហ៊ុន លី ហុង នេះបោកប្រាស់ គេ បែបនេះ? រឺក៏គិតថាគាត់ជាអ្នកស្រែ គាត់មិនដឹងអី បានជាគេង ចំណេញគាត់ចឹង? សូមបងប្អូនដែលនិយមលេង Facebook ជួយ Share ឲ្យមិត្តភក្តិទាំអស់គ្នាបានដឹងផង... ហើយ ដើម្បី កុំឲ្យក្រុមហ៊ុនឡានក្រុង លី ហុង នោះនៅតែធ្វើអំពើថោកទាបបែបនេះទៀត» ។

យ៉ាងណានៅល្ងាចថ្ងៃទី១៩ ខែឧសភានេះ គេហទំព័រកម្សាន្ត LookingTODAY មិនទាន់អាចទំនាក់ទំនង ក្រុមហ៊ុន លី ហុង ដឹកអ្នកដំណើរ ដើម្បីសុំការ បញ្ជាក់ ពីការចោទប្រកាន់ខាងលើបាននៅឡើយនោះទេ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម