ខឹង​មិន​ទៅ​ បេះ​ម្អម​លក់ ឪពុក​ចុងវាយ ​កូនប្រុស​​​ជ្រុលដៃ​ ស្លាប់​ហើយ រត់គេច​បាត់​

 
 

ខេត្តកំពង់ចាម ៖ រហូតមកដល់ព្រឹកថ្ងៃទី១៧ ឧសភា នេះបុរសជាឪពុកចុង ចិត្តទុរយសឈ្មោះ សេង ដេត អាយុ៤៥ឆ្នាំ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ បន្ទាប់ពីយកកំណាត់ឫស្សី ពីងពង់ប្រវែងជាង១ម៉ែត្រ  ទៅវាយសំពងលើ កូនប្រុសឈ្មោះ ថេង ចាន់ធឿន អាយុ១៦ឆ្នាំ ត្រូវលើខ្លួនប្រាណ និងក្បាលបណ្តាលឲ្យរងរបួសធ្ងន់ កាលពីល្ងាចថ្ងៃទី១៤ ឧសភា ២០១៥ ហើយបានស្លាប់នៅ វេលាម៉ោង៥ព្រឹក ថ្ងៃទី១៥ ឧសភា ស្ថិតនៅភូមិអណ្តូងតាឡឹង ឃុំថ្មពូន ស្រុកព្រៃឈរ ។

លោកវរសេនីយ៍ត្រី កែវ ស៊ាងហ៊ន់  អធិការនគរបាលស្រុក ព្រៃឈរប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសជាឪពុកចុងបាន ប្រើកូនប្រុសដើមឈ្មោះ ចាន់ធឿន ឲ្យទៅបេះម្អមយកទៅលក់ តែកូនមិនបានទៅបេះទេ ដោយឆ្លើយតបទៅឪពុកថា ខ្ជិលទៅបេះ ព្រោះលក់មិនបាន លុយ រួចកូនប្រុសនេះបានដើរចូល ទៅក្នុងផ្ទះដួសបាយ១ចានយក ទៅអង្គុយហូបនៅក្បែរមាត់ ស្រះក្រោយផ្ទះ ។

លោកវរសេនីយ៍ត្រី កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុក ព្រៃឈរប្រាប់បន្តថា ខណៈក្មេងប្រុសរងគ្រោះ កំពុងតែអង្គុយហូបបាយនោះ ត្រូវឆ្កែដណ្តើមស៊ីធ្វើឱ្យកំពប់បាយ ជនរងគ្រោះខឹង ក៏បានដេញវាយឆ្កែ ពេលនោះឪពុកចុងឈ្មោះ សេង ដេត  ស្តាប់មិនបានក៏ ព្រលយពាក្យទៅកាន់កូនថា «ឯងមិនបាច់ជេរ និងដេញវាយឆ្កែទេ បើឯងចង់វាយមក វាយក្បាលអញទៅ»  ។

រំពេចនោះស្រាប់តែឪពុកបានស្ទុះ ទៅយកកំណាត់ឫស្សីមកវាយសំពង កូនយ៉ាងចាស់ដៃធ្វើឱ្យកូនប្រុស លោតគេចចូលទៅក្នុងទឹកស្រះមាន ជំរៅត្រឹមចង្កេះមនុស្សចាស់ ។ ក្រោយវាយហើយ កូនប្រុសបានប្រឹងដើរ  ទៅរកផ្ទះជីដូនដែលមាន ចំងាយប្រហែល៣០០ម៉ែត្រទាំងដំណើរទ្រេតទ្រោតផងដែរ ។  ពេលទៅដល់ផ្ទះជីដូន ជីដូនឃើញប៉ោងក្បាលបានយក ប្រេងកូឡាមកលាបឲ្យ រួចស្រាប់តែក្អួតធ្លាក់ឈាម តែមិនបានយកមកពេទ្យ ទេចេះតែប្រឹងសម្ងំនឹកថា មិនមានបញ្ហាអី។ 

លុះមកដល់វេលា ម៉ោង៥ព្រឹកថ្ងៃទី ១៥ ឧសភា កូនប្រុសដើមរូបនោះបានស្លាប់ ចំណែកសមាជិកក្រុមគ្រួសារ មិនមានអ្នកណាម្នាក់បានបញ្ចេញការពិតប្រាប់ មកសមត្ថកិច្ចមូលដ្ឋានទេ គឺបុរសជាប្តីបានប្រាប់ទៅប្រពន្ធថា កូនប្រុសស្លាប់ដោយរាករូស ។ ទោះបីជាព្យាយាមប្រឹងនាំគ្នាបិទការពិតយ៉ាងណាក្តី ក៏ត្រូវបានប្រជាពលរដ្ឋ លួចរាយការណ៍ថា កូនប្រុសដើមដែលស្លាប់ ត្រូវឪពុកចុងវាយ ។

លោកវរសេនីយ៍ត្រី កែវ ស៊ាងហ៊ន់  អធិការនគរបាលស្រុក ព្រៃឈរបញ្ជាក់ថា ទំរាំតែសមត្ថកិច្ចដឹងពី ហេតុការណ៍ខាងលើ បុរសជាឪពុកចុងដែលក្លាយទៅជាឃាតករ បានរត់គេចចេញបាត់ពីផ្ទះទៅហើយ។ ក្រុមគ្រួសារនេះក្រីក្រណាស់ ត្រូវបានលោកមេភូមិមានសណ្តានចិត្តឲ្យដីសំរាប់ធ្វើផ្ទះតៀម តូចរស់នៅ៣ឆ្នាំមកហើយ មិនដែលមានបញ្ហាហិង្សា ក្នុងគ្រួសារកើតឡើងឡើយ ។ មិនតែប៉ុណ្ណោះ គ្រួសារនេះទាំងម្តាយ និងឪពុកចុង ព្រមទាំងកូនប្រុស ដើមដែលស្លាប់នេះ គឺមានផ្ទុកមេរោគ អេដស៍ផងដែរ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម