ស្ដ្រីម្នាក់ខូចចិត្ដ ដើររកប្ដីនិងកូន ត្រូវគេចោទថា ជាចោរ ព្រួតវាយ រងរបួសធ្ងន់

 
 

កំពង់ស្ពឺ ៖ ស្ដ្រីម្នាក់ ខូចចិត្ដដ្បិតដើរស្វែង រកប្ដីនិងកូន របស់ខ្លួនតាមដងផ្លូវ ស្រាប់តែគេចោទថា ជាចោរលួច ចានឆ្នាំង យកទៅលក់នោះ ត្រូវបានបុរស ៣នាក់ ដែលមានអាការៈ ស្រវឹងជោគជាំ ព្រួតវាយបណ្ដាល ឱ្យរងរបួស យ៉ាងធ្ងន់ធ្ងរ រហូតសន្លប់ លែងដឹងខ្លួន កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៥ ស្ថិតនៅត្រង់ ចំណុចគីឡូម៉ែត្រ លេខ៧៩ ភូមិកុមាទេព ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដ កំពង់ស្ពឺ ។

យោងតាមប្រភព ព័ត៌មានពីប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ពួកគាត់បាន និយាយតៗគ្នាថា ស្ដ្រីរូបនេះជា មនុស្ស វិកលចរិក ហើយដើរលួច ចានឆ្នាំងរបស់គេ តាមផ្ទះយកទៅលក់ ទើបបុរស៣នាក់ដែល មានអាការៈ ស្រវឹងផងនោះ បានព្រួតគ្នាវាយ រហូតសន្លប់តែម្ដង ។ ប៉ុន្ដែដោយមានមនុស្ស ចិត្ដសប្បុរសធម៌ បានជួយដឹកស្ដ្រីរងគ្រោះ ឆ្ពោះទៅកាន់មន្ទីរ ពេទ្យបង្អែកខេត្ដ កំពង់ស្ពឺ ទាំងយប់ ។

ស្ថិតនៅក្នុងមន្ទីរពេទ្យ ស្ដ្រីរងគ្រោះបានឲ្យ ភ្នាក់ងារមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដឹងថាគាត់ឈ្មោះ ស៊ិន លន់ អាយុ៤០ឆ្នាំ រស់នៅភូមិច្រេះ ឃុំបឹងសាឡាងខាងត្បូង ស្រុកកំពង់ត្រាច ខេត្ដកំពត ហើយដោយបែក ចេញពីប្ដីនិងកូន ទើបធ្វើដំណើរ ដោយថ្មើជើង គ្មានប្រាក់នៅក្នុង ខ្លួនបំណងឆ្ពោះ ទៅខេត្ដព្រះសីហនុ ដែលប្ដីធ្វើការនៅ រោងចក្រស្រាបៀរ អង្គរនៅទីនោះ ។

ស្ដ្រីរងគ្រោះបានបន្ដទៀតថា លុះពេលធ្វើដំណើរ មកដល់ស្រុកភ្នំស្រួច បានសុំព្រះសង្ឃនៅ ក្នុងវត្ដស្រែខ្លុង ចូលទៅស្នាក់នៅ លុះពេលបាន លុយពីព្រះសង្ឃ ចេញមកទិញ អង្ករដាំបាយហូប ក៏ត្រូវបុរស ៣នាក់ចាប់ វាយទាត់ធាក់ រហូតសន្លប់លែង ដឹងខ្លួនតែម្ដង ដោយចោទថា រូបនាងលួចចាន ឆ្នាំងរបស់ គេយកទៅលក់ ។

បច្ចុប្បន្នស្ដ្រីរងគ្រោះរូបនេះ កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្ដកំពង់ស្ពឺ នៅឡើយ ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម