ជិះ​ម៉ូតូ​ទៅ​ទារ​លុយ​គេ​ជំពាក់​ត្រូវ​ចោរ​ឆក់​កាបូប​អស់​ជាង​២០០០​ដុល្លារ

 
 

បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ក្នុងចំណោម២នាក់ ត្រូវបានក្រុមចោរ ឆក់កាបូបអស់ប្រាក់ ជាង២០០០ដុល្លា បង្កអោយមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៣៥នាទីល្ងាច ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៥ លើដងផ្លូវបេតុង មួយកន្លែង ចំណុចព្រំប្រទល់ ភូមិបាលិលេយ្យ០១ និង ភូមិបាលិលេយ្យ០២ សង្កាត់-ក្រុងប៉ោយប៉ែត ខណៈកំពុងជិះម៉ូតូ ប្រមូលប្រាក់គេជំពាក់ ។

ជនរងគ្រោះខាងលើ ឈ្មោះ លុយ សារួន អាយុ៥៤ឆ្នាំ មានទីលំនៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ជាអាជីវករ លក់កូនឈើ ។ ស្ត្រីរងគ្រោះ ជិះម៉ូតូម៉ាកឌ្រីម សេរីឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G-0816 ជាអ្នកបើកម៉ូតូ ជាមួយអ្នករួមដំណើរម្នាក់ទៀត ឈ្មោះប៉ាល់ សុភី អាយុ៥០ឆ្នាំ មានទីលំនៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ។

នៅកន្លែងកើតហេតុ ស្ត្រីរងគ្រោះ បានអះអាងថា កាបូបប្រាក់របស់គាត់ ដែលចោរឆក់នោះ មានចំនួន២៣០០ដុល្លា និងឯកសារ មួយចំនួនទៀត ។ ស្ត្រីរងគ្រោះ ក៏ដូចជាអ្នករួមដំណើរ បាននិយាយថា ដំបូងពួកគាត់ ជិះម៉ូតូដឹកគ្នា មកពីទិសខាងត្បូង ក្នុងបំណងរកផ្ទះ គ្រួសារមួយ ដើម្បីទារប្រាក់ជំពាក់ ថ្លៃទិញកូនឈើ លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ ២នាក់ ជិះម៉ូតូស្របទិស ពីក្រោយ ធ្វើសកម្មភាព ឆក់កាបូបប្រាក់របស់គាត់ ដែលបណ្តោងជាប់ និងក្បាលម៉ូតូ បានសម្រេច ។

ទោះជាយ៉ាងណា នៅកន្លែងកើតហេតុ គេឃើញក្រុមចោរ បានបន្សល់ទុក ម៉ូតូ១គ្រឿងម៉ាក ឌ្រីម មិនទាន់ស្គាល់ ស៊េរីឆ្នាំណា ពណ៌ខ្មៅពាក់ ស្លាកលេខ បាត់ដំបង 1l-4890 ព្រោះពេលធ្វើសកម្មភាព ម៉ូតូរបស់ជនសង្ស័យ ជ្រុលចង្កូត ទៅចូលមុខតូប លក់គ្រឿងសំណង់ បត់ចេញមិនកើត ។

ក្រោយធ្វើសកម្មភាព ឆក់កាបូបបានសម្រេច ក្រុមចោរម្នាក់ រត់ទៅទិសខាងជើង និងម្នាក់ រត់ទៅទិសខាងលិច បាត់ស្រមោល ។

ក្រោយហេតុការណ៍ ចោរឆក់នេះកើតឡើង សមត្ថកិច្ចបានចុះដល់ កន្លែងកើតហេតុ នាំយកម៉ូតូសង្ស័យ និងជនរងគ្រោះ ទៅប៉ុស្តិ៍រដ្ឋបាល សង្កាត់ប៉ោយប៉ែត ដើម្បីសាកសួរ ពីដំណើរដើមរឿង និងធ្វើកំណត់ហេតុ ។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១០ ខែឧសភានេះ លោកអ៊ឹម សុភារះ នាយប៉ុស្តិ៍រដ្ឋបាល នគរបាលសង្កាត់ប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទថា មិនទាន់វែកមុខ ក្រុមជនសង្ស័យ ឃើញនៅឡើយទេ ប៉ុន្តែលោកថា សមត្ថកិច្ច នៅតែបន្តស្រាវជ្រៀវ យ៉ាងក្ដៅគគុក រហូតទាល់តែ ចាប់ជនសង្ស័យបាន ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម