ស្ត្រី​មេម៉ាយ ​កូន​៣ ​ម្នាក់​ ត្រូវ​រន្ទះបាញ់​ស្លាប់​ នៅ​លើ​ភ្លឺស្រែ ​យ៉ាង​អាណោចអាធ័ម

 
 

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីមេម៉ាយម្នាក់ ត្រូវរន្ទះអប្រីយ៍ ប្រល័យជីវិត គ្មានក្តីមេត្តា ស្លាប់នៅលើភ្លឺស្រែ យ៉ាងអាណោចអាធ័ម ចោលកូនប្រុស៣នាក់ នៅកំព្រាគ្មានទីពឹង បន្ទាប់ពីឪពុក បានស្លាប់ចោល អស់រយៈពេលនេះ ៥ឆ្នាំកន្លងទៅ តែពេលនេះ ត្រូវម្តាយស្លាប់ទៀត។ សាកសព ស្ត្រីរងគ្រោះ ត្រូវបានគេប្រទះឃើញ នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៩ ឧសភា ២០១៥ នៅចំណុចទំនប់ប្រឡាយ ក្តាន់ ស្ថិតក្នុងភូមិ អន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី។

បើតាមការរៀបរាប់ ឲ្យពីលោកអនុសេនីយ៍ឯក ក្រៃ សឹង្ហ នាយប៉ុស្តិ៍រដ្ឋបាលឃុំបត់ត្រង់ បានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១រសៀល ថ្ងៃទី០៩ ឧសភា ២០១៥ ស្ត្រីរងគ្រោះឈ្មោះព្រំ  ឈឺន អាយុ៤៩ឆ្នាំ នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ បានទៅបូមទឹកដាក់ស្រែជាមួយកូនប្រុសច្បង និងបងប្រុសឈ្មោះព្រំ ឈួន អាយុ៥២ឆ្នាំ នៅភូមិជាមួយគ្នា និងស្រែជាប់គ្នា ។ នៅពេលនោះ ផ្ទៃមេឃខ្មៅធ្លាក់ភ្លៀងលាយឡំ ជាមួយផ្គររន្ទះយ៉ាងខ្លាំង ស្ត្រីរងគ្រោះបានឲ្យកូនប្រុសច្បង បើកគោយន្តមកផ្ទះមុន បន្ទាប់មក ត្រូវបងប្រុសដេញឲ្យស្ត្រីរងគ្រោះជិះម៉ូតូមកផ្ទះមុនដែរ គាត់នៅតែម្នាក់ឯង បានហើយ  ។

លោកនាយប៉ុស្តិ៍ បានបញ្ជាក់ថា នៅពេលដែល ឈ្មោះព្រំ  ឈួន មកដល់ផ្ទះកូនៗ ទាំង៣នាក់នោះ មិនឃើញម្តាយ ក៏សួរនាំ ហើយគាត់ប្រាប់ថា គាត់បានដេញម្តាយឯង មកផ្ទះមុនអ៊ុំ ម្តេចមិនឃើញ បន្ទាប់គាត់បានសួរនាំអ្នកភូមិ គេថា មិនឃើញ ក៏កើតមានការភ្ញាក់ផ្អើល លុះដើរទៅរក នៅកន្លែងទុកម៉ូតូ ក្នុងខ្ទមស្រែឃើញម៉ូតូ ក៏នាំគ្នាដើររកបន្តទៀត ស្រាប់តែឃើញស្ត្រីរងគ្រោះ ដេកស្លាប់នៅលើទំនប់។ តាមការពិនិត្យសពស្ត្រីរងគ្រោះ គឺស្លាប់ដោយសាររន្ទះបាញ់ ព្រោះមានស្នាមជាំខ្លោចត្រង់គល់.ក ដើមទ្រូង និងពោះ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម