ឪពុក​អង្វ​រសុំ​អោយ ​កូន​ស្រី​ដ៏​ស្រស់​សោភា​ ដែល​ចាក​ចេញពីផ្ទះ​​ ព្រោះ​តែ​ស្តី​អោយ​រឿង ​អត់​ចូល​សាលា​​ត្រឡប់ ​មក​ផ្ទះ​វិញ

 
 

ខេត្តកំពង់ឆ្នាំង៖ ដោយសារបរិយាកាស សង្គមបច្ចុប្បន្នមាន ភាពជឿនលឿន និងលំហូរចូលនូវវប្បធម៌ ប្រទេសជិតខាង ពិសេសវប្បធម៌ បរទេស បានធ្វើអោយយុវវ័យខ្មែរ មួយចំនួនបានប្រាស ចាកសីលធម៌ដ៏ស្អាតស្អំ មិនគោរព និងស្តាប់តាមការ ប្រៀបប្រដៅរបស់ ឪពុកម្តាយ ធ្វើទៅតាមការអូសទាញ របស់ជនខិលខូច រហូតចាកចេញ ចោលផ្ទះសំបែង ដែលជាទីផ្តល់កំណើត បោះបង់ឪពុក-ម្តាយ ដែលធ្លាប់ថ្នាក់ ថ្នម ពីបាតជើង ក្រហមរងៀល ប្រថុយបណ្តែតខ្លួនតាម ខ្យែជីវិតគ្មានកោះត្រើយ និងគ្មានភាពកក់ក្តៅ ទៅតាមចិត្តនឹក ឃើញតែមួយភ្លែត មិនគិតពីអនាគត ដ៏វែងឆ្ងាយនោះឡើយ ។

និយាយបែបនេះមិន មានន័យបន្តុះបង្អាប់ លើយុវវ័យណាម្នាក់ឡើយ តែធាតុពិត យុវជនមួយចំនួនក្នុង សម័យបច្ចុប្បន្នពិតជា បានធ្វើយ៉ាង នេះមែន ហើយខាងក្រោម នេះក៏មិនមានន័យថា មើលងាយដល់ប្អូន ដែលបានគិតខ្លី ចាកចេញពីផ្ទះចោល ឪពុកម្តាយនោះដែរ តែជាការ ជួយ ដល់លោកអ្នកមាន គុណទាំងពីរ ដែលកំពុងតែសម្រក់ ទឹកភ្នែកទទឹងមើលផ្លូវកូន រាល់ថ្ងៃ អង្វរអោយកូនស្រី ជាទីស្រឡាញ់ ត្រឡប់ មកផ្ទះវិញ ដោយមិនប្រកាន់ទោស អូសដំណើរអ្វីឡើយ នេះជាព្រហ្មវិហារ របស់មាតាបិតា គ្រប់រូបចំពោះបុត្រធីតា របស់ខ្លួន ។

នៅលើកៅអីជ័រ ក្រោមដើមស្វាយ មុខផ្ទះ ធ្វើពីថ្មក្រោម ឈើលើ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់ កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បុរសជា ឪពុកឈ្មោះឡាច ស៊ីម៉ា អាយុ៤២ឆ្នាំ ក្នុងទឹកមុខ ស្រងូតស្រងាត់ បានរៀបរាប់ដោយ លើកបង្ហាញរូបថត របស់កូនស្រីដែល រត់ចេញពីផ្ទះថា កូនស្រីគាត់មាន ឈ្មោះម៉េត កន្និកា អាយុ១៦ឆ្នាំ រៀនថ្នាក់ទី៨E នៃវិទ្យាល័យព្រះបាទសុរាម្រឹត ។ រូបគាត់មាន មុខរបរជាអ្នក រត់ម៉ូតូឌុប ប្រពន្ឋគាត់ ឈ្មោះធឹម គឹមសាន អាយុ៤៤ឆ្នាំ ជាអ្នកលក់បន្លែនៅផ្សារលើ ។ គ្រួសារគាត់មាន កូនតែ២នាក់ប៉ុណ្ណោះ កូនស្រីបងនិង កូនប្រុស ប្អូន ។ គាត់បានសារភាព ថា ពិតជាបានស្តីបន្ទោស កូនស្រីពិតមែន ព្រោះចង់អោយកូនល្អ គ្មានឪពុកម្តាយណា ចង់អោយកូនអាក្រក់ នោះទេ ។

គាត់ចាំថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥ លោកគ្រូបង្រៀន បានហៅគាត់ជា ឪពុកទៅប្រាប់ថា  កូនស្រីគាត់បាន អវត្តមាននៅថ្នាក់ រៀនញឹកញាប់ណាស់ សូមជួយណែនាំផង ។ ល្ងាចនោះពេល កូនស្រីគាត់មកវិញ គាត់ក៏បានស្តីបន្ទោស ដល់កូនស្រីបន្តិចបន្តួច ពីរឿង គ្រូហៅគាត់ទៅ ព្រមានពីរឿង កូនស្រីអវត្តមាននៅ សាលារៀនញឹកញាប់ នៅល្ងាចនោះក្រោយ ពីស្តីបន្ទោសហើយ កូនស្រីគាត់មិន បាន តបតអ្វីទេ លុះស្អែកព្រឹកឡើង គឺថ្ងៃទី៧ ខែឧសភា កូនស្រីគាត់បាន ទៅរៀនជាធម្មតា ប៉ុន្តែនៅវេលាម៉ោង ១០ និង៣០នាទីព្រឹក កូនស្រី គាត់ បានត្រឡប់មកផ្ទះវិញ ហើយបានរៀបចំ ខោអាវចាកចេញ ពីផ្ទះតែម្តង ។

ស្ត្រីចំណាស់ឈ្មោះសយ ដែលត្រូវជាជីដូនយុវតីខាងលើ ដែលកំពុងអង្គុយ ជិតកូនប្រុស បានសម្រក់ ទឹកភ្នែក និងប្រឹងរៀបរាប់ថា គាត់មាន ជម្ងឺលើសឈាម ប្រចាំកាយ ថ្ងៃនោះគាត់បានឃើញ ចៅស្រីគាត់មកពី សាលារៀនវិញ ហើយបានប្រញាប់ រៀបចំខោអាវ ដាក់ក្នុងកាបូប រួចចាកចេញពីផ្ទះ គាត់ប្រឹងរត់តាម និងស្រែកសួរថា ចៅឯងទៅណា? ចៅស្រីក៏ឆ្លើយថា ខ្ញុំនៅធ្វើអ្វី បើពុកម៉ែមិន ត្រូវការខ្ញុំហើយនោះ? គាត់បានព្យាយាម រត់តាមចៅស្រីបណ្តើរ ស្រែកឃាត់ ចៅស្រី បណ្តើរ រហូតដល់ផ្លូវ បំបែកខាងជើងផ្ទះ គាត់បានឃើញ ក្មេងស្រីម្នាក់ ក្នុងសម្លៀកបំពាក់ សិស្សសាលា កំពុងបញ្ឆេះម៉ូតូ រង់ចាំចៅស្រីគាត់ ប៉ុន្តែគាត់គ្មានលទ្ឋភាព ទាញចៅស្រីគាត់ចុះ ពីម៉ូតូឡើយ ព្រោះតែ វ័យចំណាស់ របស់គាត់ និងដោយសារជម្ងឺ ប្រចាំកាយមិនអាចស្ទុះ តាមចិត្តបានឡើយ  គាត់បានត្រឹមតែ ដាក់គូថអង្គុយយំ សម្លឹងមើល ចៅស្រីគាត់រហូតផុត កន្ទុយភ្នែកតែប៉ុណ្ណោះ ។

បន្ទាប់ពីស្តាប់សំដីស្រី្តជាជំដូន និងឪពុកក្មេងស្រី ចាកចេញពីផ្ទះ ទាំងទឹកភែ្នក និងនិយាយចុងក្រោយ ថា សូមអោយកូនស្រី ប្រញាប់វិល ត្រឡប់មកផ្ទះវិញ គ្រួសារទាំងមូល កំពុងរង់ចាំ គ្មានអ្នកណាម្នាក់ ខឹងនិងកូនស្រីឡើយ ក្នុងនោះផងដែរ តាមរយៈសារ ព័ត៌មាននានា លោក ទាំង២សូមជូនដំណឹង ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ គ្រប់ទីកន្លែង បើបានឃើញ កូនស្រីដូច មានក្នុងរូបថតនេះ សូមមេត្តាផ្តល់ដំណឹង មកគាត់យក តែបុណ្យផង តាមទូរសព្ទ័ លេខ 088 86 51 744 ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម