សង្ខេបព័ត៌មាន នៃការវិវឌ្ឍន៍ នយោបាយ នៅកម្ពុជា នាពេលថ្មីៗ កន្លងទៅ
រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ មួយចំនួន ពីប្រភពសារព័ត៌មាននានា អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖
រូបភាពដកស្រង់ពីសារព័ត៌មាននានា
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើរសារទៅលោក សម រង្ស៊ី ឲ្យបកស្រាយ ចំពោះវីដេអូឃ្លីប
សារព័ត៌មានហ្វ្រេសញ៊ូវ បានទទួល និងចុះផ្សាយ សាររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលផ្ញើរទៅកាន់លោក សម រង្ស៊ី ដើម្បីឲ្យលោកពន្យល់ អំពីវីដេអូឃ្លីបមួយ ដែលលោក សម រង្ស៊ី បានធ្វើការរិះគន់ និងត្រូវបានគេបង្ហោះឡើង នាពេលថ្មីៗកន្លងទៅ ដោយក្នុងវីដេអូនោះ មានការលើកឡើង ដោយលោក សម រង្ស៊ីថា៖ «ចង់ចាប់ចោរ យើងទៅកៀកចោរសិនបងប្អូន សួរប៉ូលិសមើល របៀបប៉ូលិសចាប់ចោរ មិនមែនចាប់ចោរពីចម្ងាយទេ ប៉ូលិសចូលទៅ កៀកចោរសិនបានចាប់ចោរបាន។ ចាប់នេះខ្ញុំមិននិយាយថាចាប់បុគ្គលទេ ខ្ញុំនិយាយថាចាប់ល្បិច»។
សាររបស់សម្តេច ហ៊ុន សែន ដែលត្រូវបានសារព័ត៌មានខាងលើដកស្រង់ យ៉ាងដូច្នេះថា៖ «នេះជាវប្បធម៌សន្ទនា ដែល ឯ.ឧ ចង់បាន។ ចង់បានការបំភ្លឺពី ឯ.ឧ! ខ្ញុំមិនអាចទទួលយកការបកស្រាយ របៀបនេះបានទេ ខ្ញុំត្រូវចាប់មេចោរពិត និងកូនចោរពិត ដែលកំពុងមានសំណុំរឿងនៅតុលាការ សុំ ឯ.ឧ កុំពឹងពាក់ដៃចោរ លើកលែងទោសឲ្យកូនចៅ ឯ.ឧ ទៀត។ សូមប្រាប់ កឹម សុខា ផង បើប៉ះពាល់ម្តងទៀត CPP នឹងបោះឆ្នោតទម្លាក់ហើយ»។
បើយោងតាមសារព័ត៌មាន វីអូឌី ឲ្យចុះផ្សាយ ឲ្យដឹងដែរថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បដិសេធថា លោកមិនបានវាយប្រហារធ្ងន់ៗ លើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមវីដេអូឃ្លីបទេ ដោយបញ្ជាក់ថា វីដេអូនោះ ជារឿងចាស់ ដែលត្រូវបានគេថតបង្ហោះតាំងពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៤ នៅប្រទេសបារាំង ហេតុនេះ គ្មានអត្ថន័យអ្វីសម្រាប់បច្ចុប្បន្នកាល និងអនាគតកាលឡើយ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា៖ «ចំពោះគណបក្សសង្គ្រោះជាតិ ឯកឧត្តមប្រធាន សម រង្ស៊ី គឺមានភាពស្មោះត្រង់ នៅក្នុងវប្បធម៌សន្ទនា ព្រោះយើងមិនចង់ជួប ភាពជូរចត់ដូចក្នុងអតីតកាលទេ ព្រោះខ្មែរយើងជួប ភាពឈឺចាប់គ្រប់គ្រាន់ហើយ ចាប់ពីពេលនេះទៅ យើងជជែកគ្នាតែពីអ្វី ដែលមានប្រយោជន៍»។
លោក ហ៊ុន សែន៖ វប្បធម៌សន្ទនា និងនយោបាយឈ្នះៗ កំពុងឈានរកភាពជោគជ័យ
សារព័ត៌មាន RFA បានចុះផ្សាយ ថ្ងៃទី ៤ ឧសភា ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា គោលនយោបាយឈ្នះៗ និងវប្បធម៌សន្ទា កំពុងឈាន ទៅរកភាពជោគជ័យ ហើយលោកអរគុណ ចំពោះអ្នកគាំទ្រ វប្បធម៌នេះ។ ប៉ុន្តែលោកស្នើឲ្យមន្ត្រីចាប់ពីថ្នាក់ជាតិ រហូតដល់មូលដ្ឋាន សហការគ្នា តាមដានការជេរប្រមាថ ឬរករឿង ចោទប្រកាន់លោក ឬថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពីសំណាក់បក្សប្រឆាំង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «អត់មានកុម្មុយនិស្ត ផ្តាច់ការទេណា! បើចង់កុម្មុយនិស្ត ផ្តាច់ការធ្វើបីថ្ងៃ សាកមើលទៅ! ប៉ុន្តែមិនធ្វើទេ ហើយវប្បធម៌ត្រូវបន្ត បើបន្តត្រូវតាមដានមើលជេរប្រមាថ គឺអត់ទេ។ សេចក្តីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ បានចេញហើយ បន្តិចទៀតឯកឧត្តម សាយ ឈុំ នឹងធ្វើការណែនាំ ឲ្យតាមដានពិនិត្យមើលជេរទៀតអត់? អាក្បាលយួនខ្លួនខ្មែរទៀតអត់? កុម្មុយនិស្តផ្តាច់ការទៀតអត់? អានេះអានោះទៀត ឬអត់? បើឯកឧត្តម សម រង្ស៊ី គាត់ប្រកាសហើយថា អត់មានជេរគ្នាអត់មានអីទេ»។
គណបក្សប្រជាជន បញ្ជាឲ្យថ្នាក់ក្រោម តាមដាន គណបក្ស សង្គ្រោះជាតិ
យោងតាម សារព័ត៌មានភ្នំពេញប៉ុស្តិ៍ ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជា ទៅគណ:កម្មាធិការបក្សខេត្តក្រុង ឲ្យចាត់មន្ត្រីតាមដាន ថ្នាក់ដឹកនាំគណបក្សប្រឆាំង ដើម្បីអង្កេតមើល។ ក្នុងនោះ លោកសាយ ឈុំ អនុប្រធានសភាទីមួយ ព្រឹទ្ធសភា បានសរសេរនៅក្នុងបទបញ្ជា ឲ្យមានការចាត់តាំងមន្ត្រី សំរាប់តាមដាន ស្តាប់ និង កត់សម្គាល់ ឲ្យបានច្បាស់ អំពីការបំពានតាមរយ: ការបន្តប្រមាថ វាយប្រហារគណបក្ស និងថ្នាក់ដឹកនាំគណបក្ស ដូចជា ប្រើពាក្យ ក្បាលយួនខ្លួនខ្មែរ កុម្មុយនីស្តផ្តាច់ការ អាយ៉ងយួន ជនក្បត់ជាតិ អ្នកលក់ជាតិ មេចោរ និងភាសាប្រមាថដទៃៗទៀត ហើយបន្ទាប់មក រាយការណ៍ ទៅក្រុមប្រចាំការរបស់ក្រុមអចិន្ត្រៃយ៍ របស់ គណ:កម្មាធិការកណ្តាលភ្លាមៗ។
នាយករដ្ឋមន្ត្រី ព្រមាន ដាក់ទោសមន្ត្រី ឃុបឃិត ជាមួយឈ្មួញ ទិញកសិផល ផ្ដាច់មុខ
យោងតាម សារព័ត៌មាន RFA ចុះផ្សាយឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធី បើកការដ្ឋានសាងសង់ផ្លូវ ក្នុងខែត្រពោធិ៍សាត់ ថ្ងៃទី ៤ ឧសភា ព្រមានអភិបាលខែត្រ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ឲ្យទប់ស្កាត់ករណី ក្រុមឈ្មួញបានបន្ទាបតម្លៃកសិផល ដូចជា ស្រូវ កៅស៊ូ អង្ករ និងផលិតផលកសិផលផ្សេងៗទៀត។ ក្រុមឈ្មួញមួយចំនួន បានទិញផ្តាច់មុខ នៅតំបន់មួយចំនួន កំណត់តម្លៃទាបឲ្យកសិករ ដែលមិនអនុញ្ញាតឲ្យអ្នកទិញ ផ្សេងទៀតចូលទៅទិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «ថាមានជើងកាង ជើងកាងផ្តាច់មុខ គ្រប់ទីកន្លែងទាំងអស់។ ឥឡូវមានចៅហ្វាយខែត្រមកច្រើនណាស់ បើចៅហ្វាយខែត្រមិនបានមកទេ ត្រូវមើលតាមទូរទស្សន៍ឲ្យច្បាស់ ព្រោះមានជើងកាងកន្លែងខ្លះផ្តាច់មុខតែម្តង ត្រូវមើលកន្លែងហ្នឹង។ មានឲ្យផ្តាច់មុខមួយ មានតែម្នាក់ហ្នឹងអាចចូលទិញកន្លែងហ្នឹង បើមានមន្ត្រីណាពាក់ព័ន្ធ ត្រូវតែផ្តន្ទទោសម្នាក់ហ្នឹង អភិបាលខែត្រត្រូវតែមើល មិនចាំបាច់មន្ត្រីក្រសួងកសិកម្ម ពាណិជ្ជកម្មអីទេ ព្រោះការទិញគឺត្រូវបើកឲ្យសេរី»។
អតីតមន្ត្រី គ.ជ.ប ត្រូវបានតែងតាំង ជាទីប្រឹក្សារដ្ឋាភិបាល
សារព័ត៌មាន វីអូឌី ចុះផ្សាយថ្ងៃទី ៦ ឧសភា ឲ្យដឹងថា អតីតមេដឹកនាំ គ.ជ.ប ចាស់ចំនួន ៥រូប ត្រូវបានតែងតាំង ជាទីប្រឹក្សារដ្ឋាភិបាល បន្ទាប់ពីគណបក្សឈ្នះឆ្នោត ទាំងពីរសម្រេចប្តូរក្បាលម៉ាស៊ីន គ.ជ.ប ចាស់ ដោយទទួលស្គាល់ថា មានភាពមិនប្រក្រតីនៃការបោះឆ្នោតកន្លងមក។ ព្រះរាជក្រឹត្យតែងតាំងចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក ជា ស៊ីម ចុះថ្ងៃទី១១ ខែមេសា សម្រេចតែងតាំងអតីតប្រធាន គ.ជ.ប លោក អ៊ឹម សួស្តី ជាទីប្រឹក្សារដ្ឋាភិបាល មានឋានៈ ស្មើឧបនាយករដ្ឋមន្ត្រី ។ ចំណែកមន្ត្រី៤រូបទៀតរួមមាន លោក ហាវ៉ាណ ស៊ីវិល័យ លោក ស៊ិន ឌីម លោក សោ សុភរី និងលោកស្រី ស៊ីន ជំបូ ទីប្រឹក្សារដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី ។
តុលាការ កោះហៅលោកស្រី មូរ សុខហួរ ឲ្យចូលសវនាការឡើងវិញ
សារព័ត៌មានវីអូឌី បានចុះផ្សាយ ឲ្យដឹងថា តុលាការកោះហៅលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រ និងជាប្រធានផ្នែកទំនាក់ទំនងអន្តរជាតិរបស់គណបក្សសង្គ្រោះជាតិ ដែលមានអភ័យឯកសិទ្ធិ ឲ្យចូលសវនាការនៅសប្តាហ៍ក្រោយនេះ។ ចំណែកលោក មាឌ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិ និងសកម្មជនផ្សេងទៀត ដែលទើបនឹងដោះលែង ក៏ត្រូវបានតុលាការកោះហៅ ឲ្យចូលបំភ្លឺនៅថ្ងៃទី ១៩ ខែឧសភា ខាងមុខនេះដែរ។
ដោយ សី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!