សាលាដំបូង​ ចាត់ការ​ សំណុំរឿង​ ឧកញ៉ា​ថោ​ង សា​រ៉ាត់

 
 

រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានពីមេធាវី ការពារក្តីឱ្យអ្នកស្រី តាំង គឹមឆេង ភរិយាសពលោកឧកញ៉ា អ៊ឹង ម៉េងជឺ ជនរងគ្រោះក្នុងអំពើឃាតកម្មយ៉ាងឃោរឃៅ បានប្រាប់ឱ្យដឹងថា កាលពីសប្តាហ៍មុននេះអ្នកស្រី តាំង គឹមឆេង បានដាក់ពាក្យសុំចេញ ដីការរក្សាការពារ ហាមឃាត់ទ្រព្យសម្បត្តិ និងផ្ទះសម្បែងជាកម្មសិទ្ធិស្រប ច្បាប់ទាំងប៉ុន្មានរបស់ឧកញ៉ា ថោង សារ៉ាត់ ដែលកំពុងជាប់ឃុំ នៅពន្ធនាគារ ដើម្បីទុកទូទាត់សំណង រដ្ឋប្បវេណីលើជនរងគ្រោះ ទោះបីរឿងក្តីនេះរកស-ខ្មៅមិនទាន់ដល់ ការប្រកាសសាលក្រមក៏ដោយ ។ 

ប្រភពព័ត៌មានបន្តថា បណ្តឹងរបស់ភាគីជនរងគ្រោះ សុំចេញដីការក្សាការពារដាក់ចូល សាលាដំបូងរាជធានីភ្នំពេញ បានដល់ដៃលោកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមស៊ើបសួរហើយ ហើយទំនងមិនយូរទេ លោកស្រីចៅក្រមនឹងចេញដីការ រក្សាការពារនោះទៅឱ្យសមត្ថកិច្ចពាក់ព័ន្ធអនុវត្ត ។ 

សូមរំឭកថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានឃាតករបាញ់ប្រហារ យ៉ាងសាហាវព្រៃផ្សៃបំផុត បណ្តាលឱ្យស្លាប់ភ្លាម នៅកន្លែងលក់ផ្លែឈើ ក្បែរង្វង់មូលពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង៧ យប់ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៤ ។

សំណុំរឿងព្រហ្មទណ្ឌមួយនេះសម្រាប់អ្នកស្រី តាំង គឹមឆេង ជាភាគីជនរងគ្រោះក្រោយពីស្វាមី អ្នកស្រីបាត់បង់អាយុជីវិតទៅ បានប្តឹងរឿងរដ្ឋប្បវេណីទាមទារសំណង ជំងឺចិត្តពីក្រុមឃាតករ ក្នុងនោះជនជាមេខ្លោង ទឹកប្រាក់ចំនួន៥០លាន ដុល្លារអាមេរិក ។ ឯជនដៃដល់ និងអ្នកសមគំនិតក្នុង ម្នាក់១០លានដុល្លារអាមរិក ព្រមទាំងសំណូមពរឱ្យ តុលាការចាត់ការលើឧក្រិដ្ឋជន តាមផ្លូវច្បាប់ ។

បន្ទាប់ពីដាក់ពាក្យ បណ្តឹងរដ្ឋប្បវេណីនោះហើយ អ្នកស្រី តាំង គឹមឆេង រួមជាមួយមេធាវីការពារក្តី បានដាក់ពាក្យសុំចេញ ដីការក្សាការពារមួយថ្មីទៀត ដើម្បីហាមឃាត់ទ្រព្យសម្បត្តិឧកញ៉ា ថោង សារ៉ាត់ មិនឱ្យមានការលក់ដូរ ជួល បញ្ចាំ ឬផ្ទេរទៅអ្នកដទៃ ក្នុងគោលបំណងគេចវេះពីសំណង រដ្ឋប្បវេណីនេះ ។ 

ប្រភពព័ត៌មានដាច់ដោយ ឡែកមួយទៀតពីមេធាវីការពារក្តី ឱ្យជនត្រូវចោទ ថោង ចំរើន និងប្រពន្ធឈ្មោះ កែវ សារី ដែលជាឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ បានបង្ហើបឱ្យដឹងដែរថា សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះក្តី លើសំណុំរឿងកាន់កាប់ និងរក្សាទុកអាវុធ ដោយខុសច្បាប់ នៅថ្ងៃទី២០ ឧសភា ខាងមុខ ។

មេធាវីការពារក្តីឱ្យ ជនត្រូវចោទបន្តថា កូនក្តីរបស់លោក គឺលោក ថោង ចំរើន និងអ្នកស្រី កែវ សារី បានបដិសេធថា អាវុធប្រមាណជិត១០ ដើមដែលមានការចោទប្រកាន់ នោះជាកម្មសិទ្ធិស្របច្បាប់ របស់កូន (ឧកញ៉ា ថោង សារ៉ាត់) ដែលគេជាមន្ត្រីជាន់ ខ្ពស់នៃកងយោធពលខេមរភូមិន្ទ មានឋានន្តរស័ក្តិផ្កាយ២ (ឧត្តមសេនីយ៍ទោ) ។ ដូច្នេះរូបគាត់ ថោង ចំរើន និង កែវ សារី មិនជាប់ពាក់ព័ន្ធនឹងអាវុធនោះទេ ។ 

មេធាវីការពារក្តីឱ្យជនត្រូវ ចោទនៅតែមានជំនឿថា អង្គសវនាការដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២០ឧសភា ខាងមុខ ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះពិតជានឹងផ្តល់ យុត្តិធម៌ដល់កូនក្តីរបស់លោក ហើយនឹងដោះលែង ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ ឱ្យមានសេរីភាពវិញ ។ សូមបញ្ជាក់ ថា ជនត្រូវចោទឈ្មោះ ថោង ចំរើន និងអ្នកស្រី កែវ សារី ត្រូវបានចៅក្រមស៊ើប សួរសាលាដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម