អបអរ​ព្រះ​រាជ ពិធី​បុណ្យចម្រើន ព្រះជន្ម​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ​ចេញផ្សាយ​ ក្រដាសប្រាក់​ ១​ម៉ឺន​រៀល​ថ្មី

 
 

រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យចេញផ្សាយ និងធ្វើចរាចរណ៍ប្រើប្រាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រប្រភេទ ១០០០០រៀលគំរូថ្មី ។ ធនាគារជាតិ នៃកម្ពុជា សូមប្រកាសផ្សាយជាសាធារណៈ នូវលក្ខណៈសម្គាល់នៃ ធនប័ត្រគំរូថ្មីនេះ មានដូចខាងក្រោម ៖

ក-លក្ខណៈទូទៅ ៖
-ទំហំធនប័ត្រ ៖ បណ្តោយ១៥៥មិល្លីម៉ែត្រ និងទទឹង៧២មិល្លីម៉ែត្រ
-ពណ៌ចម្បង គឺពណ៌ទឹកសមុទ្រ ពណ៌ទឹកក្រូច និងពណ៌ត្នោត ។

ខ-ផ្ទៃខាងមុខ ៖
-ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍នៃព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មើលពីមុខបញ្ឆិតចំហៀងខាងឆ្វេង និងមានរូបក្បាច់ចម្លាក់ប្រាសាទបន្ទាយស្រី នៅពីក្រោយនិងពីក្រោម ខាងឆ្វេងមានលេខ «១០០០០» នៅពីលើគេបន្ទាប់មកគឺជា ហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបចម្លាក់ហោជាង ប្រាសាទក្នុងព្រះបរមរាជវាំង និងនៅពីក្រោមមានលេខ- មាលាបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ រូបចម្លាក់នាគក្បាល៧ នៅប្រាសាទធម្មនន្ទ និងអក្សរ «មួយម៉ឺនរៀល» ព្រមទាំងអក្សរ «អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់» នៅគែមខាងក្រោមនោះ ។ 


-ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» ជ្រុងក្រោមមានលេខ-មាលាបោះពុម្ពដោយទឹកខ្មៅ ពណ៌ក្រហម និងមានលេខ «១០០០០» ព្រមជាមួយលេខ «10000» នៅពីក្រោមនោះ និងនៅគែមក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំត្រូវ បានបោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលនឹងចេញជាលេខ «10000» ពេលមើលឆ្លុះទៅរកប្រភពពន្លឺអ្វីមួយ ។ 


-ផ្នែកខាងឆ្វេង មានលេខ «10000» ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងមាននិមិត្តសញ្ញា ពិសេសសម្រាប់ជនពិការ ភ្នែកនៅពីក្រោមនោះ និងនៅកៀនខាងឆ្វេង មានបន្ទះហូឡូក្រាម ទំហំ១០មិល្លីម៉ែត្រ ប្រកបដោយបច្ចេកវិទ្យាទំនើប និងស្តង់ដាកម្រិតខ្ពស់ កាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម ។

គ-ផ្ទៃខាងខ្នង ៖
-ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវ
រូបភាពប្រាសាទនាគព័ន្ធ ក្នុងខេត្តសៀមរាប និងមានអក្សរ «មួយម៉ឺនរៀល» នៅពីក្រោមនោះ ។

-ផ្នែកខាងស្តាំ មានរូបចម្លាក់ថ្មពលហៈ (ជាព្រះពោធិសត្វ) នៅក្នុងប្រាសាទនាគព័ន្ធ និងមានលេខ «១០០០០» នៅពីក្រោមនោះ ព្រមទាំងលេខ «10000» ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរនៅជ្រុងខាងលើ ។

-ផ្នែកខាងឆ្វេង ខាងលើមានអក្សរ «ធនាគារជាតិនៃកម្ពុជា» និងអក្សរ «NATIONAL BANK OF CAMBODIA» នៅបន្ទាប់គ្នា ខាងក្រោមមានលេខ «១០០០០» ព្រមជាមួយលេខ «2015» នៅពីលើនោះ និងនៅគែមក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលចេញជាលេខ «10000» ពេលមើលឆ្លុះទៅរកប្រភពពន្លឺអ្វីមួយ ។

ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រប្រភេទ ១០០០០រៀលគំរូថ្មី ត្រូវបានដាក់ឱ្យចរាចរទន្ទឹមគ្នា ជាមួយនឹងធនប័ត្រជាតិ ប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញ ផ្សាយរួចមកហើយ ។ សាធារណជនគ្រប់រូបត្រូវពិនិត្យ-សម្គាល់ធនប័ត្រថ្មីនេះឱ្យ បានច្បាស់លាស់ដើម្បីចៀស វាង ការភ័ន្តច្រឡំ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម