យ៉ាន លីនដា បង្ហោះសារ បកស្រាយ ការពិត អំពីការឈឺចាប់បំផុត ក្នុងជីវិតរបស់នាង
ព័ត៌មានដ៏កក្រើក និងកំពុងក្លាយជាប្រធានបទក្តៅនៅឡើយ ដែលបណ្តាសារព័ត៌មានក្នុងស្រុក ជាច្រើន បានធ្វើការបង្ហោះចុះផ្សាយយ៉ាងព្រោងព្រាត នាពេលថ្មីៗកន្លងទៅនេះ ពាក់ព័ន្ធនឹងចំណងស្នេហ៍ប្រេះស្រាំ របស់គូស្នេហ៍សិល្ប: ជាគូស្វាមីភរិយានឹងគ្នា អស់រយ:ពេលមួយទស្សវត្ស និងតែងតែត្រូវបានមហាជន កោតសរសើរ រហូតដល់មានអ្នកខ្លះ ហៅថាជា គូស្នេហ៍គំរូទៀតនោះ គឺលោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា ហើយនៅក្នុងខណ:នេះដែរ ការសង្ស័យ អំពីជម្លោះ ដែលធ្វើឲ្យអ្នកនាង យ៉ាង លីនដា មានរបួស ត្រូវបានលាតត្រដាងឡើងយ៉ាងច្បាស់ក្រឡែត តាមរយ:សារចុងក្រោយ របស់អ្នកនាង យ៉ាន លីនដា ដែលនាង បានបង្ហោះនៅលើគណនីហ្វេសប៊ុក កាលពីយប់ ថ្ងៃទី ៦ ឧសភា ម្សិលមិញ ពីប្រទេសអូស្ត្រាលី។
វេបសាយខ្មែរឡូត សូមធ្វើការចុះផ្សាយ ខ្លឹមសារទាំងស្រុង នៃសាររបស់នាង ដើម្បីចែកជូនដល់ ប្រិយមិត្តអ្នកអាន ដែលតែងតែតាមដាន ចង់ដឹង ឲ្យបានជ្រាប យ៉ាងដូច្នេះថា៖
«ជំរាបសួរពុកម៉ែ បងប្អូន ជនរួមជាតិជាទីគោរព។ ក្នុងនាមនាងខ្ញុំ ជាកូនខ្មែរ ជាស្ត្រីខ្មែរ ជាសិល្បះការិនីខ្មែរមួយរូប នាងខ្ញុំស្គាល់ច្បាស់ ពីតំលៃនៃជាតិសាសន៍របស់ខ្លួន ស្គាល់ពីតំលៃរបស់ស្ត្រី ស្គាល់ពីតំលៃខ្លួនឯង និងស្គាល់ពីតួនាទីរបស់ខ្ញុំ ក្នុងនាមជា ប្រពន្ធ ជាម្តាយ។ ជាការពិតណាស់ ចង្កៀងក្នុងផ្ទះអ្នកណា គឺច្បាស់ជាភ្លឺក្នុងផ្ទះអ្នកនោះ។ ខ្ញុំជាស្រីម្នាក់ ក៏ព្រោះតែភាពទន់ខ្សោយ ទើបកន្លងមក នាងខ្ញុំទ្រាំ ទន្ទេញតែពាក្យមួយម៉ាត់គត់ជាប់និងចិត្ត ខួរក្បាលរបស់ខ្ញុំគឺទ្រាំ។ នៅពេលមានបញ្ហានេះកើតឡើង តើមានមនុស្សប៉ុន្មាននាក់ ដែលដឹងពីចិត្តរបស់ខ្ញុំ មនុស្សគ្រប់ រូបបេះដូងនណា ក៍ធ្វើពីសាច់និងឈាម មានការស្រលាញ់ ខឹង ស្អប់ ដូចៗគ្នា តែការទ្រាំ អត់ធ្មត់ទៅវិញទេ ដែលមានព្រំដែន ចុះបើទ្រាំលើសពីទ្រាំ មាននណាម្នាក់ ដែលរស់ដោយការទ្រាំរហូតដល់ ជីវិតចុងក្រោយ ហើយមានមនុស្សណាម្នាក់ដែលទ្រទំងន់ទុក្ខ បានពេញមួយជីវិត? អ្នកគ្រប់គ្នា ធ្លាប់តែឃើញ ការញញឹមរបស់ស្ត្រីម្នាក់នេះ ចុះពេលទឹកភ្នែកខ្ញុំហូរ តើមាននណាឃើញទេ? ហើយពេលដែលខ្ញុំ ឈឺចាប់ តើខ្ញុំត្រូវស្រែកប្រាប់គេឯងអោយយល់ឬ? តើអ្នកណា ដែលជួយរំលែកទុក្ខពីខ្ញុំ បានក្រៅតែអំពីខ្ញុំខ្លួនឯង ដែលត្រូវទ្រាំខាំមាត់សង្កត់ចិត្ត អត់ធ្មត់ ដើម្បីចង់បានសុភមង្គល និងដើម្បីអនាគតកូនស្រីរបស់ខ្ញុំ។ ពេលមានបញ្ហាស្ត្រីងាយរងគ្រោះណាស់ ជំនឿចិត្តមកលើរូបនាងខ្ញុំ ហាក់ដូចជាផុយស្រួយ សួរថាតើដើម្បីអោយគេមានជំនឿមកលើនាងខ្ញុំ ដើម្បីភាពស្អាតស្អំរបស់ខ្ញុំ តើខ្ញុំត្រូវហែកទ្រូង អោយក្អែកចឹកឬយ៉ាងណា? តើខ្ញុំធ្វើឥចឹងដើម្បីអ្វី? ខ្ញុំដឹងថានៅពេលដែលមានបញ្ហានេះកើតឡើង គេច្បាស់ជាលាបពណ៌ ដោយនិយាយចោទថាខ្ញុំ មានអ្នកទីបី ខ្ញុំមិនល្អដោយប្រការនេះ ប្រការនោះ តើលើលោកនេះ មានអាថ៌កំបាំងទេ? ហើយប្រសិនបើ នាងខ្ញុំជាមនុស្សម្នាក់ ដែលភ្លើតភ្លើន ចង់ខ្ពស់ហួសមាឌ ដូចដែលគេលាបពណ៌មែននោះ តើនាងខ្ញុំសុខចិត្ត លំបាកចោលឪពុកម្តាយ ចោលក្រុមគ្រួសារ ចោលកូន មកតាមប្តីទេ មួយជីវិតរបស់ខ្ញុំ ខ្ញុំតាមប្តីរហូត នាងខ្ញុំមិនដែលបានគេងនៅផ្ទះ ជាមួយកូន អោយប្តីរកលុយចិញ្ចឹមទេ គឺខ្លួនឯងប្រឹងប្រែងទាំងឈឺ ទាំងជារជាមួយប្តី ទោះកំលាំងកាយស្រែកថាទេ តែកំលាំងចិត្តនៅតែឈានដើរទៅ។ តើខំដើម្បីអ្វី? ខ្ញុំតែងតែបន់ស្រន់ សូមកុំអោយមានរឿងបែបនេះ កើតឡើង ក្នុងជីវិតរបស់ខ្ញុំ តែវាក៏មកដល់ តែវាមិនមែនជារឿងថ្មី លើកទីមួយទេ ឥចឹងបើវាជារឿង ធ្លាប់កើតឡើង តើកន្លងមកខ្ញុំទ្រាំប៉ុណ្ណា ? ហើយចាំបាច់អី ដែលខ្ញុំត្រូវនិយាយ អោយគេអាណិត?។ មនុស្សយើងម្នាក់ៗ ត្រូវការណាស់សុភមង្គលសម្រាប់ជីវិត លុយកាក់កើតតាមក្រោយទេ អោយតែខំ។ តើខ្ញុំអន់ជាងមនុស្សស្រី ទូទៅប៉ុណ្ណាទៅ? ហេតុអ្វីត្រឹមតែ ភក្តីភាព ភាពស្មោះត្រង់ រវាងគ្នានិងគ្នា និងសុភមង្គលមួយ ផ្តល់អោយខ្ញុំនិងកូនមិនបាន? តើប្រឹងធ្វើការរកលុយ យកមកទិញវាបានទេ? ខ្ញុំថាមិនបានទេ.... ដូច្នេះហើយថាតើស្រលាញ់ខ្ញុំដើម្បីអ្វី? ហើយមានភាពស្មោះត្រង់ ជាមួយខ្ញុំនឹងកូន ដល់កំរិតណា? នាងថា នាងខ្ញុំទ្រាំមកដល់ទីបំផុតហើយ នាងឈឺចាប់ណាស់ ។ ដើរមកដល់ថ្ងៃនេះ មុតបន្លារ ឈឺហើយជារ ជាហើយឈឺ មុតសុះសាច់ សួរថា ខ្ញុំចង់អោយកូនកំព្រាឪពុក ចង់មានឈ្មោះជាស្ត្រីមេម៉ាយទេ? នណាក៏ស្រលាញ់កិត្តិយសរបស់ខ្លួន និងគ្រួសារដែរ! រហូតមកដល់ពេលនេះ ក៏ខ្ញុំនៅតែខាំមាត់ បៀមទុក្ខ លាក់រឿងទាំងអស់នៅក្នុងចិត្ត នេះខ្ញុំជាស្រីផង...... តើបុរសបែបណាទៅ ដែលយកប្រពន្ធខ្លួនឯង ទៅលាបពណ៌ បំលែង បំភ្លៃអោយប្រពន្ធខ្លួនឯង អាក្រក់ ហើយល្អតែម្នាក់ឯង? អ្នកមានបេះដូងជាប្រុសទេ? មានបេះដូងជាឪពុកទេ? ជាងដប់ឆ្នាំមកនេះ បេះដូងរបស់ខ្ញុំ ឈឺហួសឈឺ តែលើកនេះ គឺឈឺខ្លាំងណាស់ក៏ប្រហែលមិនងាយ ជារវិញដែរ។ បើខ្ញុំជាមនុស្សស្រីប៉ិនប្រច័ណ្ទ ចិត្តមិនធ្ងន់ មិនគោរពប្តី មិនអោយតំលៃប្តីម្ល៉េះពេលវេលា ដែលខ្ញុំទ្រាំ មិនវែងឆ្ងាយរហូតមកដល់ពេលនេះទេ! ការសម្រេចចិត្តរបស់ខ្ញុំ ពេលនេះ ព្រោះខ្ញុំចង់ចាកចេញពីរូបភាពក្លែងក្លាយ ចេញពី គំនៀប ចេញពីសម្ពាធ ចេញពីរង្វង់កំណត់ជីវិត ចេញពីស្នាមញញឹមសិប្បនិមិត្ត ខ្ញុំឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត យូរល្មមគ្រប់គ្រាន់ហើយ ក៏មិនមែនលើកទីមួយដែរ ក្តីស្រលាញ់ដែលលើកដៃ មកវាយធ្វើបាបខ្ញុំ បែបនេះ តើនៅមានប៉ុន្មានដងទៀត .... នៅសេសសល់ ក្តីស្រលាញ់ចុងក្រោយ ទាំងប៉ុន្មាន គឺសំរាប់កូនរបស់ខ្ញុំទាំងអស់ ខ្ញុំមានមោទនៈភាពណាស់ដែលខ្លួនឯង បានបំពេញតួនាទីជាម្តាយ ព្រោះខ្ញុំ បានប្រាប់ខ្លួនឯងថា ខ្ញុំគឺម្តាយដ៏ល្អរបស់កូនខ្ញុំជារៀងរហូត............ ចុះអ្នក ??????
ជាចុងក្រោយ នាងខ្ញុំ សូមថ្លែងអំណរគុណ ដល់អ្នកគាំទ្ររូបនាងខ្ញុំកន្លងមក និងមិត្តភក្តិសិល្បះទាំងអស់ ដែលតែងតែស្រលាញ់ រាប់អាន មកលើរូបនាងខ្ញុំ ហើយធ្លាប់រួមកាងារជាមួយគ្នា វាជាអនុស្សាវរីយ៍ដ៏ល្អ ជាការចងចាំមួយ ដែលដក់ជាប់ក្នុងចិត្តរបស់ខ្ញុំ គ្មានថ្ងៃបំភ្លេចបាន។ និងសូមអភ័យទោសដល់បណ្តារ ក្រុមកាងារ និងម្ចាស់កម្មវិធីមួយចំនួន ដែលនាងខ្ញុំ បានរំសាយកាងារទាំងនោះ ក៏ព្រោះតែវាប៉ះពាល់ ដល់សម្ពាធផ្លូវចិត្ត របស់នាងខ្ញុំខ្លាំង សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ ហើយអធ្យាស្រ័យ ។ លាហើយមិត្តភក្តិទាំងអស់ សូមអោយ អ្នកគ្រប់គ្នា មានតែសេចក្តីសុខ និងមានតែស្នាមញញឹមជារៀងរហូត» ។
ក្រោយពីបានអាន សារចុងក្រោយ របស់អ្នកនាង លីនដា រួច តើប្រិយមិត្ត មានការយល់ឃើញ ឬ មតិ យ៉ាងណាខ្លះ?
ប្រភព៖ ហ្វេសប៊ុក យ៉ាន លីនដា
ដោយ សី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!