មេបញ្ជាការ​ តាម​ព្រំដែន ​ខេត្តមណ្ឌល គិរី នៅ​តែ​ ធ្វេសប្រហែស ខណៈ​វៀតណាម ​៥​នាក់​លួច ​ចូល​មក ​កាប់​ឈើ ត្រូវ​ឃាត់ខ្លួន

 
 

ខេត្តមណ្ឌលគិរី ៖ បុរសជាជនជាតិ វៀតណាមចំនួនប្រាំនាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដែលប្រចាំការណ៏ នៅតំបន់អភិរក្ស ជីវចម្រុះសីមា ចាប់ឃាត់ខ្លួនបាន ខណៈពួកគេកំពុងធ្វើ សកម្មភាពប្រមូល ផលព្រៃឈើ ដោយខុសច្បាប់ នៅលើទឹកដីប្រទេស កម្ពុជា ។

ប្រតិបត្តិការនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី៤ ឧសភា ២០១៥ ត្រង់ចំនុចអូប៉ាម ស្ថិតក្នុងភូមិសាស្ត្រ ព្រៃអភិរក្ស ស្រុកកែវសីមា និងស្រុកអូរាំង ខេត្តមណ្ឌលគិរី ជាប់នឹងព្រំដែន ប្រទេសកម្ពុជា និងវៀតណាម ។ ចំណាត់ការចាប់បង្ក្រាប លើជនជាតិយួនដែលលួច ចូលមកកាប់ព្រៃឈើស្រុកខ្មែរនេះ មិនមែនជាករណីទីមួយឡើយ ព្រោះករណីបែបនេះកន្លងមក ធ្លាប់ត្រូវបាន សមត្ថកិច្ចរបស់កម្ពុជា ធ្វើការបង្ក្រាបរាប់ភ្លេចដងទៅហើយ ។ 

កងកម្លាំងចុះប្រតិបត្តការ ខាងលើបានឲ្យដឹងថា នៅចំនុចដែលបង្ក្រាប ជនជាតិវៀតណាមទាំងនោះ គេឃើញមាន រោងប្រក់តង់ចំនួន៦ នឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជាច្រើនមុខទៀត មិនខុសពីជុំរុំ ស្នាក់នៅរយៈពេលយូរឡើយ ដូច្នេះបើតាមការសន្និដ្ឋាន របស់សមត្ថកិច្ច ក្រុមជនជាតិយួនទាំងនេះ ពិតជាបានចូលមក ធ្វើសកម្មភាពកាប់ឈើ នៅតំបន់ហាមឃាត់នេះ យូរថ្ងៃមកហើយ ។

សេចក្តីរាយការណ៏ បាននិយាយថា ឈើប្រភេទស្រឡៅ អារជ្រៀក រួចមានមុខកាត់ធំៗ ច្រើនដុំ ក៏ត្រូវបានគេប្រទះ ឃើញនៅទីតាំងខាង លើដែរ ហើយមានមនុស្សសរុប ប្រមាណជាង២០នាក់ ប៉ុន្តែសមត្ថកិច្ច អាចបង្ក្រាប បានតែប្រាំនាក់ ព្រោះនៅតំបន់ខាងលើ ស្ថានភាព ក្នុងព្រៃស្មុកស្មាញពេក ទើបមិនអាចចាប់បានទាំងអស់ ។ យ៉ាងណា សម្ភារៈមួយចំនួន ត្រូវបានរឹបអូស ដូចជា ម៉ូតូ រណាយន្ត៨គ្រឿង បង់កាំភ្លើង១ សត្វត្រគួត១ និងរបស់របរ ប្រើប្រាស់ផ្សេងៗ ។   

មជ្ឍដ្ឋាននានាបានលើកឡើងថា នៅពេលបង្ក្រាបបទល្មើស ដែលកើតមានតាមព្រំដែន ចាប់ពីស្រុកកោះញែក ពេជ្រាដា អូរាំង កែវសីមា សុទ្ធសឹងតែជា ជនជាតិវៀតណាម តើសមត្ថកិច្ចព្រំដែន ដែលឈរជើងនៅ តាមចំនុចទាំងនោះ បានដឹងដែរឬទេ? មជ្ឈដ្ឋានអ្នកតាមដានបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បានសម្តែងប្រតិកម្មថា រាល់ចំណុចព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម តែងមានប៉ូលិស និងយោធា ការពារព្រំដែន ចុះហេតុដូចម្តេច?

ក៏ចេះតែបណ្តែតបណ្តោយ ឲ្យជនបរទេសអាចធ្វើសកម្មភាព និងប្រព្រឹត្តឹបទល្មើសខុស ច្បាប់លើទឹកដីរបស់ខ្លួនទៅវិញ ។ ឬមួយអស់លោកជាអ្នករួមគំនិត ប្រព្រឹត្តឹបទល្មើសទាំងនោះដែរ?  ក្រុមអ្នកតាមដានបាន និយាយទៀតថា បើពុំមានផលប្រយោជន៏ ដល់មន្ត្រីជំនាញខ្លះទេ ទោះបីជនជាតិ យួនទាំងនោះមានស្លាបហើរ ក៏មិនអាចឆ្លងដែន ចូលមកកាប់ឈើ នៅលើទឹកដីខ្មែរបាន ដោយសេរីបែបនេះដែរ ។
   
ជាក់ស្តែងកាល ពីជាងមួយខែមុន គឺនៅថ្ងៃទី២៥ មិនា ២០១៥ ជនជាតិ វៀតណាមទាំង៦នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ ពីពួកគេបានព្យាយាមចូលមកដឹកជញ្ជូនឈើ ប្រភេទសុក្រំ ដែលអាររំលុំរួច ប្រមាណ១០ដើម ចេញពីទឹកដីកម្ពុជា ត្រង់ចំណុចគីឡូម៉ែត១៥៩ ក្នុងភូមិសាស្ត្រស្រុកកែវសីមា ។ ហើយមន្ត្រីយោធាព្រំដែនម្នាក់ ក៏កំពុងស្ថិតនៅក្រោម ចំណាត់ការរបស់ តុលាការខេត្តផងដែរ ក្នុងករណី អនុញ្ញាតឲ្យជនជាតិ យួនចូលមកដឹកឈើខុសច្បាប់ ក្នុងដែនគ្រប់គ្រង របស់ខ្លួន ។   

លោក ទៀ ខៃម៉េង មេបញ្ជាការ កងអនុសេនាធំទី២ ចំណុះឲ្យវរៈសេនាតូច ការពារព្រំដែនលេខ១០៣ កោះសន្តិភាព មិនអាចទំនាក់ទំនង សុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី៤ ឧសភា ព្រោះទូរស័ព្ទរបស់លោក ដាក់ប្រព័ន្ឋជាប់រវល់ ។ ដោយឡែកចំពោះ ជនជាតិយួនទាំងប្រាំនាក់ខាងលើ បច្ចុប្បន្នជំនាញ កំពុងធ្វើការសាកសួរនៅ ស្នាក់ការអភិរក្សជីវចម្រុះសីមា ដើម្បីរកមេខ្លោង នៅពីក្រោយខ្នង ហើយអាចនឹងបញ្ជូនទៅសាលាដំបូង ខេត្តនៅថ្ងៃទី៥ ឧសភា ។

ជាការកត់សម្គាល់ ឈើព្រៃឈើចម្រុះរបស់កម្ពុជា តាមបន្ទាប់ព្រំដែននាពេលបច្ចុប្បន្ន ហាក់កំពុងជិតឈានដល់ សញ្ញាប្រកាសអាសន្នហើយ បន្ទាប់ពីសកម្មភាពចូល កាប់បំផ្លាញពីសំណាក់ជនបទេស នឹងក្រុមឈ្មួញទុច្ចរិក ជាជនជាតិខ្មែរ មួយក្តាប់តូច បានបង្កើនសកម្មភាព អារ កាប់ ដឹកជញ្ជូនឈើ ស្ទើរគ្រប់ប្រភេទ ឆ្លងដែនលក់ឲ្យថៅកែវៀតណាម ដោយគ្មានលោះ មួយថ្ងៃណាសោះ ។

រាល់សកម្មភាព កាប់បំផ្លាញព្រៃឈើ នៅតាមបន្ទាត់ព្រំដែន ត្រូវបានគេមើលឃើញថា មិនមែនមានទ្រង់ទ្រាយ តូចតាចឡើយ ពោលគឺ ពួកគេបាន ប្រើប្រាស់មធ្យោបាយ ដូចជា ឡានដំរីទឹក កែច្នៃ ឡានប្រភេទបង្គុង ឡានយីឌុប ជាដើមដែលមួយគ្រឿងៗ អាចមានសមត្ថភាពផ្ទុកឈើបាន រាប់សិបម៉ែត្រគូប ។

បើយ៉ាងដូច្នេះ ក្រុមអ្នកតាមដាន បានមើលឃើញថា ឈើព្រៃឈើនៅក្នុង ខេត្តមណ្ឌលគិរីនឹងក្លាយ ជាវាលរហោដ្ឋានក្នុង ពេលដ៏ខ្លីខាងមុខ ៕








ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម