ជួល​ម៉ូតូ​ឌុប ​ជិះ​ទៅ​ផ្ទះ ​ត្រូវ​អ្នក​រត់​ម៉ូតូ​ឌុប​ នាំ​ចូល​ ផ្ទះ​សំណាក់ ​ប៉ង​រំលោភ​

 
 

ខេត្តត្បូងឃ្មុំ ៖  នារីម្នាក់ ត្រូវអ្នករត់ម៉ូតូឌុប ចិត្តអប្រិ៍យ ឌុបចូលផ្ទះសំណាក់ ថ្នល់ទទឹង ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជុប ស្រុកត្បូងឃ្មុំ កាលពីវេលាអាធ្រាត្រ ឈានចូលព្រឹក ថ្ងៃទី២ ឧសភា ២០១៥ ប៉ងចាប់រំលោភសេពសន្ថវៈ តែត្រូវបានម្ចាស់ផ្ទះសំណាក់ ចិត្តធម៌ ជួយនាំនាងទៅរកកន្លែងសុវត្ថិភាព ចំណែកអ្នករត់ម៉ូតូឌុប កំហូចនោះ បានគេចខ្លួន បាត់ស្រមោល។

លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរង នគរបាលស្រុកត្បូងឃ្មុំប្រាប់ឲ្យដឹងថា នារីរងគ្រោះវ័យ ១៨ឆ្នាំរូបនេះត្រូវបានសាច់ញាតិជាបងប្អូនជីដូនមួយនាំចេញ ពីស្រុកឈូក ខេត្តកំពត ឆ្ពោះមកកាន់ហាងខារ៉ាអូខេ មួយ នៅក្រុងសួង កាលពីថ្ងៃទី៣០ មេសា ២០១៥ ដើម្បីបំរើការងារនៅទីនោះ ធ្វើជាអ្នកបំរើខារ៉ាអូខេ យកប្រាក់ទៅផ្តត់ផ្គង់ ជីវភាពគ្រួសារ ។

លោកអធិការរងនគរបាល ស្រុកត្បូងឃ្មុំ ប្រាប់បន្តថា នៅវេលាម៉ោង១យប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២ ឧសភា ពេលដែលនារីរងគ្រោះបំរើភ្ញៀវ ចូលច្រៀងសប្បាយ ភ្ញៀវចេះតែលូកលាន់ នាងពេក ធ្វើឱ្យនាងទ្រាំ នៅមិនបានក៏លួចរត់គេច ចេញមកក្រៅហាង  ហើយបានហៅម៉ូតូឌុប ១គ្រឿង ឲ្យឌុបទៅកាន់ក្រុងកំពង់ចាម តែអ្នករត់ម៉ូតូឌុប កំហូចនោះ បែរជាឌុបនាង ចូលទៅផ្ទះសំណាក់ ថ្នល់ទទឹងជួលបន្ទប់មួយដើម្បីដេក។ 

ពេលទៅដល់លើបន្ទប់ផ្ទះសំណាក់ អ្នករត់ម៉ូតូឌុបនោះ បានអូសដៃនាង ចូលទៅក្នុងបន្ទប់ តែនាងមិនព្រមចូលទេ ពេលនោះម្ចាស់ផ្ទះសំណាក់ឃើញ អ្នកទាំង២ ប្រទាញប្រទង់គ្នា មិនទំនងក៏ចូលទៅសួរនាំ ដឹងមិនស្រួល ក៏ឲ្យនារីរងគ្រោះ មកដេកជាមួយកូនស្រី របស់ម្ចាស់ផ្ទះសំណាក់ ។ រីឯបុរសកំហូច អ្នករត់ម៉ូតូឌុប បានប្រញាប់ទាញម៉ូតូ ជិះគេចមិនដឹងទៅទីណា រហូតមកដល់ ព្រឹកថ្ងៃទី២ ឧសភា ម្ចាស់ផ្ទះសំណាក់បានរាយការណ៍ ទៅវិទ្យុក្នុងស្រុកមួយ ឲ្យបានដឹងពីហេតុការណ៍ ដែលបានកើតឡើង។

លោកវរសេនីយ៍ត្រី ឡុង សារិន  អធិការរងនគរបាលស្រុកត្បូងឃ្មុំ បញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី២ ឧសភា ដដែល តំណាងវិទ្យុក្នុងស្រុកនោះបានមកទទួលយក នារីរងគ្រោះ ដោយមានធ្វើលិខិត ប្រគល់ត្រឹមត្រូវផងដែរ ហើយសមត្ថកិច្ច នឹងបន្តចុះស្រាវជ្រាវ បន្ថែមទៀត ជុំវិញករណី ដែលបានកើតឡើង ខាងលើនេះ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម