ប្លន់​អាជីវ​ករ ដូរ​លុយ និង​លក់​មាស ​នៅ​ផ្សារ​បឹង​កេង​កង​ យក​អស់​ ជាង​៥​ម៉ឺន​ដុល្លារ​

 
 

រាជធានីភ្នំពេញ ៖ អាជីវករដូរលុយ និងលក់មាសនៅផ្សារ បឹងកេងកង២នាក់ប្តីប្រពន្ធ ត្រូវបានក្រុមចោរប្លន់ ប្រដាប់អាវុធមានគ្នា ២នាក់ធ្វើ សកម្មភាពភ្ជង់ ប្លន់ដល់មុខផ្ទះ យកកន្ត្រកដាក់ គ្រឿងអលង្ការ និងកាបូបប្រាក់អស់ ប្រមាណជាង៥ម៉ឺនដុល្លារអាមេរិក ខណៈពេលពួកគាត់ជិះរថយន្ត ម៉ាកហាយឡិនឌ័រ ធ្វើដំណើរចេញពីផ្សារ មកដល់ផ្ទះ ។

ហេតុការណ៍នេះបាន បង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៣ ឧសភា ២០១៥ នៅចំណុចផ្ទះលេខ៤១ ផ្លូវ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនរងគ្រោះ ដែលត្រូវចោរភ្ជង់ប្លន់ ប្តីឈ្មោះយឹម ឡេង អាយុ៤៥ឆ្នាំ និងប្រពន្ធឈ្មោះហេង ម៉ាលី អាយុ៣១ឆ្នាំ ជាអាជីវករដូរលុយ និងលក់គ្រឿងអលង្ការ នៅផ្សារបឹងកេងកង ស្នាក់នៅផ្ទះ កើតហេតុខាងលើ។

តាមសាក្សីបានឱ្យដឹងថា ក្រុមចោរប្លន់មានបក្ស ពួក២នាក់ប្រដាប់ដោយ កាំភ្លើងខ្លីជិះម៉ូតូធុនC125 ពណ៌ខ្មៅបានធ្វើ សកម្មភាពភ្ជង់ប្លន់ស្ត្រីជាភរិយា ដណ្តើមយកកន្ត្រក និងកាបូបប្រាក់ ហើយជិះគេចខ្លួន ដោយសុវត្ថិភាព។

សាក្សីបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបាន ជិះរថយន្តម៉ាកយាយឡិនឌ័រ ធ្វើដំណើរមកពីផ្សារបឹងកេងកង ពេលមកដល់ មុខផ្ទះ ជនរងគ្រោះបាន នាំគ្នាចុះពីរថយន្ត ហើយបើកទ្វារបម្រុងចូលផ្ទះ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ប្រដាប់ដោយកាំភ្លើងខ្លី មួយដើមមកភ្ជង់ប្លន់ស្ត្រី ជាប្រពន្ធយកកន្ត្រក គ្រឿងអលង្ការ និងកាបូបប្រាក់តែម្តង។

ក្នុងសកម្មភាព នោះស្ត្រីជាប្រពន្ធ បានស្រែកឆោឡោ ចំណែកប្តីបានរត់ ដេញតាមក្រុមចោរ តែទោះជាយ៉ាងណា ក្រុមចោរបានដកកាំភ្លើងភ្ជង់គំរាម គេឯងនៅជុំវិញ ហើយជិះគេចខ្លួន បាត់ស្រមោលតែម្តង។

នៅក្នុងកាបូប និងកន្ត្រកដែលជនសង្ស័យ ប្លន់យកទៅមានគ្រឿង អលង្ការ៥ម៉ឺនដុល្លារ និងលុយ១០លាន រៀល។ ករណីនេះ ត្រូវបានប្រភពឱ្យដឹងថា ក្រុមចោរអាចជិះតាមជនរងគ្រោះ យូរហើយទើបតែថ្ងៃនោះ មានឱកាសក៏ធ្វើសកម្មភាព តែម្តង ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម