នគរបាល ខេត្ដកំពង់ចាម ប្រើពេល ៣ម៉ោង ចាប់ខ្លួនជនញៀនថ្នាំ ដែលបាញ់ប៉ង សម្លាប់ម្ដាយ

 
 

កំពង់ចាម៖ កម្លាំងនគរបាល អន្ដរាគមន៍ពិសេស របស់ស្នងការដ្ឋាន នគរបាលខេត្ដ កំពង់ចាម សហការជាមួយកម្លាំង នគរបាល ស្រុកចំការលើ បានធ្វើការឡោមព័ទ្ធ និងប្រើយុទ្ធសាស្ដ្រ ប្រមាណ៣ម៉ោង ទើបឈានទៅដល់ការ បង្ក្រាបនិង ចាប់ខ្លួនជន ញៀនថ្នាំម្នាក់ ដែលបាញ់ប៉ង សម្លាប់ម្ដាយ បង្កើតរបស់ខ្លួន និង ប្រើប្រាស់អាវុធ អត់ច្បាប់ ចំនួន២ដើម ។

ប្រតិបត្ដិការចាប់ជន ញៀនថ្នាំនិងជាមុខ សញ្ញាចែកចាយគ្រឿងញៀន ដ៏សកម្មខាងលើនេះ បានធ្វើ ឡើងតាំងពី វេលាម៉ោង ៨ព្រឹក ដល់ម៉ោង១១ព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះ ជនសង្ស័យតែម្ដង គឺក្នុងភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្ដកំពង់ចាម ។
ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រត្ន័ ដែលដឹកនាំកម្លាំង បញ្ជាផ្ទាល់បាន បញ្ជាក់ថា ជនសង្ស័យរូបនេះ កាលពីយប់មិញ បានបាញ់គំរាម សម្លាប់ម្ដាយរបស់ខ្លួន រួចហើយបាន បាញ់ដៃស្ដាំខ្លួន មួយគ្រាប់ បណ្ដាលឱ្យរងរបួស ។

លោកឧត្ដមសេនីយ៍ ស្នងការបាន បញ្ជាក់ថា «ជននេះ ត្រូវបានម្ដាយរបស់វា មកប្ដឹង ពីរឿងគំរាមរក សម្លាប់គាត់ ហើយវាមាន កាំភ្លើងពីរដើម ។ យើងខ្ញុំបាន ដាក់ផែនការដល់កង កម្លាំងអន្ដរាគមន៍ ពិសេស និងលោកអធិការ ស្រុកចំការលើ ហើយជនសង្ស័យ មានកាំភ្លើង ពីរដើម មួយដើម ជាប្រភេទកែច្នៃ បាញ់គ្រាប់កង់ និងកាំភ្លើងរ៉ូឡូ ២អ៊ិញ ចំនួន៥គ្រាប់ តែបាញ់ អស់ទាំង៥គ្រាប់ ក្នុងនោះផ្ទុះ ៤គ្រាប់”។

បើតាមលោកឧត្ដមសេនីយ៍ នៅក្នុងប្រតិបត្ដិការ ឡោមព័ទ្ធ និងចាប់ខ្លួនជនល្មើស ដែលស្ថិតនៅ ក្នុងបន្ទប់ ក្រោមផ្ទះចាក់សោជិត លោកបានឱ្យកងកម្លាំង ប្រើប្រាស់យុទ្ធវិធី និងដំណោះស្រាយ ចំនួន៦ ទី១ លួងលោម ពន្យល់សព្វបែប សព្វយ៉ាង ទី២ ផ្ដាច់ភ្លើងទឹក ទី៣ លាក់កម្លាំងសមត្ថកិច្ច មិនបង្ហាញឱ្យវា ឃើញច្រើន ទី៤ ប្រើការរំខាន ដោយនិយាយ គោះហៅ មិនឱ្យវាសម្រាកកើត ទី៥ ត្រៀមគ្រាប់ ឧស្ម័ន បង្ហូរទឹកភ្នែក ដើម្បីបង្ខំចិត្ដ ឱ្យវាបើកទ្វារ និងចូលចាប់ទាំងអស់ និងទី៦ ត្រៀម ប្រយុទ្ធ ហើយបញ្ជាដាច់ខាត បើហ៊ានតដៃ កំទេច បើមិនឱ្យចូល ត្រូវចាក់សោពីក្រៅ មិនឱ្យចេញដែរ ។

យ៉ាងណាក៏ដោយ នៅពេលដែលសមត្ថកិច្ច របស់លោកប្រើប្រាស់ ត្រឹមផែនការទី៤ ទើបជនសង្ស័យ ព្រមចុះចាញ់និង ប្រគល់ខ្លួនឱ្យចាប់ ។
តាមមន្ដ្រីនគរបាល ដែលចូលរួមក្នុង ប្រតិបត្ដិការនេះ ជនសង្ស័យមានឈ្មោះ ហៀង សុភក្រ័ អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា បើសិនជាមិនអាច ជួយអន្ដរាគមន៍ទាន់ ពេលវេលា ដើម្បីបង្ក្រាបនិងចាប់ខ្លួន ជនសង្ស័យរូបនេះទេ លទ្ធផលអាចបង្កជា បញ្ហាធ្ងន់ធ្ងរ ជាក់ជាមិនខានឡើយ ដល់កងកម្លាំង ក្រុមគ្រួសាររបស់ ជនល្មើស និងប្រជាពលរដ្ឋ ផ្សេងទៀត ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនខ្លួន ទៅឃុំជាបណ្ដោះអាសន្ន នៅស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ចាម ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ ផ្ដន្ទាទោសតាម ផ្លូវច្បាប់ ៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម