ទើបដឹង ចង់ក្លាយជា នារី អាកាសចរ នៅប្រទេសចិន ពិតជាមិន ងាយនោះទេ!

 
 

ចិន៖ មនុស្សជាច្រើន ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានដឹង ថានៅក្នុងប្រទេស ចិន គឺមានសាលា បណ្តុះបណ្តាល វិជ្ជាជីវៈផ្នែកជំនាញ ក្បាច់គុណនិង ការប្រយុទ្ធតស៊ូ យ៉ាងខ្លាំងក្លា ទៅដល់នារីៗ មុននឹងអាចឲ្យ ពួកគេក្លាយទៅជា នារីអាកាសចរ ដែលពេញលក្ខណៈ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា សាលាប្រភេទនេះ ត្រូវបានបង្កើត ឡើងនៅក្នុង ខេត្តស៊ីឈួន និងខេត្ត Chengdu របស់ប្រទេស ចិន ក្នុងគោលបំណង បង្វឹកទៅដល់ នារីៗទាំងឡាយ ណាដែលចង់ ក្លាយខ្លួនជា នារីអាកាសចរ ដើម្បីអាចឲ្យពួកគេ ទប់ទល់ក៏ដូចជា ដោះស្រាយជាមួយ នឹងអ្នកដំណើរ ដែលមានកាយវិការ មិនសមរម្យ ឬក៏មិនអាច និយាយស្តាប់ គ្នាបាន ក្នុងអំឡុងពេល ធ្វើដំណើរតាម យន្តហោះ។

ផ្អែកលើព័ត៌មាន បញ្ជាក់បន្ថែម ឲ្យដឹងទៀតថា ក្នុងនោះមាន មហាវិទ្យាល័យ មួយឈ្មោះថា Chengdu East Star Airlines Travel គឺជាសាលាមួយ នៅក្នុងចំណោម សាលាជាច្រើនទៀត ដែលមានបើក វគ្គបណ្តុះបណ្តាល ម្យ៉ាងហៅថា នារីដែក ឬក៏ “Iron Women” ដែលផ្តោតសំខាន់ ទៅលើការបង្ហាត់ ក្បួនប្រយុទ្ធ និងការពារខ្លួន បែបយោធា ដោយក្នុងនោះ នារីៗជាសិស្ស ទាំងនោះត្រូវរៀន វិធីសាស្ត្រជាច្រើន ដូចជាការ លូនកាត់លេណដ្ឋាន ដែលពោរពេញ ទៅដោយភក់, ការបំបែកចាន ដោយដៃទទេ របស់ពួកគេ, និងរបៀប បង្រ្កាបអ្នកដំណើរ ដែលរឹងរូស ទៅតាមយុទ្ធសាស្ត្រ ត្រឹមត្រូវជាដើម។

Gu Yingzhi ព្រឹទ្ធបុរសនៃ មហាវិទ្យាល័យ Chengdu East Star Airlines Travel បាននិយាយថា “ក៏ព្រោះតែ រយៈពេលចុងក្រោយ នេះមានបញ្ហា ជាច្រើនបាន កើតឡើងក្នុង អំឡុងពេល ធ្វើដំណើរនៅតាម ជើងហោះហើរ របស់ប្រទេស ចិន ដូច្នេះហើយ ទើបមានការបង្កើតឲ្យ មានវគ្គបណ្តុះបណ្តាល ទៅដល់បុគ្គលិក នៅលើយន្តហោះ ដើម្បីអាចឲ្យ ពួកគេចេះ វិធីសាស្ត្រ ទប់ទល់ និងដោះស្រាយ បញ្ហាភ្លាមៗ ដែលបង្កឡើង ដោយអ្នកដំណើរ ព្រមទាំងការ បញ្ចេញប្រតិកម្ម យ៉ាងរហ័សបំផុត ចំពោះអំពើ ភេរវកម្មណាមួយ នៅលើយន្តហោះ”។

នេះគឺជា រឿងដ៏គួរឲ្យ ភ្ញាក់ផ្អើលមួយ ព្រោះថាពេលនេះ សម្រាប់ប្រទេស ចិន នារីដែលចង់ក្លាយ ជានារីអាកាសចរ គឺមិនអាច ពឹងផ្អែកទៅលើ រូបសម្រស់ និងសម្លៀកបំពាក់ ល្អប្រណិត ប៉ុណ្ណោះទេ តែពួកគេ ត្រូវឆ្លងកាត់ ការលុតដំ ផ្នែករាងកាយ យ៉ាងខ្លាំងក្លា និងចេះពីវិធីសាស្ត្រ ប្រយុទ្ធជាមុនសិន ទើបអាចក្លាយជា នារីអាកាសចរ ពេញលេញម្នាក់ សម្រាប់ប្រទេស ចិន៕

ទិដ្ឋភាពរួម ក្នុងការហ្វឹកហាត់ របស់នារីៗ ដែលត្រៀមក្លាយ ខ្លួនជា នារីអាកាសចរ៖









ប្រភព៖ Shanghaiist

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម