សង្ខេបការវិវឌ្ឍន៍ នយោបាយ នៅកម្ពុជា នាសប្តាហ៍កន្លងទៅ

 
 

ខាងក្រោមជាអត្ថបទសង្ខេបមួយចំនួន នៃការវិវឌ្ឍន៍នយោបាយ ក្នុងប្រទេសកម្ពុជា ដកស្រង់ពីប្រភពសារព័ត៌មាន៖

បណ្តាសារព័ត៌មានធំៗ ជាច្រើន បានចុះផ្សាយ កាលពីពេលថ្មីៗកន្លងទៅនេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន លុបចោលវប្បធម៌សន្ទនា បើសិនជាលោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ នៅតែបន្តរិះគន់។ នាយករដ្ឋមន្ត្រី បានថ្លែងថា៖ «ខ្ញុំបាននិយាយហើយថា គ្រាន់តែត្រូវរ៉ូវគ្នា រវាង ហ៊ុន សែន និង សម រង្ស៊ី គឺវាមិនគ្រប់គ្រាន់ទេ។ វាត្រូវការ មនុស្សទាំងអស់។ អញ្ចឹងសូមផ្តាំផ្ញើទៅកាន់ ឯកឧត្តម សម រង្ស៊ី សូមឲ្យអប់រំ ផ្ទៃក្នុងបក្សឲ្យបាន បើឯកឧត្តមធ្វើមិនបានទេ អាវប្បធម៌សន្ទនា ត្រូវលុបចោលក៏លុបទៅ។ កើតហើយត្រូវលុបចោលវិញក៏លុបទៅ»។ នេះបើតាមសម្រង់សម្តី លើសារព័ត៌មាន VOA

 

 

គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបញ្ជាក់ជាថ្មី ម្តងទៀត នូវគោលជំហរបន្តគាំទ្រ វប្បធម៌សន្ទនា ដែលតម្រូវឲ្យដៃគូ សន្ទនាមានការគោរពគ្នាទៅវិញទៅមក មិនជេរប្រមាថគ្នា មិនគំរាមកំហែងគ្នា តែជួបជជែកគ្នា ដើម្បីរកដំណោះស្រាយដោយសន្តិវិធី ចំពោះរាល់បញ្ហាសង្គម និងបញ្ហាប្រទេសជាតិសំខាន់ៗដូចជា៖ ទឹកដី អធិបតេយ្យភាព ព្រំដែន អន្តោប្រវេសន៍ខុសច្បាប់ ការការពារធនធានធម្មជាតិ បរិស្ថាន កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កំណែទម្រង់នីតិប្បញ្ញត្តិ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយជាដើម។ វប្បធម៌សន្ទនានេះ ក៏តម្រូវផងដែរ ឲ្យអ្នកដែលមាននិន្នាការនយោបាយខុសគ្នា បោះបង់ចោលនូវទម្លាប់ចាត់ទុកគ្នាជាសត្រូវ វាយប្រហារគ្នា ហើយប៉ុនប៉ងសងសឹកគ្នាទៅវិញទៅមក ដូចធ្លាប់ឃើញពីអតីតកាល។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ ចេញថ្ងៃទី ៣០ មេសា ឆ្នាំ២០១៥។

 

 

សារព័តមាន វីអូឌី បានចុះផ្សាយ ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចធ្វើនាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយទៀត បើកែទម្រង់ពិតប្រាកដ។ អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា៖ «ប្រសិនជាគណបក្សប្រជាជនមានកំណែទម្រង់ពិតប្រាកដ ធ្វើម៉េចឲ្យស្ថានភាពសង្គមនឹងធូរស្រាល ហើយប្រជាពលរដ្ឋមានការសប្បាយរីករាយ អាហ្នឹងមានលទ្ធភាពឈ្នះច្រើន។ ប៉ុន្តែប្រសិនជាស្ថានភាពសង្គមនៅដដែល ហើយមិនមានភាពជាអ្នកដឹកនាំថ្មី មិនមានសមាសភាពថ្មីៗ ដើម្បីប្រកួតប្រជែងបង្ហាញឲ្យប្រជាពលរដ្ឋមើលឃើញទេ ខ្ញុំគិតថា មានការលំបាកក្នុងការទាក់ទាញការគាំទ្រ»

 

សារព័ត៌មាន CEN បានចុះផ្សាយឲ្យដឹងថា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសនៅថ្ងៃទី ៣០ មេសា នេះថា មានជនភៀសខ្លួន នៅកោះណៅរុ ក្នុងប្រទេសអូស្ត្រាលី ចំនួន ៤នាក់ បានដាក់ពាក្យ ស្ម័គ្រចិត្ត មករស់នៅកម្ពុជា។ ពេលនេះសំណើរកំពុង ត្រូវបានពិនិត្យ លក្ខណ:សម្បត្តិ។

 

សារព័ត៌មានភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន គណបក្សនយោបាយ ដែលជាគូប្រជែង កុំរំពឹងថាទទួលបាន ប្រជាប្រិយភាពពីពាក្យ ចចាមអារ៉ាម ច្រើនឆ្នាំមកហើយ អំពីការបែកបាក់ផ្ទៃក្នុងរបស់គណបក្ស។ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ «ខ្ញុំចង់ផ្ញើសារនយោបាយមួយឲ្យច្បាស់ ហើយខ្ញុំចង់ប្រាប់បន្ថែមទៀត [អំពីគណបក្សប្រជាជន] យើងចង់ឲ្យសម្តេច ជា ស៊ីម មានសុខភាពល្អ និងអាយុវែង បើទោះបីជាសម្តេចមិនអាចធ្វើការបានក៏ដោយ ប៉ុន្តែសម្តេចនៅតែជាប្រធានគណបក្សប្រជាជន និងប្រធានព្រឹទ្ធសភារហូត ករណីសម្តេចទទួលមរណភាព ហ៊ុន សែន នឹងក្លាយជាប្រធានគណបក្សប្រជាជន ហើយឯកឧត្តម សាយ ឈុំ នឹងធ្វើជាប្រធានព្រឹទ្ធសភា ទាំងនេះ ជាបេក្ខជនមានស្រាប់ ដែលត្រូវបោះឆ្នោតដោយគណបក្ស»

 

កែសម្រួលដោយ៖ សី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម