តារា​ចម្រៀង​ស្រី​​លេង​ម៉ូដ​ពុក​មាត់ ចេញ​សម្ដែង​លើក​ដំបូង ក្រោយ​ឈ្នះ​ពាន​ទ្វីប​អឺរ៉ុប

 
 

តារា​ចម្រៀង​ពុក​មាត់​របស់​ប្រទេស​អូទ្រីស Conchita Wurst បាន​ចេញ​សម្ដែង​ក្នុង​ការ​ប្រគំ​តន្ត្រី​នៅ​មុខ​សាធារណជន​ជា​លើក​ដំបូង ក្នុង​ទីក្រុង​ Vienna ​ប្រទេស​កំណើត​របស់​នាង កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ទទួល​បាន​ជយលាភី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ប្រចាំ​ទ្វីប​អឺរ៉ុប​ Eurovision កាល​ពី​សប្ដាហ៍​មុន។

Conchita Wurst ត្រូវ​បាន​ស្វាគមន៍​ដោយ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់ រួម​ទាំង​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ជា​ច្រើន​នាក់។ មនុស្ស​ជា​ច្រើន​បាន​គ្រវី​ទង់ជាតិ​ពណ៌​ឥន្ទធនូ និង​ពាក់​ពុក​មាត់​ក្លែងក្លាយ។

តារា​វ័យ ២៥​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា “ខ្ញុំ​ពិត​ជា​រំភើប​ និង​រីករាយ​ខ្លាំង​ណាស់​ដែល​អាច​នាំ​យក​ជយលាភី​សម្រាប់​មាតុ​ប្រទេស​បាន។ នេះ​មិនមែន​ជា​ជយលាភី​សម្រាប់​ខ្ញុំ​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ​វា​គឺ​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា​ដែល​ជឿជាក់​លើ​ការ​ផ្លាស់​ប្ដូរ​ក្នុង​ពេល​អនាគត”។

ទោះ​យ៉ាង​ណា ការ​ប្រគំ​តន្ត្រី​នេះ​ក៏​ទទួល​បាន​ការ​រិះគន់​ផង​ដែរ ពី​សំណាក់​ក្រុម​អភិរក្ស​និយម​របស់​ប្រទេស​នេះ ដែល​មិន​គាំទ្រ​ចំពោះ​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា។

មុន​នេះ​ដែរ Conchita ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ មេដឹកនាំ​ប្រទេស​អូទ្រីស លោក Werner Faymann ដែល​បាន​អរគុណ ដល់ Conchita សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​របស់​នាង។ នេះ​គឺ​ជា​លើក​ទី​មួយ​ដែល ប្រទេស​អូទ្រីស​ បាន​ឈ្នះ​ក្នុង​កម្មវិធី​នេះ តាំង​ពី​ឆ្នាំ​១៩៦៦​មក។ លោក Faymann សង្ឃឹម​ថា ជ័យ​ជម្នះ​របស់ Conchita នឹង​អាច​ជំរុញ​សិទ្ធ​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា រួម​ទាំង​សិទ្ធ​រៀបការ ក្នុង​ប្រទេស​អូទ្រីស​ទាំង​មូល។

Conchita ដែល​មាន​ឈ្មោះ​កំណើត​ Tom Neuwirth បាន​ចូល​សិល្បៈ​កាល​ពី​ឆ្នាំ​២០០៦ ដោយ​កាល​នោះ​គេ​គឺ​ជា​មនុស្ស​ប្រុស។ លុះ​ដល់​ឆ្នាំ​២០១១ គេ​ក៏​បាន​បង្ហាញ​ខ្លួន​សារ​ជាថ្មី​ដោយ​តែង​ខ្លួន​ជា​មនុស្ស​ស្រី​ តែ​មាន​ពុក​មាត់។ ជ័យជម្នះ​ក្នុង​កម្មវិធី Eurovision កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា បាន​ធ្វើ​ឲ្យ​ Conchita កាន់​តែ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ទូទាំង​ពិភពលោក ៕


ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម