កូន​ទាហាន​ និងកូន​ប្រសាប៉ូលិសប៉ះ​គ្នា ​ក្នុង​មង្គ​ល​ការ​កូន​ស្រី​ មេ​បញ្ជា​ការ​យោធា​ ផ្អើល​ភ្ញៀវ​រត់ ភ្លេច​ចង​ដៃ

 
 

ខេត្តបន្ទាយមានជ័យ ៖ មង្គលការកូនស្រី របស់លោកមេបញ្ជាការ កងពលតូចលេខ៤២ ប្រចាំទិស ឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ច ប្រាប់ ឱ្យដឹងថា បានប្រែក្លាយទៅ ជាមានការភ្ញាក់ផ្អើល ភ្ញៀវរត់ជាន់ជើងគ្នា ដោយភ្ញៀវខ្លះ រត់ភ្លេចចងដៃ ខណៈដែលមាន ការវាយតប់គ្នារវាង ម្ចាស់ដើមការ ជាមួយភ្ញៀវបណ្តាលឱ្យ រងបួសទាំងសងខាង។

ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២៦ មេសា ២០១៥ នៅចំណុចភោជនីយដ្ឋានស្ទឹងសែន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងហេតុការណ៍នេះ គេឃើញភាគីជម្លោះ បានឈ្លោះប្រកែកគ្នា តឹងសរសៃករៀងៗខ្លួន បន្ទាប់មកក៏គេឃើញ មានសមត្ថកិច្ចចូល ទៅសម្របសម្រួល ធ្វើឱ្យភាគីទាំង សងខាងមានការ យោគយល់គ្នាទៅវិញ ទៅមកមិនមាន ភាគី ណាប្តឹងផ្តល់គ្នា នោះឡើយ។

ពាក់ព័ន្ធនឹងរឿងបង្កជាជម្លោះគ្នាផ្អើលពេញរោងការនេះ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា គេមិនដឹងពីមូល ហេតុ បង្កឡើងដោយភាគី ណាមួយ នោះទេ គេឃើញភាគីម្ចាស់ ដើមការម្នាក់រងរបួស បែកក្បាល ចំណែកភាគីខាងភ្ញៀវរងរបួសត្រង់ត្រចៀក។ បញ្ហានេះ សមត្ថកិច្ចសាកសួរ រកមូលហេតុពីការ បង្កជម្លោះនេះដែរ ប៉ុន្តែមិនមានការសហការ ផ្តល់ព័ត៌មានពី ភាគីម្ចាស់ដើមការនោះទេ។

បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចឱ្យដឹងទៀតថា ភាគីខាងភ្ញៀវត្រូវបានគេស្គាល់ថា ជាកូនប្រសារ របស់ មន្ត្រីនគរបាល ប្រចាំខេត្ត បន្ទាយមានជ័យ ម្នាក់ ឯចំណែកភាគីខាងម្ចាស់ ដើមការត្រូវជាកូនចៅ លោកមេបញ្ជាការ កងពលតូចលេខ ៤២ របស់លោកឧត្តមសេនីយ៍ ប៉ែន វ៉ូយ ។

ពិធីពិសាអាហារ ក្នុងថ្ងៃមង្គលការខាងលើ គេសង្កេតឃើញមាន ការចូលរួមពីភ្ញៀវ អ្នកធំមួយចំនួន ហើយពិធីនោះក៏ត្រូវ បានបញ្ចប់ក្រោយពី មានការផ្ទុះអំពើហិង្សា៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម