ភ្ញៀវ​ខាង ​ស្រី​ឌឺ​កូនកំលោះ ទប់​មិន​បាន​ ស្វាគមន៍​មួយ ​កែវ​រយះ​ក្បាល ខាន​ផ្សំ​ដំណេក

 
 

ខេត្តកំពង់ស្ពឺ ៖ កូនកំលោះម្នាក់ត្រូវ អាក់ខានផ្សំដំណេក ដោយសារតែយកកែវ ទៅវាយក្បាលភ្ញៀវ ខាងកូនស្រីក្នុង ថ្ងៃមង្គលការបណ្តាល ឱ្យបែកក្បាលហូរ ឈាមជោកខ្លួន ហើយត្រូវសមត្ថកិច្ច បានឃាត់ខ្លួនភ្លាមៗ យកទៅសួរនាំ។

ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៦ មេសា ២០១៥ ស្ថិតក្នុងភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ កូនកំលោះដែលយក កែវវាយភ្ញៀវខាង ស្រីឈ្មោះអន សំអឿន ភេទប្រុស អាយុ២៧ឆ្នាំ រៀបការជាមួយ កូនក្រមុំឈ្មោះអ៊ែល ស្រីនាង អាយុ២២ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ។

នៅចំពោះមុខ សមត្ថកិច្ចកូនកំលោះដៃដល់ បានសារភាពថា នៅពេលដែលរូបគេ រវល់ទទួលភ្ញៀវស្រាប់តែបងប្អូន របស់គេនាំគ្នាប្រុងត្រលប់ ទៅផ្ទះវិញ ឃើញដូចនោះរូបគេ បានហៅមកវិញ ដើម្បីឱ្យចូលតុ និងហូបបាយនៅ រួមសប្បាយនឹងគេ។ តែនៅពេលដែល រូបគេកំពុងឃាត់បងប្អូនឱ្យ នៅហូបបាយក៏មានមនុស្ស ម្នាក់មកនិយាយឌឺដងថា គេរៀបបាយឱ្យ តែខាងកូនស្រីហូបទេ ចំណែកខាងកូនប្រុសមិនរៀប ឱ្យហូបទេ។

ដោយសារតែផ្តើមចេញ រឿងនេះហើយធ្វើឱ្យគេ មានកំហឹងយ៉ាងខ្លាំងក៏ស្ទុះ យកកែវស្រាទៅវាយជនដែល មកនិយាយឌឺដង មួយកែវចំចិញ្ចើម បណ្តាលឱ្យបែក ហូរឈាមជោកខ្លួន ហើយត្រូវបងប្អូន បញ្ជូនទៅកាន់មន្ទីពេទ្យ បង្អែកខេត្តកំពង់ស្ពឺ ដើម្បីព្យាបាល។

លោកអនុសេនីយ៏ទោប្រាក់ ប៊ុនឡៃ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំត្រែងត្រយឹងបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ វិចិត្ត្រ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឈូកស  ឃុំព្រៃញាតិស្រុក គង់ពិសី ដែលជាភ្ញៀវខាងកូនស្រី។ លោកអនុសេនីយ៍ទោ ប្រាក់ ប៊ុនឡៃ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំត្រែងត្រយឹងបាន បន្តឱ្យដឹងទៀតថា ក្រោយកើតហេតុសមត្ថកិច្ច របស់លោកបានឃាត់ខ្លួន កូនកំលោះជាជនដៃដល់ភ្លាមៗតែម្តង គឺឃាត់តាមការប្តឹង របស់បងស្រីជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ ឃុំត្រែងត្រយឹងបញ្ជូនទៅស្នងការ ខេត្តកំពង់ស្ពឺដើម្បី សម្របសម្រួលគ្នា ជាមួយសាច់ញាតិ ជនរងគ្រោះ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម