សុខ ពិសី ងាក​​មក​ចាប់​ដៃ​ថត​រឿង​​​នឹង នីកូ​វិញ​ម្ដង!

 
 

តារា​ចម្រៀង​ឈាន​មុខ​​​កញ្ញា សុខ ពិសី ងាក​មក​ចាប់​ដៃ​​សម្ដែង​​រឿង​​ជា​មួយ​ លោក នីកូ ​វិញ​ម្ដង​ក្នុង​រឿង “សង្សារ​ខ្មោច” របស់​ផលិតកម្ម​សាន់ដេ។

ការ​ងាក​មក​ចាប់​ដៃ​សម្ដែង​ជា​តួឯក​​ជា​មួយ​លោក នីកូ ​ពី​សំណាក់ ​កញ្ញា សុខ ពិសី បន្ទាប់​ពី​គេ​តែង​សង្កេត​ឃើញ​តារា​ស្រី​រូប​នេះ​តែង​​សម្ដែង​តួឯក​ជា​មួយ​នឹង​ លោក ខមេរៈ សិរីមន្ត។

សុខ ពិសី និង នីកូ ក្នុង​ពិធី​ក្រុង​ពាលី​រឿង”សង្សារ​ខ្មោច” រសៀល​មិញ​នេះ

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ខ្សែ​​ក្រុង​ពាលី​រឿង “សង្សារ​ខ្មោច” រសៀល​មិញ​នេះ​ កញ្ញា​ សុខ ពិសី​ប្រាប់​ថា​ការណ៍​​ដែល​​ខ្លួន​បាន​សម្ដែង​ជា​តួឯក​ជា​មួយ​លោក នីកូ មិន​មែន​តាម​ការ​ចង់​បាន​របស់​នាង​​ទេ​គឺ​ក្រុមហ៊ុន​ជា​អ្នក​រៀប​ចំ​ឡើង។

“ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​ក្រុមហ៊ុន​គាត់​បាន​រៀប​ចំ​ឱ្យ​ខ្ញុំ​សម្ដែង​រួម​គ្នា​ជា​មួយ​នឹង​លោក នីកូ ហើយ​ខ្ញុំ​ក៏​ដូច​ជា​នីកូ​នឹង​ប្រឹង​សម្ដែង​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍”។

នៅ​ពេល​សួរ​ថា​ តើ​កញ្ញា សុខ ពិសី សង្ឃឹម​ទទួល​បាន​ការ​គាំទ្រ​កម្រិត​ពី​ប្រិយមិត្ត និង ​មិត្តៗ​យុវវ័យ​ចំពោះ​ការ​សម្ដែង​​រួម​គ្នា​នឹង​លោក នីកូ។ តារា​ចម្រៀង​តែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មិត្តៗ​យុវវ័យ​ចំពោះ​ការ​តុបតែង​ខ្លួន​រូប​នេះ​អះអាង​ថា​ ការ​ទទួល​សំឡេង​គាំទ្រ​កម្រិត​ណា​អាស្រ័យ​លើ​ទស្សនិកជន​ជា​អ្នក​ដាក់​ពិន្ទុ។ តែ​យ៉ាង​ណា​ក៏​ដោយ​កញ្ញា​និយាយ​ថា​ នឹង​ប្រឹង​អស់​ពី​សមត្ថភាព​មិន​ឱ្យ​ទស្សនិកជន​ខក​​បំណង​ឡើង។

អ្នក​ចាត់​ការ​ទូទៅ​លោក ឡាយ សុកចំរើន រួម​នឹង​តួឯក​ទាំង​ពីរ

ដោយ​ឡែក​ដៃគូ​របស់​ សុខ ពិសី​លោក នីកូ​ឯណោះ​វិញ​​ និយាយ​ថា ជា​លើក​ទី​មួយ​ហើយ​សម្រាប់​លោក​ដែល​បាន​សម្ដែង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម​សាន់ដេ បន្ទាប់​ពី​ចូល​ផលិតកម្ម​នេះ​បាន​មួយ​រយៈ។

លោក នីកូ​បញ្ជាក់​ថា៖ “តាម​ពិត​មិន​មែន​ជា​លើក​ទី​មួយ​ទេ​សម្រាប់​ខ្ញុំ​ក្នុង​ការ​សម្ដែង​ខ្សែ​ភាពយន្ត ខ្ញុំ​ធ្លាប់​សម្ដែង​រឿង​តាំង​ពី​តូច​មក។ ក៏ប៉ុន្តែ​សម្រាប់​ផលិតកម្ម​សាន់ដេ​គឺ​ជា​លើក​ទី​មួយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត ក៏​ដូច​ជា​អរគុណ​ដល់​ម្ចាស់​ផលិតកម្ម​បាន​ផ្ដល់​ឱកាស​នេះ​ដល់​ខ្ញុំ”។

តារា​ចម្រៀង​រូប​នេះ​ក៏​ដូច​ជា​ កញ្ញា សុខ ពិសី ដែរ​មិន​ហ៊ាន​និយាយ​ថា​ នឹង​អាច​ស្រូប​យក​ការ​គាំទ្រ​កម្រិត​ណា​​ពី​ប្រិយមិត្ត និង​មិត្តៗ​យុវវ័យ។ តែ​យ៉ាង​ណា​ក៏​ដោយ​លោក​អះអាង​​ថា​តាម​រយៈ​បទ​ពិសោធន៍​ធ្លាប់​សម្ដែង​កន្លង​មក​​លោក​ជឿជាក់​ថា​​នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍។

​​អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម​សាន់ដេ ​លោក ឡាយ សុក​ចំរើន​ឱ្យ​ដឹង​ថា​ មូលហេតុ​នាំ​ឱ្យ​​​ផលិតកម្ម​សម្រេចចិត្ត​ជ្រើសរើស​ សុខ ពិសី ឱ្យ​ដើរ​ឯក​ជា​មួយ​​នីកូ ដោយសារ​ពួកគេ​ទាំង​ពីរ​សក្ដិសម​ទៅ​​នឹង​សាច់​រឿង​ខាង​លើ។

“យើង​មើល​ឃើញ​ថា សមត្ថភាព​​ពួក​គាត់​ទាំង​ពីរ​សក្ដិសម​នឹង​សាច់​រឿង​នេះ។ ម្យ៉ាង​ទៀត​ក្នុង​ឆ្នាំ​២០១៤​នេះ យើង​មាន​គម្រោង​ផលិត​ខ្សែ​ភាពយន្ត​បី ដូច្នេះ​ហើយ​តារា​ផ្សេង​ទៀត​របស់​សាន់ដេ​អាច​សម្ដែង​បាន​ទាំង​អស់​គ្នា”។

លោក ឡាយ សុក​ចំរើន​បន្ត​ថា​​ខ្សែ​ភាពយន្ត​រឿង “សង្សារ​ខ្មោច” នឹង​ដំណើរការ​​ថត​ក្នុង​ពេល​ឆាប់ៗ ដោយ​ប្រើ​រយៈ​ថត​បី​ទៅ​បួន​ខែ ហើយ​គ្រោង​នឹង​ដាក់​បញ្ចាំង​ជូន​ទស្សនិកជន​ទស្សនា​នា​ឱកាស​បុណ្យ​អុំទូក​ខាង​មុខ។ យ៉ាង​ណា​ក៏​ដោយ​ចំពោះ​ដើមទុន​នៃ​ការ​ផលិត​មិន​ត្រូវ​បាន​អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​​បង្ហើប​​ឱ្យ​ដឹង​ទេ ព្រោះ​លោក​គិត​ថា​​អាច​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​ជាក់។

ទាក់ទង​ទៅ​នឹង​ការ​​បន្ត​ផលិត​រឿង​ខ្មោច​អ្នក​ចាត់​ការ​ទូទៅ​វ័យ​ក្មេង​ខាង​លើ​អះអាង​ថា តម្រូវ​ការ​ទីផ្សារ​ទើប​ធ្វើ​ឱ្យ​ផលិតកម្ម​របស់​ខ្លួន​បន្ត​ផលិត​ខ្សែ​ភាពយន្ត​បែប​នេះ​បន្ត។ ម្យ៉ាង​ទៀត​លោក​ថា​រឿង “សង្សារ​ខ្មោច” នេះ​​ជា​គម្រោង​របស់​ក្រុមហ៊ុន​យូរ​មក​ហើយ មិនមែន​ទើបតែ​កើត​ឡើង​ថ្មីៗ​ឡើយ។ លោក​បន្ថែម​ទៀត​ថា​ ខ្សែ​ភាពយន្ត​ពីរ​ទៀត​ក្នុង​ឆ្នាំ​២០១៤​នេះ ​មិន​មែន​ជា​រឿង​ខ្មោច​ទៀត​ទេ។

លោក ឡាយ សុកចំរើន ក្នុង​ពិធី​ក្រុងពាលី​រសៀលមិញ

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ កញ្ញា សុខ ពិសី​ចាប់​ដៃ​សម្ដែង​ខ្សែ​ភាពយន្ត​ជា​មួយ​លោក នីកូ។ ប៉ុន្តែ​បើ​និយាយ​ពី​ការ​សម្ដែង​ក្នុង​ខារ៉ាអូខេ និង​ការ​ច្រៀង​វិញ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​គឺ​ពួកគេ​ទាំង​ពីរ​ធ្លាប់​សម្ដែង​រួម​គ្នា​ច្រើន​បទ​មក​ហើយ។

រឿង “សង្សារ​ខ្មោច” ជា​វណ្ណកម្ម​ទី៥ ហើយ​របស់​ផលិតកម្ម​សាន់​ដេ បន្ទាប់​ពី​ផលិតកម្ម​នេះ​ផលិត​ខ្សែ​ភាពយន្ត​ដោយ​ទទួល​បាន​ការ​គាំទ្រ​ជា​បន្តបន្ទាប់​មាន​ដូច​ជា​រឿង “អង្គុលីមារ” រឿង”ព្រាយ​ដែក​គោល” រឿង “វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម” និង​រឿង​”ព្រាយ​ក្បាល​៨”៕

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម