វណ្ណ ស៊ីដារ៉ូ យុវជន​ដែល​ចាត់​ទុក​បរាជ័យ​ការ​ប្រកួត Film Camp មែន តែជា​ឱកាស​ធំ!

 
 

កុន​ខ្លី​របស់​យុវជន វណ្ណ ស៊ីដារ៉ូ ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ Film Camp កន្លង​មក មាន​ចំណង​ជើង​ថា “The Signal” ដែល​មាន​ន័យ​ថា “សញ្ញា” និយាយ​អំពី​ស្នេហា​របស់​បុរស​ម្នាក់។ ប៉ុន្តែ ​កុន​ខ្លី ដែល​មាន​រយៈ​ពេល​ប្រមាណ​ ៩ ​នាទី​នេះ មិន​បាន​ទទួល​ជយលាភី​ក្នុង​ការ​ប្រកួត​នោះ​ឡើយ។

ទោះ​បី​ជា​ម្ចាស់​ស្នាដៃ​បាន​ត្រឹម​ពោល​ពាក្យ​ថា សោកស្ដាយ​ក៏​ពិត​មែន ប៉ុន្តែ​បរាជ័យ​នេះ​មិន​បាន​ឲ្យ​គេ រាថយ​ឡើយ ផ្ទុយ​ទៅ​វិញ​បែរ​ជា​គិត​ថា នោះ​ជា​ឱកាស​ថ្មី​សម្រាប់​រូប​គេ​ទៅ​វិញ ។ “ក្រៅ​ពី​ទទួល​បាន​បទ​ពិសោធន៍​ល្អៗ​ហើយ​នោះ មាន​ខាង​ផលិតកម្ម​មួយ ហៅ​ឲ្យ​ទៅ​ចូលរួម​ផលិត​កុន​ខ្នាត​ធំ​ជាមួយ​អ្នក​ជំនាញ​ភាពយន្ត”។

វណ្ណ ស៊ីដារ៉ូ រំពឹង​ថា ​អាច​នឹង​​ទទួល​បាន​ការ​គាំទ្រ ពី​មហាជន​ក្នុង​ស្រុក ព្រោះ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គុណភាព​ជា​ចម្បង។ ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​ឱកាស​នោះ នឹង​នាំ​ភាពយន្ត​នោះ​ទៅ​ចាក់​បញ្ចាំង​ទៅ​បរទេស​ទៀត​ផង ខណៈ​ចំណង​ជើង​រឿង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​លាក់លៀម​យ៉ាង​ណា​ក្ដី។

“ចង់​ឲ្យ​គេ​ដឹង​ថា ខ្មែរ​ក៏​មាន​សមត្ថភាព​ផលិត​កុន​ប្រកប​ដោយ​គុណភាព មិន​ចាញ់​បរទេស​ឡើយ”។

ទោះ​បី​ជា​យ៉ាង​ណា រូប​គេ​នៅ​តែ​មាន​បំណង​ចូលរួម​ក្នុង​កម្មវិធី Film Camp ម្ដង​ទៀត ដែល​មិន​មែន​ក្នុង​នាម​ជា​បេក្ខភាព​ប្រកួត​ប្រជែង​ដូច​ពី​មុន​នោះ​ទេ។ យុវជន​រូប​នេះ រំពឹង​ថា ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ក្លាយ​ជា​ផ្នែក​មួយ នៃ​ការ​រៀបចំ​នៅ​ក្នុង​កម្មវិធី​នេះ​ទៅ​វិញ និង​ បំពេញ​តាម​ក្ដី​ស្រមៃ​របស់​គេ ដែល​ចង់​ក្លាយ​ជា​ផលិតករ​ភាពយន្ត​ម្នាក់​នោះ​ឲ្យ​បាន។

វណ្ណ ស៊ីដារ៉ូ ដែល​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់​ឆ្នាំងនោះ​ ទើប​តែ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់ ពី​សាកល​វិទ្យាល័យ​នីតិសាស្ត្រ និង ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច កាល​ពី​ពេល​ថ្មី​នេះ។ ក្រៅ​ពី​ការ​ចូលរួម​ធ្វើ​កុន​នា​ពេល​បច្ចុប្បន្ន រូប​គេ​ក៏​កំពុង​ត្រៀម​ប្រឡង​បញ្ចប់​ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស សម្រាប់​ធុរកិច្ច​ពាណិជ្ជកម្ម​អន្តរជាតិ។

បើ​ក្រឡេក​ទៅ​ក្រោយ​បន្តិច វណ្ណ ស៊ីដារ៉ូ ជា​កីឡាករ​រត់​ប្រណាំង​ម៉ារ៉ាតុង​វ័យ​ក្មេង និង ​ជា​បេក្ខភាព​ជយលាភី​កម្មវិធី “ពេជ្រ​កំពុង​ច្នៃ” នៃ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ផង​ដែរ។ ​ជំហាន​ថ្មី​របស់​គេ គឺ​ការ​ស្វែង​យល់​ពី​កុន​ទាំង​ខ្មែរ និង ​បរទេស​ឲ្យ​បាន​ច្រើន ដើម្បី​ស្វែង​យល់​ពី​បទ​ពិសោធន៍​ទាំង​នោះ ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​ឯង។

ស្រប​ពេល​ដែល​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ឡើយ​ក៏​ពិត​មែន តែ​រូប​គេ​កំពុង​ត្រៀម​ខ្លួន​ក្លាយ​ខ្លួន​ជា​អ្នក​ផលិត​កុន​ដ៏​ល្អ​ម្នាក់​នា​ពេល​អនាគត ដោយ​ព្យាយាម​ស្វះស្វែង​រក​ការ​ណែនាំ​បន្ថែម​ពី​អ្នក​ជំនាញ​ផ្នែក​ភាពយន្ត​ ​ដូច​ជា​ លោក ម៉ៅ អាយុទ្ធ, លោក រិទ្ធី ប៉ាន់, លោក ឆាយ បូរ៉ា និង ​លោក សុខ វិសាល ជា​ដើម៕


ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម