ដុត​ជញ្ជ្រាំង​ស្រូវ​​​ឆេះរាល​ ដល់​ភូមិ​ផ្អើល​ទាំង​ថ្ងៃ​ បាន​ឡានទឹក​ពន្លត់​ទាន់

 
 

ខេត្តពោធិ៍សាត់ ៖ មានការភ្ញាក់ផ្អើលទាំងកណ្ដាល ថ្ងៃត្រង់ដោយសារអគ្គិភ័យឆេះជញ្ជ្រាំង ស្រូវ ហើយ រាលមកឆេះ ដល់តាមជើងភូមិ ប៉ុន្តែ មិនបណ្ដាលឲ្យ ឆេះផ្ទះប្រជាពលរដ្ឋ នោះទេ ដោយសារបាន រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន នគរបាល ខេត្តពោធិ៍សាត់ ជួយ អន្តរាគមន៍បាញ់ ទឹកពន្លត់ទាន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង០១ និង៣០នាទីរសៀល ថ្ងៃទី២០ មេសា ២០១៥ នៅ ភូមិបឹងយា ឃុំវាល ស្រុក កណ្ដៀង។ លោកវរសេនីយ៍ទោ លីវ សេងហ៊ីម អធិការនគរបាល ស្រុកកណ្ដៀង បានឲ្យដឹងថា នៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី ២០ មេសា ប្រជាពលរដ្ឋ ភូមិបឹងយាបាន រាយការណ៍មកថា មានករណីភ្លើងឆេះ ជញ្ជ្រាំងស្រូវនៅ ឯទីវាល ហើយកំពុងរាល ឆេះយ៉ាងលឿន តាមការបក់ផាត់ របស់កម្លាំង ខ្យល់សំដៅមក កាន់ភូមិប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ធ្វើឲ្យប្រជាពលរដ្ឋ មានការភិតភ័យ ផ្អើលឆោឡោ ទាំងថ្ងៃ ទោះបីនាំគ្នា ដងទឹកពន្លត់ និងយកដំបង វាយជញ្ជ្រាំងស្រូវ ដែលកំពុងឆេះ នោះយ៉ាងណា ក៏ដោយក៏មិន អាចឈ្នះដែរ ដោយសារ ទំហំមុខភ្លើងវែង។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងចុះ ទៅដល់កន្លែងកើតហេតុ ឃើញភ្លើង កំពុងតែរាលមកឆេះ ពំនូកចំបើងយ៉ាង សន្ធោសន្ធៅ ក៏បានទូរស័ព្ទ ទៅរថយន្តពន្លត់អគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍ ជាបន្ទាន់។ ខណៈពេលដែល ភ្លើងកំពុងរាល ទៅឆេះដល់ ពំនូកចំបើងទី២ និងឆេះគុម្ពឫស្សី ក្នុងរបងបរិវេណ ម៉ុងខ្មោចវត្តលោកយួន និងសល់តែ ប្រមាណ១០ម៉ែត្រ ទៀតដល់ផ្ទះ ប្រជាពលរដ្ឋ នោះរថយន្ត ពន្លត់អគ្គិភ័យរបស់ ស្នងការដ្ឋាននគរបាល ខេត្តបាន មកដល់ល្មមហើយបាន ធ្វើការបាញ់ទឹក ពន្លត់ទាន់ពេលវេលា។

លោកវរសេនីយ៍ឯកព្រំ សារុន ស្នងការរងទទួលបន្ទុក អគ្គិភ័យបានប្រាប់ឲ្យដឹងថា គ្រោះអគ្គិភ័យនេះ យើងបានប្រើទឹកអស់ ចំនួន០៣ រថយន្តក្នុង ការបាញ់ ពន្លត់។ បើសិនជារថយន្តពន្លត់ អគ្គិភ័យមកយឺត ពេលតែ១០នាទី ទៀតអគ្គិភ័យ ប្រាកដជារាលឆេះ ដល់ផ្ទះ ប្រជាពលរដ្ឋ ក្នុងភូមិនោះជាមិនខាន។ អគ្គិភ័យនេះបង្កឡើង ដោយសារមាន អ្នកដុតជញ្ជ្រាំងស្រូវចោល នៅឯ ទីវាល ហើយត្រូវខ្យល់បក់ ក៏រាលមកឆេះដល់ ភូមិប្រជាពលរដ្ឋ រស់នៅធ្វើឲ្យ ប្រជាពលរដ្ឋមាន ការភ័យស្លន់ស្លោ យ៉ាងខ្លាំង៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម