រួច​ផុត​ជីវិត​ពី​ការ​ចាប់ ជម្រិត​នៅ​ថៃ ជនសង្ស័យ​ ចាប់ខ្លួន​នៅ​ខ្មែរ

 
 

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យប្ដីប្រពន្ធ២នាក់ ត្រូវនគរបាលក្រុង ប៉ោយប៉ែត ឃាត់ខ្លួនពីបទឃុបឃិត ចាប់ជម្រិតនៅថៃ តាមពាក្យបណ្ដឹងរបស់ស្ត្រី សមាជិកក្រុមហ៊ុន (អៃយ៉ារ៉ា) ម្នាក់ កាលពីរសៀលថ្ងៃទី១២ មេសា ២០១៥ នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ពេលដែលមកទារប្រាក់ ២០ម៉ឺនបាតបន្ថែម។ ជនសង្ស័យ ទាំង២ខាងលើ បុរសជាប្ដីឈ្មោះស៊ុំ ស៊ីណាត អាយុ២៨ឆ្នាំ ប្រពន្ធឈ្មោះឆេង ហង្ស ឬហុក ហង្ស អាយុ៣២ឆ្នាំ មានទីលំនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តាមស្ត្រីរងគ្រោះ ឈ្មោះវង្ស ស្រីមុំ អាយុ៤០ឆ្នាំ មានទីលំនៅភូមិ បាលិលេយ្យ០២ សង្កាត់ និងក្រុងប៉ោយប៉ែត ជាសមាជិកក្រុមហ៊ុន (អៃយ៉ា រ៉ា) ផ្នែកលក់ផលិតផលល្ងរខ្មៅ ប្រាប់ថា នាងបានស្គាល់ជន សង្ស័យ២នាក់ប្ដីប្រពន្ធនៅវត្តភ្នំបាក់ ក្នុងក្រុងសិរីសោភ័ណ នៅពេលដែលទៅនិមន្ត លោកស្រោចទឹក បន្ទាប់មកក៏មាន ទំនាក់ទំនងស្គាល់គ្នា រហូតនាងជាជនសង្ស័យ មកដល់ក្រុងប៉ោយប៉ែត ដើម្បីខ្ចីប្រាក់ ២.០០០បាតទៀតផង។ ជនរងគ្រោះបន្តថា លុះក្រោយមកជន សង្ស័យបានប្រាប់ថា មានគេត្រូវការផលិតផល ល្ងរខ្មៅ៧ទៅ៨ឈុត នៅឯប្រទេសថៃ ហើយក៏បបួលយក ថ្នាំទៅឲ្យគេនៅក្រុងបាងកក។

ជនរងគ្រោះប្រាប់ថា នៅរសៀលថ្ងៃទី០៩ ជនសង្ស័យបានចេញពីកម្ពុជាទៅថៃ រង់ចាំនៅផ្សាររុងក្លឿមុន បន្ទាប់មកចុចទូរស័ព្ទប្រាប់ថា គេចាំនៅទីនោះ នាងក៏ទៅតាមក្រោយជួបគ្នា។ ស្ត្រីរងគ្រោះបន្តថា ពេលទៅដល់ប្រទេសថៃ នៅយប់ថ្ងៃទី០៩ មេសា នោះ នាងនិងស្ត្រីជនសង្ស័យ ដេកផ្ទះ របស់បងជនសង្ស័យ ជាអ្នកលក់បាយ លុះរសៀលថ្ងៃទី១០ ជនសង្ស័យបាននាំ នាងទៅលេងផ្សារទំនើប មិនស្គាល់ឈ្មោះ ទិញទឹកកកផឹក រួចជនសង្ស័យក៍បានគេចទៅបាត់មួយភ្លេត ស្រាប់តែមានជនបុរសថៃ២នាក់ ស្លៀកពាក់ស៊ីវិល មកអះអាងថា គេជាប៉ូលិស សុំឆែកឆេរផលិតផល ស្រាប់តែឃើញមាន ថ្នាំញៀន០១គ្រាប់។

ស្ត្រីរងគ្រោះបន្តថា ក្រោយហេតុការឆែកឆេរនោះ បុរស២នាក់នោះក៏បាននាំ នាងជិះរថយន្តតាក់ស៊ីថា នាំទៅស្ថានីយប៉ូលីស ទីបំផុតយកនាងទៅទុកនៅចំណុច សួនច្បារមួយក្បែរ ស្ថានីយប៉ូលីសទៅវិញ។ នាងបន្តថា នៅចំណុចសួនច្បារនោះ បុរសសង្ស័យ ទាំង២បានទាក់ទងជាមួយស្ត្រីសង្ស័យ ឲ្យទៅកន្លែងកើតហេតុ ដើម្បីនិយាយគ្នា។ អ្វីដែលគួរឲ្យហួសចិត្តនោះ ស្ត្រីរងគ្រោះប្រាប់ថា បុរសទាំង២បាន ជម្រិតទារប្រាក់ចំនួន ៣០ម៉ឺនបាត តាមរយៈស្ត្រីសង្ស័យ ទើបគេឲ្យរួចខ្លួន។ នាងបន្តថា នៅកន្លែងកើតហេតុស្ត្រី សង្ស័យបានក្លាយជា អ្នករត់ការសម្រប សម្រួល ដោយឲ្យនាងវេរ ប្រាក់ចំនួន១០ម៉ឺនបាត ឲ្យសិន គេសុខចិត្តចេញ ជំនួស២០ម៉ឺនបាត ចាំសងគ្នានៅដីខ្មែរ។

ស្ត្រីរងគ្រោះបន្តថា ដើម្បីរួចជីវិតពីការចាប់ជម្រិតនេះ នាងបានខ្ចីប្រាក់បងប្អូន ហើយឲ្យកូនស្រី បង្កើតឈ្មោះល័ក្ខ វេរ ទៅឲ្យចំនួន១០ម៉ឺន បាត តាម ធនាគារថៃចំនួន២ ដាក់ចូលលេខកុង ដែលគេឲ្យទើបបុរស សង្ស័យទាំង២នាក់នោះ ព្រមឲ្យលិខិតឆ្លងដែន និងអនុញ្ញាតឲ្យ ត្រឡប់ មកស្រុកវិញ។ ជនរងគ្រោះបន្តថា ថ្ងៃទី១១ នាងបានវិលត្រឡប់ មកដល់កម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាល នគរបាលសង្កាត់ប៉ោយប៉ែត ពីស្ត្រីសង្ស័យ លុះរសៀល ថ្ងៃទី១២ខែឆ្នាំដដែល ស្ត្រីសង្ស័យបាននាំប្ដីមកទារប្រាក់ ២០ម៉ឺនបាត ដែលគេថា បានចេញឲ្យបុរសជនជាតិថៃនោះ ស្រាប់តែត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួនតែម្ដង។ ជុំវិញករណីខាងលើ ស្ត្រីសង្ស័យនិយាយថា នៅថ្ងៃទី០៩ មេសា ២០១៥ នាងនិងប្ដីប្រុងចេញពី កម្ពុជាទៅថៃរួមគ្នា ប៉ុន្តែដោយសារប្ដីចុក ពោះក៏ឲ្យវិលត្រឡប់ទៅផ្ទះវិញ ហើយនាងបានទៅប្រទេស ថៃជាមួយស្ត្រីឈ្មោះវង្សស្រីមុំ។

ស្ត្រីសង្ស័យបន្តថា រឿងរ៉ាវដែល កើតឡើងនៅក្នុង ប្រទេសថៃរវាងនាងវង្ស ស្រីមុំ និងបុរសថៃ២នាក់ដែលឆែក ឆេរប៉ះថ្នាំញៀននោះ នាងមិនពាក់ព័ន្ធទេ ប៉ុន្តែនាងទទួលស្គាល់ថា នាងជាអ្នកសម្របសម្រួល ជាមួយបុរសថៃទាំង២នាក់នោះ ហើយថា ប្រាក់ដែលឈ្មោះវង្ស ស្រីមុំ វេរឲ្យ១០ម៉ឺន បាតនោះ នាងឲ្យបុរសថៃទាំង២ នាក់ តែ៤ម៉ឺនបាតទេ មិនតែប៉ុណ្ណោះ នាងទទួលស្គាល់ថា សូម្បីតែលិខិតឆ្លងដែនរបស់វង្ស ស្រីមុំ ក៏នាងជាអ្នកទាក់ទង ទូរស័ព្ទពីបុរសថៃទាំង២នាក់ ឲ្យផ្ញើរតាក់ស៊ីឲ្យ ជនរងគ្រោះដែរ។ លុះមក ដល់ដីខ្មែរ ស្រាប់តែឈ្មោះវង្ស ស្រីមុំ ទូរស័ព្ទឲ្យនាង (ជនសង្ស័យ) មកយកប្រាក់ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនតែម្ដង។

លោកព្រហ្ម ពិសិដ្ឋ នាយផ្នែកនគរបាល យុត្តិធម៌នៃអធិការនគរបាល ក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទនៅ រសៀលថ្ងៃទី១៩ មេសា នេះថា ករណីខាងលើជនរង គ្រោះបានប្ដឹងជនសង្ស័យពី បទចាប់ជម្រិតលើទឹកដីថៃ។ លោកនាយផ្នែកប្រាប់ថា ជនសង្ស័យបានសារភាពថា ប្រាក់ដែលកូនជនរងគ្រោះ វេរឲ្យ១០ម៉ឺនបាតនោះ គឺជនសង្ស័យ និងបុរសជនជាតិថៃ ចែកគ្នា ដោយនាងទទួលបាន ៦ម៉ឺនបាត លុះមក ទារប្រាក់បន្ថែម ទើបសមត្ថកិច្ចចាប់ខ្លួន។ ទោះជាយ៉ាងណា លោកនាយផ្នែកប្រាប់ថាជនសង្ស័យ ២នាក់ប្ដីប្រពន្ធ ត្រូវបានបញ្ជូនទៅតុលាការ ហើយកាលពី រសៀលថ្ងៃទី១៣ កន្លងទៅថ្មីៗនេះ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម