តុលាការ ​ចេញ​ដីកា ឃុំខ្លួន​ប៉េ​អឹ​ម ​៦​នាក់​ដាក់​ ពន្ធនាគារ​ បណ្តោះអាសន្ន ​ពី​បទ​បាញ់​ឡាន​ ដឹកស្រូវ

 
 

រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក កាលពីព្រឹកថ្ងៃទី១០ មេសា នៅទីបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស មានការរៀបចំធ្វើសន្និសីទសារព័ត៌មានមួយ ស្តីពីលទ្ធផលនៃការស្រាវជ្រាវ លើករណីមន្ត្រីកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង លើកគ្នាដេញបាញ់ និងចាប់ជាន់កអ្នកបើក រថយន្តដឹកស្រូវ ប្រៀបដូចជាចាប់ឧក្រិដ្ឋជន ព្រមទាំងវាយដំ ។ 

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងដោយគណៈកម្មការចំពោះ កិច្ចដែលមានសមាសភាពលោកឧត្តម សេនីយ៍ឯក ស៊ិន សុផាន្នី មេបញ្ជាការរង និងជានាយស្នងការយុត្តិធម៌ ប្រធានគណៈកម្មការចំពោះកិច្ច លោកវរសេនីយ៍ឯក គង់ សត្ថារិន នាយការិយាល័យ បទល្មើសព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក គង់ ឈឿន នាយរងការិយាល័យបុគ្គលិក លោកវរសេនីយ៍ឯក គី មករា ជំនួយការមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកវរសេនីយ៍ទោ ឆាយ សូគា នាយរងការិយាល័យបទ ល្មើសជួញដូរមនុស្ស លោកវរសេនីយ៍ត្រី ភុល សាមុត នាយផ្នែកការិយាល័យ បទល្មើសព្រហ្មទណ្ឌ លោកវរសេនីយ៍ត្រី ចាន់ វិតូ នាយផ្នែកការិយាល័យបទ ល្មើសព្រហ្មទណ្ឌ លោកវរសេនីយ៍ត្រី ភឿន ភទ្ទមុនី នាយផ្នែកបទល្មើស ព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ស អេង នាយរងការិយាល័យអធិការកិច្ច ។ 

លោកឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី បានថ្លែងឱ្យដឹងថា ក្រោយពីរឿងហេតុកើតឡើង នៅយប់ថ្ងៃទី១៩ មីនា ២០១៥ នៅចំណុចភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយសារវាមានការពាក់ព័ន្ធ ជាមួយកម្លាំងកងរាជអាវុធហត្ថ ដែលបានរួមប្រតិបត្តិការ នាយប់នោះ ហើយសារ ព័ត៌មានក៏បានចុះផ្សាយពី ហេតុការណ៍នោះដោយ មានទាំងរូបភាពផង  ពេលនោះលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យរូបលោក រៀបចំគណៈកម្មការចំពោះកិច្ចមួយជាបន្ទាន់ ដើម្បីចុះធ្វើការស្រាវជ្រាវលើករណីនេះ និងដើម្បីស្វែងរកការពិត ព្រោះនៅក្នុងកិច្ចប្រតិបត្តិការនោះ គឺមានកម្លាំង កងរាជអាវុធហត្ថក្នុងនោះផង ។

ក្រោយពីបង្កើត គណៈកម្មការចំពោះកិច្ចបានចាប់ផ្តើម ស្រាវជ្រាវករណីនេះចាប់ពីថ្ងៃទី២៣ មីនា រហូតដល់ថ្ងៃទី៣ មេសា ទើបចប់ និងបានរាយការណ៍ជូនមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី៩ មេសា ហើយព្រឹកថ្ងៃទី១០ មេសា ដោយមានបទបញ្ជា ពីលោកនាយឧត្តមសេនីយ៍ មេបញ្ជាការឱ្យធ្វើសន្និសីទ កាសែតជាបន្ទាន់ ព្រោះសំណុំរឿងនេះមានការ ចាប់អារម្មណ៍ពីសំណាក់មជ្ឈដ្ឋាន ក្នុងប្រទេស និងក្រៅប្រទេស ។ លោកថ្លែងថា លទ្ធផលនៃការស្រាវជ្រាវទី១ និយាយពីអង្គហេតុ គឺនៅថ្ងៃទី១៩ មីនា ២០១៥ វេលាម៉ោង៩យប់ មានរថយន្តយីឌុបដឹកស្រូវ ១គ្រឿងចេញពីស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានគោលដៅទៅ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង យកទៅលក់នៅព្រំដែនវៀតណាម ។

អ្នកបើកបររថយន្ត យីឌុបនេះឈ្មោះ ណេន ស៊ីដា ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ ធឿន ណេប ហៅម៉ៅ អាយុ២០ឆ្នាំ ជាព្រូរថយន្ត ។ លោក ស៊ិន សុផានី្ន បន្តថា រថយន្តយីឌុបដឹកស្រូវ បានឆ្លងកាត់ស្រុកចំការលើ មកដល់ចំណុច ជញ្ជីងត្រើងក៏បានឈប់ ហើយចូលបង់លុយទៅទីនោះ ប៉ុន្តែមិនបានចូលថ្លឹងរថយន្តទេ រួចបើកបន្តតាមផ្លូវជាតិ លេខ៧បត់ថ្នល់កែង ឆ្ពោះមកផ្លូវជាតិលេខ១១ ជួបនឹងក្រុមជញ្ជីងចល័ត ចំណុចគីឡូម៉ែត្រលេខ៨៩ ក្នុងចំណុចភូមិស្លា ក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ពេលនោះសមត្ថកិច្ច ជញ្ជីងក៏ឃាត់ឱ្យឈប់ តែរថយន្តនោះមិនបានឈប់ទេ ក៏បើកបន្តទៅទៀត ហើយក៏មានរថយន្តកាមរី២គ្រឿង របស់ក្រុមជញ្ជីងដេញតាមពីក្រោយ ។

ពេលដែលដេញ គឺក្រុមជញ្ជីងបានទូរស័ព្ទ ទៅមេបញ្ជាការកងរាជអាវុធ ហត្ថស្រុកអូរាំងឪ ដើម្បីសុំឱ្យកម្លាំងសហការ ព្រោះរថយន្តនោះមិនព្រមឈប់ចូល កន្លែងជញ្ជីងចល័ត ។ ពេលទូរស័ព្ទគឺមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលនៅជាមួយក្រុម ជញ្ជីងចល័តប្រាប់ថា រថយន្តដឹកស្រូវនោះពេលបើកមកដល់មុខវត្តស្រែស្ពៃ ក៏ជួបគោលដៅត្រួតពិនិត្យអាវុធជាតិ ផ្ទុះរបស់ប៉ូលិស ហើយក៏មិនឈប់ទៀត និងបើកកៀបារាស់ដួល និងបើករថយន្ត ដល់ចំណុចភូមិស្វាយសុធម ឃុំអំពិលតាពក ស្រុកអូររាំងឪ បានបុករថយន្តកាមរី១គ្រឿង ដែលចតស្តាំដៃបញ្ច្រាសទិសគ្នា បណ្តាលឱ្យខ្ទាត រថយន្តកាមរីនោះប៉ះលើមនុស្ស ២នាក់ឱ្យរងរបួស គឺឈ្មោះ ស្រុន ភារិទ្ធ ម្ចាស់រថយន្តរបួសស្រាល និងឈ្មោះ អុិត ចន្ថា មុខរបរ រត់រ៉ឺម៉កម៉ូតូ របួសធ្ងន់ រួចបើករថយន្តទៅមុខទៀត ។

មន្ត្រីដដែលបន្តថា ពេលនោះរថយន្តយីឌុបដឹកស្រូវបើករត់ ទើបមេបញ្ជាការស្រុកអូររាំងឪ លោកវរសេនីយ៍ត្រី វ៉ន ពឿន យក អាវុធអាកា១ ដើមចេញពីរថយន្តស៊ីរ៉ែន របស់កងរាជអាវុធហត្ថឡើងជិះ រថយន្តស៊ីរ៉ែនរបស់ប៉ូលិស ស្រុកអូររាំងឪ ដេញតាមរថយន្តនោះ ។ រថយន្តប៉ូលិស បើកតាមពីក្រោយ ហើយរថយន្តកងរាជអាវុធហត្ថ បើកពីក្រោយទៀត ដូច្នេះសរុបទៅមានរថយន្ត ៤គ្រឿងដែលដេញតាម ។ ក្នុងពេលដេញ រថយន្តប៉ូលិសស្រុកអូររាំងឪ និងអាវុធហត្ថបានបើកស៊ីរ៉ែនវ៉ា រថយន្តដឹកស្រូវឃាត់ឱ្យឈប់ តែរថយន្តនោះអត់ឈប់ទេ បានបើក រេពេញផ្លូវ ទើបមេបញ្ជាការស្រុកអូររាំងឪ ដែលជិះក្នុងរថយន្តស៊ីរ៉ែនប៉ូលិស យកកាំភ្លើងអាកាបាញ់ឡើង លើចំនួន៣លើក ១លើកៗ ៣ គ្រាប់  នៅក្នុងភូមិសាស្ត្រស្រុកអូររាំងឪនោះ ដើម្បីឃាត់ឱ្យរថយន្តដឹកស្រូវឈប់ តែរថយន្តនោះមិនឈប់ទេ ។

ដោយសារផុតពីភូមិសាស្ត្រស្រុកអូររាំងឪ មេបញ្ជាការអាវុធហត្ថស្រុក បានទូរស័ព្ទទៅ លោកឧត្តមសេនីយ៍ មេបញ្ជាការរងម្នាក់ថា រថយន្តនោះមិនឈប់ទេ ថែមទាំងមានចេតនា បំបុករថយន្តសមត្ថកិច្ចទៀត ។ ពេលសុំគោលការណ៍ បាញ់ប្រធានស្នាក់ការ ឯកភាពឱ្យបាញ់ឡើង លើ ដើម្បីឃាត់អីុចឹងមានអាវុធហត្ថ ដែលនៅខាងក្រោយក៏លើកកាំភ្លើង ចេញក្រៅបម្រុងបាញ់ តែត្រូវរថយន្តដឹកស្រូវ ជល់គូទពីក្រោយខ្ទាត ផ្ទុះអាវុធ៤-៥គ្រាប់។ ពេលនោះរថយន្តដឹកស្រូវ មិនព្រមឈប់ទៀត តែមានរថយន្តធំ១គ្រឿង មកពីមុខរថយន្តសីុរ៉ែនរបស់សមត្ថកិច្ច ធ្វើឱ្យរថយន្តដឹកស្រូវទៅមុខលែងរួច បង្ខំចិត្តឈប់នៅ ចំណុចភូមិធ្នង់ ឃុំជីខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ 


ពេលឈប់ភ្លាម កម្លាំងនៅលើរថយន្តស៊ីរ៉ែន បានចុះទៅទាញព្រូរថយន្តឱ្យចុះ ហើយកងរាជអាវុធហត្ថ ដែលកាន់កាំភ្លើងបាន បាញ់មួយគ្រាប់ឡើងលើទៀត ។ ពេលព្រូឡានចុះមក មានការប្រវាយប្រតប់គ្នា ពេលនោះតែម្ដង ហើយរថយន្តសីុរ៉ែនមក ដល់បន្តបន្ទាប់មានរថយន្តប៉ូលិសស្រុកអូរាំងឪ រថយន្តកងរាជអាវុធ ហត្ថស្រុកអូររាំងឪ រថយន្តបាឡែនដែលតាមពីក្រោយ ក៏បានវាយដំប្រើអំពើ ហិង្សាទៅលើម្ចាស់រថយន្តនិងព្រូធ្វើឱ្យមាន របួសស្នាមពេញខ្លួន ដូចដែលសារព័ត៌មាន បានចុះផ្សាយកន្លងមក ហើយបានចាប់ចងដៃ ចងជើងដូចជ្រូកជាន់ក្បាល ។

ក្រោយមកពេលចាប់បាន ហើយក៏ខាងអាវុធ ហត្ថស្រុកអូររាំងឪ លើកជនទាំង២នាក់ដឹកយក ទៅកាន់អធិការដ្ឋាននគរបាល ស្រុកស្វាយអន្ទរ ហើយកងកម្លាំងក៏បាន ដកទៅគោលដៅរៀងខ្លួនវិញ ។ លោកឧត្តមសេនីយ៍ ស៊ិន សុផាន្នី មេបញ្ជាការរង និងជានាយស្នងការដ្ឋានបានរៀបរាប់អង្គហេតុ ជាហូរហែដោយមិនលម្អៀង ទៅខាងភាគីណាឡើយ ។ លោកបន្តថា គណៈកម្មការចំពោះ កិច្ចស្រាវជ្រាវរកការពិត ឱ្យដឹងអ្នកណា ខុសអ្នកណាត្រូវ ហើយបានរាយការណ៍ ទៅមេបញ្ជាការសម្រេច ។ 

គណៈកម្មការបានជួបភាគី ទាំងសងខាងសួរយកចម្លើយដោយ មិនមានការគាបសង្កត់ខាងណាទេ ហើយគណៈកម្មការ នេះមានតួនាទីសាកសួរ ប្រមូលព័ត៌មានតែប៉ុណ្ណោះ ។ ក្រោយពីប្រមូលព័ត៌មាន បានគ្រប់ជ្រុងជ្រោយហើយ បានរាយការណ៍ជូនមេបញ្ជាការ ទើបនៅថ្ងៃទី៩ មេសា លោកនាយឧត្តមសេនីយ សៅ សុខា មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យឃាត់ខ្លួន មន្ត្រីកងរាជអាវុធហត្ថជាជនដៃដល់ ចំនួន៦នាក់ដែលប្រើអំពើហិង្សាទៅលើ អ្នកបើកបររថយន្ត និងព្រូ បញ្ជូនទៅកាន់សាលា ដំបូងខេត្តព្រៃវែង ក្នុងនោះ៖

១-លោកវរសេនីយ៍ត្រី វ៉ន ពឿន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូររាំងឪ (ជាន់ក្បាលអ្នកបើកបរ) ។
២-លោកអនុសេនីយ៍ត្រី ស្រ៊ុន បូរ៉ា នាយកងរាជអាវុធហត្ថស្រុកអូររាំងឪ ។
៣-លោកពលបាលទោ កង ចិត្រា នាយកងរាជអាវុធហត្ថស្រុកអូរាំងឪ ។
៤-លោកអនុសេនីយ៍ឯក យិន ទ្បាង ប្រធានស្នាក់ការសន្តិសុខ៨០៨ខេត្តព្រៃវែង ។
៥-លោកពលបាលទោ វួន សុភី នាយកងរាជអាវុធហត្ថ ស្នាក់ការ៨០៨ខេត្តព្រៃវែង ។
៦-លោកពលបាលទោ ផូ វិរាម នាយកងរាជអាវុធហត្ថ ស្នាក់ការ៨០៨ខេត្តព្រៃវែង ។ 

ក្នុងនោះមាន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រៃវែង និងត្បូងឃ្មុំ ត្រូវបានដាក់វិន័យកងកម្លាំង និងឱ្យសរសេរជា លាយល័ក្ខណ៍អក្សរ ជូនមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ។

លោក ស៊ិន សុផាន្នី បញ្ជាក់ជាចុងក្រោយថា មន្ត្រីកងរាជអាវុធហត្ថទាំង៦នាក់ ត្រូវបានបញ្ជូនទៅកាន់ សាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ តាមប្រភពព័ត៌មានពីខេត្តព្រៃវែង បានឱ្យដឹងថា មន្ត្រីប៉េអឹម៦នាក់ ដែលត្រូវនាំខ្លួនទៅតុលាការ នោះនាវេលាល្ងាចថ្ងៃ ទី១០ មេសា ត្រូវបានតុលាការចេញដីកាឃុំ ខ្លួនជាបណ្តោះអាសន្ននៅ ពន្ធនាគារខេត្តហើយ ។ អ្នកកាសែតត្រូវបានតុលាការខេត្តហាមផ្តាច់មិនឱ្យ ចូលយកព័ត៌មាននេះទេ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម