តុលាការ ​ខេត្ត​កំពុង​សួរ នាំ​ជន​សង្ស័យ​៨នាក់ ករណី​​លួច​ដុត ​ខ្លោង​ទ្វារ​អង្គរ​សង្ក្រាន្ត​

 
 

ខេត្តសៀមរាប ៖ ជនសង្ស័យមួយក្រុម ដែលលួចដុតខ្លោងទ្វារ អង្គរសង្ក្រាន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ដើម្បីធ្វើការសួរនាំ ក្រោយពីមានការលួច ដុតកាលពីវេលាយប់ថ្ងៃទី០៧ មេសា ២០១៥ កន្លងមក និងបានសាងសង់ជាថ្មីម្តងទៀត តាមរចនាបថ ដើមរបស់ខ្មែររួចរាល់ជាស្ថាពរ ប៉ុន្តែមិនបានលេង ពណ៌ដូចមុននោះទេ។

ហេតុការណ៍ដាក់តាំង ខ្លោងទ្វារអង្គរសង្ក្រាន្តជាថ្មីម្តងទៀតនោះ ធ្វើឡើងជាមួយគ្នានិងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យទាំង៨នាក់ កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ មេសា ២០១៥  ទើបសមត្ថកិច្ចបញ្ជូនខ្លួនអ្នក ទាំងនោះមកតុលាការ ដើម្បីសួរនាំបន្ត។ លោកសោម រតនា អ្នកនាំពាក្យ ស.ស.យ.ក បានមានប្រសាសន៍ឱ្យ ដឹងកាលពីរសៀលថ្ងៃទី១០ មេសា នេះ ថា បន្ទាប់ពីមានគេលួចដុត កាលពីយប់ថ្ងៃទី០៧ មេសា ២០១៥ កន្លងទៅ ឥឡូវនេះខ្លោងទ្វារស្វាគមន៍ អង្គរសង្ក្រាន្តថ្មី បានសាងសង់រួចរាល់ហើយ ដើម្បីត្រៀមទទួល ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលខិតជិតមកដល់ក្នុង ពេលដ៏ខ្លីខាងមុខនេះ ។

លោកបន្តថា ទាក់ទងនឹងខ្លោងទ្វារចាស់ បើទោះជាអ្នកជំនាញបានបញ្ជាក់ច្បាស់ពី រចនាបថខ្មែរពិតៗនៅលើខ្លោងទ្វារ ចូលព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏ដោយ ក្នុងសា្មរតីមហាគ្រួសារខ្មែរយើង ក៏មិនចង់ឃើញប្រជាពលរដ្ឋ មួយក្រុមណាមានការអាក់អន់ចិត្តត្រឹមតែ ចំពោះការតុបតែងលំអនោះឡើយ ដូច្នេះក្រុមការងារបានព្យាយាម កែលំអខ្លោងទ្វារថ្មីឱ្យបានប្រសើរជាងនេះ ដោយមិនមានលេង ពណ៌ដូចមុននោះទេ គឺដាក់ពណ៌ដោយមាន សុភាពរាបសារជាងមុន ។ សមត្ថកិច្ចបានបញ្ជូន ជនសង្ស័យទាំង៨នាក់យកមកតុលាការ ដើម្បីសួរនាំបន្តពីករណីលួចដុត ខ្លោងទ្វារអង្គរសង្ក្រាន្តនេះ ប៉ុន្តែសមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះសុំមិនទាន់ឱ្យអ្នកសារព័ត៌មាន ធ្វើការចេញផ្សព្វផ្សាយនោះទេ  ព្រោះសមត្ថកិច្ចកំពុងតាមដានបន្ត ។

តាមប្រភពចេញពីតុលាការខេត្ត បានប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី១០ មេសា នេះថា ចំពោះជនសង្ស័យទាំង៨នាក់នេះ ដែលបានលួចដុតខ្លោងទ្វារអង្គរសង្ក្រាន្តនោះ គឺខាងអយ្យការចោទពីបទ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ឬបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដែលមានស្ថាន ទម្ងន់ទោស ។ ប្រភពបានបន្តថា ប៉ុន្តែករណីនេះ ទៅជារឿងនយោបាយវិញ គឺបានន័យថា ជនសង្ស័យទាំង៨នាក់ ទៅជាទោសនយាបាយ ដែលមានស្ថាន ទម្ងន់ទោសដូចគ្នា ។

រីឯប្រពន្ធលោកជួប ចាម បានរៀបរាប់ទាំងទឹកមុខក្រៀមក្រំនៅ មុខតុលាការខេត្តសៀមរាប ប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី១០ មេសា នេះ ថា ប្តីរបស់ខ្ញុំយប់នោះ គាត់បានទៅយាមនៅផ្សារដើមក្រឡាញ់ តែមានឈ្មោះសុង និងឈ្មោះម៉ាប់ គាត់ឃើញភ្លើងឆេះខ្លោងទ្វារអង្គរសង្ក្រាន្ត រួចក៏ទូរស័ព្ទហៅប្តីនាងខ្ញុំ ពេលនោះប្តីខ្ញុំក៏ឆ្លើយមកវិញថា ឆេះៗទៅ អញអត់បានទៅទេ កំពុងយាមអីវ៉ាន់គេខ្លាចបាត់ បន្ទាប់មកឈ្មោះសុង និងឈ្មោះម៉ាប់ ក៏ទៅប្រាប់ប៉ូលិសនៅយាមជិតនោះថា មានភ្លើងឆេះខ្លោងទ្វារអង្គរសង្ក្រាន្ត លុះព្រឹកថ្ងៃទី៧ មេសា ក៏ឃើញមានសមត្ថកិច្ចមកហៅសុង និងម៉ាប់ យកមកកន្លែង ដើម្បីសួរនាំ  រួចក៏ទៅហៅប្អូនស្រីនាងខ្ញុំឈ្មោះចំរើន ហើយខ្ញុំក៏ទៅជាមួយប្អូនទៅកន្លែងប៉ូលិស ត្រូវជាម្តេចនិងឈ្មោះសុង និងម៉ាប់ ហើយពាក់ព័ន្ធ មានប្រើទូរស័ព្ទជាមួយសុងទេ នាងខ្ញុំប្រាប់ថាអត់ទេ។

អ្នកស្រីបានបន្តថា នាងខ្ញុំនៅលក់តាំងពីថ្ងៃរហូត ដល់យប់ខ្ញុំដាំបាយហូប ឃើញសុង និងម៉ាប់ ពេលនោះនៅជុំជាមួយនាង ខ្ញុំនៅពីម៉ោង៧ ទៅម៉ោង៩យប់  រួចសមត្ថកិច្ចបានសួរទៀតថា នៅចម្លោះពីម៉ោង៩យប់នោះ តើឈ្មោះសុង និងម៉ាប់នោះ ទៅណាទៀត ។អ្នកស្រីបានបន្តទៀតថា ក្រោយមកសមត្ថកិច្ច ក៏បានឱ្យខ្ញុំទូរស័ព្ទហៅ ប្តីនាងខ្ញុំចូលមកបំភ្លឺ ពេលនោះសមត្ថកិច្ចបានឃុំប្តី នាងខ្ញុំតាំងពីថ្ងៃទី០៧ មេសា រហូតមកដល់ ថ្ងៃទី១០ មេសា នេះ ទើបសមត្ថកិច្ចបញ្ជូនមកតុលាការ ។ ពួកខ្ញុំសូមឱ្យតុលាការជួយរក យុត្តិធម៌ជូនពួកគាត់ទាំង៨នាក់ផង។ ចំពោះក្រុមសាច់ញាតិ ជនសង្ស័យទាំង៨នាក់ បាននាំគ្នាមករៀបរាប់នៅមុខ តុលាការប្រាប់អ្នកកាសែតថា បងប្អូនដែលរស់នៅក្នុងអង្គរក្នុងភូមិត្រពាំងសេះ សង្កាត់គោកចកទាំងអស់ មិនមានការចោទប្រកាន់ ដូចពាក្យសមត្ថកិច្ច និងតុលាការចោទពីបទ លួចដុតខ្លោងទ្វារអង្គរសង្ក្រាន្តនេះទេ ។

តែបងប្អូនទាំង៨នាក់ ដែលតុលាការហៅ ទៅសួរនាំនេះ មាន១-ឈ្មោះបិត ឈឿង ភេទប្រុស អាយុ២៥ឆ្នាំ ជាហ្មដំរីនៅអង្គរ រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ២-ឈ្មោះជួប ចាម ភេទប្រុស អាយុ៤១ឆ្នាំ ជាសន្តិសុខ ៣-ឈ្មោះឆន ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ ជាហ្មដំរី ៤-ឈ្មោះស៊ាំ សុង ភេទប្រុស អាយុ៣៥ឆ្នាំ ជារត់រ៉ឺម៉កកង់បី ៥-ឈ្មោះវឿន វុន ភេទប្រុស អាយុ២៥ឆ្នាំ ជាបុគ្គលិកអូតែល ៦-ឈ្មោះឈឿម កង ភេទប្រុសអាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ៧-ឈ្មោះញ៉ាញ់ ផល អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ និង៨-ឈ្មោះ គឿង ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មករសំណង់ អ្នកទាំង៨នាក់នេះ រស់នៅក្នុងអង្គរ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ ត្រូវបានតុលាការកំពុងសាកសួរនាំនោះមកដល់ម៉ោងនេះ មិនទាន់ដឹងថា ជនសង្ស័យទាំង៨នាក់ ត្រូវតុលាការដោះលែងប៉ុន្មាននាក់ និងដាក់គុកប៉ុន្មាននាក់នោះទេ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម