ព្រំ ស្រីរ័ត្ន បោះ​ជំហាន​ចូល​សិល្បៈ ​៦​ ខែ ក្ដាប់​បាន​តំណែង​តួឯក!

 
 

ខុស​ប្លែក​ពី​តារា​ដទៃ​ទៀត​ដោយ​ប្រើ​រយៈ​យូរ​ឆ្នាំ​ទម្រាំ​បាន​ធ្វើ​ជា​តួឯក កញ្ញា​​ ព្រំ​ ស្រីរ័ត្ន ប្រើ​ពេល​តែ​ ៦​ ខែ​ ប៉ុណ្ណោះ ក្ដាប់​បាន​តំណែង​តួឯក​ភ្លាម​ក្នុង​រឿង “លង​ម៉ា​កប់ ឡប់​ម៉ា​ឆ្ងាញ់”។

មាន​វ័យ​ ១៩​ ឆ្នាំ ​ដោយ​​បោះ​ជំហាន​ចូល​សិល្បៈ​ដើម​ឆ្នាំ ​២០១៤ កញ្ញា ព្រំ ស្រីរ័ត្ន និយាយ​ថា​នាង​មាន​ក្ដី​រំភើប​សប្បាយ​រីករាយ​ជា​ខ្លាំង​​ក្នុង​ការ​ក្លាយ​ជា​តួឯក។

“ខ្ញុំ​អត់​ដែល​សុបិន​​​ថា ​បាន​ក្លាយ​ទៅ​ជា​តួឯក​ចឹង​ទេ ព្រោះ​អី​យើង​ទើប​ប្រឡូក​សិល្បៈ​មិន​ទាន់​មាន​អ្នក​ណា​ស្គាល់​ច្រើន​ទេ”។

ទោះ​ជា​យ៉ាង​ណា​តារា​ម៉ូដែល និង​ ជា​តារា​វ័យ​ក្មេង​រូប​នេះ​ មិន​ទាន់​ដឹង​ថា​ ខ្សែ​ភាពយន្ត​ខាង​លើ​នឹង​ត្រូវ​ថត​នៅ​ពេល​ណា​ឱ្យ​ច្បាស់​នៅ​ឡើយ។ ម្យ៉ាង​ទៀត​កញ្ញា​ថែម​ទាំង​មិន​ដឹង​ចំណង​ជើង​ខ្សែ​ភាពយន្ត​នោះ​ថា​ ឈ្មោះ​អ្វី​ទៀត​ផង។

នៅ​ពេល​សួរ​ថា​​តើ​ហេតុ​អ្វី​ម្ចាស់​ផលិតកម្ម ZR ជ្រើស​រើស​កញ្ញា ព្រំ ស្រីរ័ត្ន ធ្វើ​ជា​តួឯក​ទាំង​ដឹង​ថា ​កញ្ញា​​ជា​​តារា​ថ្មី​មិន​មាន​បទ​ពិសោធន៍​​ជ្រៅ​ជ្រះ​ក្នុង​ការ​សម្ដែង។ សិស្ស​ថ្នាក់​ទី ​១២ ​នៃ​វិទ្យាល័យ​ ប៊ុនរ៉ានី ហ៊ុន​សែន​វត្ត​ភ្នំ​ ខាង​លើ​ប្រាប់​ថា ​កញ្ញា​មិន​បាន​ដឹង​នោះ​ឡើយ​​ពី​រឿង​គេ​រៀបចំ​ឱ្យ​ក្លាយ​ជា​តួឯក​ដោយ​​នាង​បង្វែរ​សំនួរ​ឱ្យ​សួរ​ម្ចាស់​ផលិតកម្ម។

ចាងហ្វាង​ផលិតកម្ម ZR និង ​ជា​ប្រធាន​ក្រុម pop model កញ្ញា សារ៉ា​ ប្រាប់​ថា​មូលហេតុ​​នាំ​ឱ្យ​​​នាង​ជ្រើសរើស​តារា​វ័យ​ក្មេង​ខាង​លើ​ធ្វើ​ជា​តួឯក​ក្នុង​​ខ្សែ​ភាពយន្ត​ដំបូង​របស់​ផលិតកម្ម​ខ្លួន​ ក៏​ព្រោះ​តែ ព្រំ ស្រីរ័ត្ន មិន​សូវ​ចេះ​និយាយ​ស្ដី ហើយ​មាន​ចរិត​ដូច​ក្នុង​សាច់​រឿង​តែ​ម្ដង​ទើប​នាង​សម្រេចចិត្ត​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​តួឯក។

ប្រធាន​ក្រុម​ pop model រូប​នេះ​បន្ត​ថា ​ខ្សែ​ភាពយន្ត​រឿង “លង​ម៉ាកប់​ ឡប់​ម៉ា​ឆ្ងាញ់” ជា​ប្រភេទ​​រឿង​ដុំ​បែប​កំប្លែង​នឹង​ត្រូវ​ដំណើរការណ៍​ថត​ក្នុង​ខែ​ វិច្ឆិកា​ ចុង​ឆ្នាំ​នេះ។ តារា​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ខាង​លើ​សុទ្ធសឹងតែ​ជា​តារា​ក្នុង​ក្រុម​តារា​បង្ហាញ​ម៉ូដ pop model ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ​ចំពោះ​ការ​រំពឹង​ថា​ នឹង​ទទួល​បាន​ជោគជ័យ​កម្រិត​ណា​​ កញ្ញា សារ៉ា មិន​ទាន់​ហ៊ាន​និយាយ​នៅ​ឡើយ​ទេ​ដោយ​ទុក​ឱ្យ​ទស្សនិកជន​ជា​អ្នក​ដាក់​ពិន្ទុ។ ក៏​ប៉ុន្តែ​កញ្ញា​លើក​​ឡើង​ថា ​ប្រសិន​ណា​បើ​ខ្សែ​ភាពយន្ត​នេះ​អាច​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​បាន​គឺ​ជា​ជំហាន​ជោគជ័យ​របស់​ខ្លួន ព្រោះ​ជា​ខ្សែ​ភាពយន្ត​លើក​ដំបូង​ក្នុង​​ផលិតកម្ម​ថ្មី ក៏​ដូច​ជា​ការ​និពន្ធ​​ផ្ទាល់​ដៃ​ផង​​ដែរ។

កញ្ញា ព្រំ ស្រីរ័ត្ន បាននិយាយ​ដែរ​ថា​ ការ​បោះ​ជំហាន​ប្រឡូក​ចូល​សិល្បៈ​​ គឺ​ជា​ក្ដី​ប៉ងប្រាថ្នា​​របស់​ខ្លួន​តាំង​ពី​តូច។ កញ្ញា​អះអាង​ថា​ នឹង​ធ្វើ​ខ្លួន​ឱ្យ​ក្លាយ​ទៅ​ជា​តារា​ម្នាក់​ស្ថិត​ក្នុង​ដួង​ចិត្ត​របស់​ទស្សនិកជន​តាម​រយៈ​ការ​ការ​ដើរ​បង្ហាញ​ម៉ូដ ក៏​ដូច​ជា​ការ​ថត​ខ្សែ​ភាពយន្ត​បន្ត​ទៅ​ទៀត​នៅ​ពេល​ខាង​មុខ។

​​​​​​មក​ទល់​នឹង​ពេល​នេះ​ តារា​សម្ដែង​វ័យ​ក្មេង ព្រំ ស្រីរ័ត្ន ទើប​តែ​មាន​វ័យ​ ១៩​ ឆ្នាំ​តែ​ប៉ុណ្ណោះ។ កញ្ញា​​មាន​ទី​លំនៅ​​ក្នុង​រាជធានី​ភ្នំពេញ និង​ កំពុង​សិក្សា​ថ្នាក់​ទី ១២​ នៃ​វិទ្យាល័យ​ ប៊ុនរ៉ានី​ ហ៊ុន​សែន​វត្ត​ភ្នំ។ ក្រៅ​តែ​ពី​ការ​សិក្សា​នាង​ជា​តារា​បង្ហាញ​ម៉ូដ​ម្នាក់​ក្នុង​ក្រុម pop model ដែល​មាន​កញ្ញា សារ៉ា ជា​ប្រធាន៕

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម