ពែកមី និង គ្រឿន កំពុង​រៀប​យុទ្ធសាស្ត្រ​ជួយ​ប្អូន​ម្នាក់​ទៀត​?

 
 


នាយ ពែកមី និង ​នាយ គ្រឿន មួយ​រយៈ​ចុង​ក្រោយ​នេះ ភាគ​ច្រើន​រំលេច​ដោយ​ពាក្យ “អាប៉ូយ” ដែល​គេ​បាន​ដឹង​ថា ជា​ឈ្មោះ​ប្អូន​ប្រុស​បង្កើត​របស់​ពូក​គេ រាល់​ការ​សម្ដែង​លើ​ឆាក​នានា។

មាន​ការ​លើកឡើង​ថា អ្នក​ទាំង​ពីរ​កំពុង​រៀប​យុទ្ធសាស្ត្រ ជួយ​ប្អូន​ប្រុស​ម្នាក់​ទៀត បន្ទាប់​ពី​នាយ ក្រាន់ កំពុង​ទទួល​បាន​ប្រជាប្រិយភាព​បណ្ដើរៗ​ទៅ​ហើយ​នោះ។

“ម៉េច! ចង់​ដូច​អាប៉ូយ”, “អាប៉ូយ​កូន​ឪ​មែន​ហ្នឹង”។ ជា​ពាក្យ​ដែល​គេ​បាន​លឺ​ជា​ញឹកញាប់​ចេញ​ពី​មាត់​របស់ ​នាយ ពែកមី និង​ នាយ គ្រឿន អម​ដោយ​សំណើច​របស់​ទស្សនិកជន។

នាយ ប៉ូយ ក៏​ធ្លាប់​មាន​ឱកាស​បង្ហាញ​​លើ​កញ្ចក់​ទូរទស្សន៍​ CTN នៅ​ពេល​កន្លង​តាម​រយៈ​កម្មវិធី”ផ្ទះ​លោក​តា”​របស់​លោក ដួង សុខគា ទៀត​ផង។ ម្យ៉ាង​ទៀត ឱកាស​បាន​សម្ដែង​ក្នុង​បទ​ចម្រៀង”អាប៉ូយ​កូន​ឪ” របស់​ផលិតកម្មTownនា​រដូវ​ចូល​ឆ្នាំ​កាល​ពី​ពេល​ថ្មី​នេះ ក៏​មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ តែ​ជា​ការ​ជួយ​ជ្រោមជ្រែង​របស់​នាយ ពែកមី ទាំង​អស់។

ហេតុ​ផល​ទាំង​នេះ អាច​ឲ្យ​ទស្សនិកជន​សន្មត​បាន​ថា​នាយ ពែកមី និង គ្រឿន កំពុង​នាំ​ប្អូន​ប្រុស​ចូល​ក្រុម​ម្នាក់​ទៀត​ហើយ ដោយ​មិន​បាច់​ចាំ​មាន​ការ​ប្រលង​អី​នោះ​ទេ។

“ពេល​និយាយ​ទៅ​ពាក្យ​ហ្នឹង ធ្វើ​ឲ្យ​គេ​សើច​ឡើង មិន​ដែល​ខាន​ឡើយ អញ្ចឹង​ក៏​នៅ​តែ​បន្ត​ទៅ”។ នេះ​ជា​អះអាង​របស់​នាយ ពែកមី ក្នុង​ជំនួប​ជាមួយ​ Sabay ព្រឹក​មិញ។ រាល់​ការ​និយាយ​ពី​ឈ្មោះ “អាប៉ូយ” ពិត​ជា​ធ្វើ​ឲ្យ​ទស្សនិកជន​ផ្ទុះ​សំណើច។ តែ​នាយ​ថា ប្អូន​ប្រុស​ម្នាក់​នេះ​គ្មាន​ទេព​កោសល្យ​​នោះ​ទេ ទោះ​បី​ជា​មាន​ការ​យឹតយោង​ពី​បង​ប្អូន​​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ជួយ​បាន​ដែរ។

ពែកមី អះអាង​ថា ប្អូន​ប្រុស​របស់​លោក មិន​ខុស​ពី​បទ​ចម្រៀង​ដែល​បាន​ថត​ឲ្យ​ផលិតកម្ម​​នោះ​ប៉ុន្មាន​ឡើយ គឺ​មិន​សូវ​ចេះ​មាត់ក និង​ចូល​ចិត្ត​លេង​បាល់ទះ ពេល​ទៅ​ណា​មក​ណា​គេ​មាន​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង​នៅ​ផ្ទះ​ជិះ​ចុះ​ឡើង​ពេញ​ភូមិ។ រូប​គេ​គ្មាន​ទេពកោសល្យ​សិល្បៈ​ដូច​នាយ គ្រឿន និង​នាយ ក្រាន់ នោះ​ទេ សព្វ​ថ្ងៃ​កំពុង​រស់​នៅ​ជាមួយ​នាយ ក្នុង​តួនាទី​ជា​អ្នក​រៀប​ឆាក។

“ចេះ​តែ​ចង់​ឲ្យ​បងប្អូន​ចូល​ហើយ តែ​រឿង​សិល្បៈ​នេះ បើ​គ្មាន​ទេពកោសល្យ​មិន​បាច់​ទេ​ល្អ​ជាង”។ ពែកមី បន្ថែម​ដូច្នេះ។

ប៉ុន្តែ ពែកមី បាន​ទទួល​ស្គាល់​ដែរ​ថា បង​ប្អូន​ទាំង​ពីរ​ដែល​រូប​គេ​បាន​នាំ​ចូល​សិល្បៈ​កន្លង​មក មាន​នាយ គ្រឿន និង​នាយ ក្រាន់ នោះ សុទ្ធ​តែ​ផ្ដើម​ចេញ​ពី​ចរិត​ទុយមុយ​ដូច​គ្នា​ទាំង​អស់ ដែល​អាច​និយាយ​ថា ជា​ការ​រៀប​ចំ​របស់​តា​វ៉ិចទ័រ និង​រូប​គេ​ជា​បងប្រុស​ផង ទម្រាំ​ម្នាក់ៗ​មាន​សមត្ថភាព​សម្ដែង​បាន។

តារា​កំប្លែង និង​ចម្រៀង​ល្បី​រូប​នេះ មិន​ទាន់​រៀប​ចំ​ផែនការ​ច្បាស់លាស់​ក្នុង​វិស័យ​សិល្បៈ​សម្រាប់​នាយ ប៉ូយ នៅ​ឡើយ​ទេ។ ដោយ​ឡែក រូប​គេ​ក៏​មិន​អាច​ជ្រោមជ្រែង​នាយ ក្រាន់ ចូល​ក្រុម​របស់​ខ្លួន​ម្នាក់​ទៀត​ដែរ ខណៈ​មាន​សមាជិក​កាន់​តែ​ច្រើន​រហូត​ដល់​១២​នាក់​ទៅ​ហើយ​នោះ៕

បទ៖ “បើ​ស្រវឹង​សូម​កុំ​បើក​បរ “ច្រៀង​ដោយ​ នាយ ប៉ូយ


ប្រភព  Sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម