បុរសជនជាតិ អង់គ្លេសម្នាក់ ដេកស្លាប់ ក្នុងផ្ទះសំណាក់ វ៉កអឺបាវ

 
 

ភ្នំពេញ ៖ បុរសស្បែកស ជនជាតិអង់គ្លេស ដែលជាអ្នកទេសចរ នៅប្រទេសកម្ពុជា ត្រូវបានបុគ្គលិក នៃផ្ទះសំណាក់ វ៉កអឺបាវ ប្រទះឃើញដេក ស្លាប់នៅ ក្នុងបន្ទប់លេខ១០៩ ផ្លូវលេខ៥១ ភូមិទី១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលវេលាម៉ោង ១និង៤៥នាទី រំលងអាធ្រាត្រឈាន ចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥ ។

យោងតាមរបាយការណ៍ របស់នាយនគរបាល ប៉ុស្ដិ៍ផ្សារថ្មីទី៣ លោកអនុសេនីយ៍ឯក កុល ខាន់ណារ៉ា បានបញ្ជាក់ថា សពជនរង គ្រោះឈ្មោះ DAVEY MARC ជាជនជាតិ អង់គ្លេស កើតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ១៩៨៧ កាន់លិខិតឆ្លងដែន លេខ៥២០៧៥៦ ២៦៩ ។

របាយការណ៍របស់  នគរបាលបាន បញ្ជាក់ទៀតថា កាលពីវេលាម៉ោង ៦និង៤៥នាទី ល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥ ជនរងគ្រោះ រួមជាមួយ មិត្ដភក្ដិប្រុស ជាជនជាតិអង់គ្លេស ចំនួន៣នាក់ បានមកជួល បន្ទប់ស្នាក់នៅ ដោយជនរងគ្រោះ ស្នាក់នៅបន្ទប់ លេខ១០៩ ជាន់ទី៤ តែម្នាក់ឯង លុះដល់វេលាម៉ោង កើតហេតុ អ្នកសំអាតបន្ទប់ បានទៅគោះទ្វារ ដើម្បីសំអាត ប៉ុន្ដែពេលនោះ មិនឃើញជនរងគ្រោះ បើកទ្វារ ក៏យកកូនសោ ចាក់ទ្វារ បន្ទប់ ស្រាប់តែឃើញ ជនរងគ្រោះដេកស្លាប់ ដោយលុតជង្គង់ លើឥដ្ឋ ហើយក្បាលនិងដង ខ្លួនដេកផ្កាប់ ទៅលើពូកតែម្ដង ។

មន្ដ្រីនគរបាលបាន បញ្ជាក់ទៀតថា ភ្លាមៗនោះអ្នកសំអាត បន្ទប់បានប្រាប់ ទៅមេការ របស់ខ្លួន ហើយក៏រាយការណ៍ ព័ត៌មាននេះ ទៅនគរបាល ប៉ុស្ដិ៍ផ្សារថ្មីទី៣ ។

លោកនាយប៉ុស្ដិ៍ បានបន្ដថា ក្រោយពី ទទួលបានព័ត៌មានភ្លាម គណៈកម្មការចម្រុះ ដែលមានមន្ដ្រីនគរបាល បច្ចេកទេសវិទ្យាសាស្ដ្រ និងគ្រូពេទ្យ អមសាលាដំបូងរាជធានី ភ្នំពេញ និងមន្ដ្រីនគរបាលជំនាញ បានមកពិនិត្យសព ប៉ុន្ដែមិនទាន់ អាចបញ្ជាក់ថាតើ ការស្លាប់របស់ ជនរងគ្រោះ បណ្ដាលមកពី មូលហេតុអ្វីនៅឡើយទេ ដោយរង់ចាំការធ្វើ តេស្ដទឹកនោម និងឈាមជាមុនសិន ។

ក្រោយការពិនិត្យសពរួច សមត្ថកិច្ចបាន បញ្ជូនយកទៅតម្កល់ទុក នៅសាលតម្កលសព របស់មន្ទីរពេទ្យ រុស្ស៊ី ដើម្បីរង់ចាំបងប្អូននិង សាច់ញាតិរបស់សព យកទៅធ្វើបុណ្យតាម ប្រពៃណីរបស់គេ ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម