ពេលថ្ងៃជួបជុំបងប្អូនសែនឆេងម៉េង យប់ឡើងអគ្គិភ័យឆេះផ្ទះហ្មត់

 
 

ខេត្តបាត់ដំបង ៖ លំនៅឋានដែលធ្វើពីថ្ម និងឈើ ប្រក់ក្បឿងមួយខ្នង ត្រូវបានអគ្គិភ័យ លេបត្របាក់ អស់គ្មានសល់ កាលពីវេលា ម៉ោង១០ និង១០នាទីយប់ ថ្ងៃទី០៥ មេសា ២០១៥ ស្ថិតនៅភូមិ កំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ បន្ទាប់ពីម្ចាស់ផ្ទះ ជួបជុំបងប្អូន ជប់លៀងសែន ឆេងម៉េង រួចរាល់កាល ពីថ្ងៃ តែគ្មានអ្នកដឹង ពីមូលហេតុ ពិតប្រាកដ ដែលបង្កឱ្យ មានអគ្គិភ័យនេះទេ រាប់ទាំងម្ចាស់ផ្ទះ ផង។

មន្ត្រីពន្លត់អគ្គិភ័យ ដែលបានចុះអន្តរាគមន៍ បានឱ្យដឹងថា លំនៅឋាន ដែលត្រូវភ្លើងឆេះ ធ្វើពីថ្មក្រោម ឈើលើ និងប្រក់ក្បឿងនោះ មានទំហំ៧ គុណ៨ម៉ែត្រ ដែលមានម្ចាស់ ឈ្មោះនួ ថិន ប្រុសអាយុ៥២ឆ្នាំ ។ មន្ត្រីដដែលថា មិនមានប្រភព ច្បាស់លាស់ អះអាង អំពីមូលហេតុ ដែលនាំឲ្យមាន អគ្គភ័យ នេះកើតឡើង នោះទេ ។ តាមការបំភ្លឺ ពីអ្នកភូមិថា អគ្គិភ័យនោះ បានផ្ដើមចេញពី ក្នុងផ្ទះបាយ ផ្នែកខាងក្រោយ ខណៈម្ចាស់ផ្ទះ ២នាក់ ប្ដី-ប្រពន្ធ កំពុងដេកលង់លក់ នៅក្នុងដំណេក ។

សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យបានឆាបឆេះ អស់ទាំងស្រុង នូវទ្រព្យសម្បត្តិ នានាដែលនៅ ក្នុងផ្ទះ លើកលេងតែ ស្រូវប៉ុន្មានការ៉ុង និងគោយន្ត កន្ត្រៃមួយគ្រឿង ប៉ុណ្ណោះ ដែលអ្នកភូមិ ជួយសង្គ្រោះបាន ក្រៅពីនេះ ក្លាយជាផេះ ទាំងអស់ ។

គេមិនអាចសាកសួរ ម្ចាស់ផ្ទះ ទាំង២នាក់ ប្ដីប្រពន្ធនោះ បានទេ ពេលកំពុងកើតហេតុ ដោយសារតែ ពួកគាត់ភ័យរន្ធត់ ពេកសន្លប់បាត់ស្មារតី ជាញឹកញ៉ាប់ ដែលតម្រូវឲ្យ អ្នកភូមិជួយសង្គ្រោះ ពួកគាត់ផង ជួយពន្លត់ភ្លើងផង និងជួយរំដោះ ទ្រព្យសម្បត្តិ គាត់ចេញពីផ្ទះផង។

បុរសម្នាក់ដែលបាន ឃើញហេតុការណ៍នេះ បាននិយាយថា ដំបូងគាត់បាន ឃើញអណ្ដាតភ្លើង បានឆាបឆេះ យ៉ាងខ្លាំង ចេញពីបន្ទប់ ផ្ទះបាយ នៅខាងក្រោយ ហើយវាបានឆេះ ឆ្លងដល់ផ្ទះ ទាំងមូលភ្លាមៗ តែម្ដង។ គាត់និយាយថា គ្រានោះម្ចាស់ផ្ទះ ដែលមានតែ ២នាក់ប្ដីប្រពន្ធ សំរានលក់ មិនទាន់ដឹងទេ រហូតមានការ ភ្ញាក់ផ្អើលខ្លាំង ពីអ្នកភូមិ ទើបម្ចាស់ផ្ទះ ភ្ញាក់ហើយ បើកទ្វា រត់ចេញក្រៅ។

សាក្សីនានាសុទ្ធតែ បានឃើញ អំពីចំនុចចាប់ផ្ដើម នៃការឆេះ តែមិនមានអ្នកណា បានដឹងអំពីមូលហេតុទេ សូម្បីតែម្ចាស់ផ្ទះ ក៏មិនអាច សុំការបំភ្លឺបានដែរ។ អ្នកភូមិនិយាយថា ក្រោយពីដឹងថា ផ្ទះរបស់ខ្លួន ត្រូវភ្លើងឆេះ ម្ចាស់ផ្ទះទាំង២នាក់ ប្ដីប្រពន្ធ ស្ទះដង្ហើម បាត់ស្មារតី ភ្លាមរំពេច ហើយត្រូវបាន អ្នកភូមិ ជួយនាំចេញពី កន្លែងកើតហេតុ ដើម្បីសង្គ្រោះ ខណៈអ្នកភូមិ ជាច្រើន បានចូលជួយ រំដោះស្រូវ និងគោយន្ត កន្ត្រៃមួយគ្រឿង ចេញពីក្នុងផ្ទះ។

អ្នកភូមិបញ្ជាក់ថា នៅរសៀល ថ្ងៃកើតហេតុ គេឃើញគ្រួសារនេះ បានជួបជុំបងប្អូន ជប់លៀង សែនឆេងម៉េង នៅក្នុងផ្ទះ លុះពេលយប់ ក៏មានអគ្គិភ័យ កើតឡើងតែម្ដង។ គេនូវមិនទាន់ដឹងថា អគ្គិភ័យដែល ឆេះចេញពីផ្ទះបាយនោះ បណ្ដាលមកពី មូលហេតុអ្វីនោះទេ។

មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា ពេលដែលរថយន្ត ពន្លត់អគ្គិភ័យ ចុះទៅដល់ គឺលំនៅឋាន ខាងលើនេះ ត្រូវអគ្គិភ័យ ឆាបឆេះ ស្ទើរអស់ទាំងស្រុង ទៅហើយ។ មន្ត្រីដដែលថា អ្នកភូមិជាច្រើន បានដងទឹកពាង ជួយពន្លត់ តែមិនអាចធ្វើឲ្យ អគ្គិភ័យនោះ ថមថយបានទេ ដោយសារតែ លំនៅឋាននេះខ្ពស់ ដែលគេមិនអាច ជះទឹកដល់ ដូច្នេះហើយ ទើបអ្នកជួយពន្លត់ ជួបការលំបាក។

រីឯរថយន្តពន្លត់អគ្គិភ័យ របស់សមត្ថកិច្ច ក៏បានប្រើប្រាស ទឹកអស់ ច្រើនឡានដែរ តែហូសពេលទៅហើយ ដោយសារអគ្គិភ័យ នោះឆេះលឿនពេក។ គេនូវមិនទាន់ដឹង អំពីទំហំនៃការ ខាតបង់ គិតជាទឹកប្រាក់ អស់ប៉ុន្មាននោះទេ ព្រោះបើតាម ប្រភពព័ត៌មានថា រហូតមកដល់ ព្រឹកថ្ងៃទី០៦មេសា គេនៅមិនទាន់ សាកសួរម្ចាស់ បាននៅឡើយទេ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម