«ត្សឹបាសា» ចំណងដៃឆ្នាំថ្មី ចប់ហើយ បញ្ហាកកស្ទះ សាឡាងអ្នកលឿង!

 
 

ភ្នំពេញ៖ ស្ពានអ្នកលឿង ឬស្ពាន «ត្សឹបាសា» តម្លៃប្រមាណ ៩៥លានដុល្លារអាម៉េរិក ដែលជាជំនួយ ឥតសំណង នៃចំណងដ៏ស្អិតល្មួត រាជរដ្ឋាភិបាល ជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នឹងបើកសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការហើយនាព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០១៥នេះ។ «ត្សឹបាសា» សមិទ្ធផលប្រវត្តិសាស្រ្ត ដ៏ថ្មីសន្លាងនេះ នឹងបញ្ចប់ទាំងស្រុងនូវបញ្ហាកកស្ទះ សាឡាងអ្នក លឿង ដែលបន្លឺចេញពីមាត់ពលរដ្ឋខ្មែរច្រើនទស វត្សរ៍កន្លងទៅ ជាពិសេសពេលមានបុណ្យទានធំៗ ចូលឆ្នាំ និងភ្ជុំបិណ្ឌ។

ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកខេត្តព្រៃវែង និងស្វាយរៀង នៅពេលធ្វើដំណើរទៅស្រុកកំណើត លេងបងប្អូន សាច់ញាតិ មិត្តភក្តិ ឬក៏ត្រូវទៅប្រកបរបរជំនួញ ដំណើរកម្សាន្ត ព្យាបាលជំងឺ នៅប្រទេសវៀតណាម តែងតែនាំគ្នា រអ៊ូរទាំអំពីបញ្ហាកកស្ទះ ចរាចរនៅកំពង់ ចម្លងអ្នកលឿង តម្រូវឲ្យពួកគេចំណាយពេលវេលាមិនតិចជាងកន្លះម៉ោង ឡើយ ដើម្បីឆ្លងសាឡាងអ្នកលឿង។ កាន់តែធ្វើឲ្យមានអារម្មណ៍ ធុញទ្រាន់ថែមទៀតនោះ នារដូវបុណ្យទានធំៗ ដូចជាចូលឆ្នាំថ្មី ឬបុណ្យភ្ជុំបិណ្ឌ ពួកគេត្រូវចំណាយពេលមិនតិចជាង ២-៤ម៉ោងឡើយ ដើម្បីរង់ចាំឆ្លងសាឡាង ព្រោះតែការកកកុញដោយអ្នកដំណើរ។

នៅព្រឹកថ្ងៃទី៦ ខែមេសា នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា និងលោក អាគីហ្ស៉ូនី ស៊ីម៉ូរ៉ា អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឲ្យ ប្រើប្រាស់ស្ពាន អ្នកលឿង ឬស្ពាន «ត្សឹបាសា» ប្រវែងជាង ២គីឡូម៉ែត្រ ដែលជាស្ពាន ឆ្លងទន្លេ មេគង្គក្រោម មានប្រវែងវែងជាងគេ នៅកម្ពុជា។

ស្ពាន ដែលបានចំណាយពេលសាងសង់អស់រយៈជិត ៥ឆ្នាំ ហើយដាក់ឲ្យប្រើប្រាស់ នៅមុនពេល បុណ្យចូលឆ្នាំថ្មី ឈានមកដល់តែ មួយសប្តាហ៍ នេះ នឹងក្លាយជាសមិទ្ធផល ដ៏ត្រកាល សម្រាប់ចងភ្ជាប់ ខេត្តកណ្តាលទៅ ខេត្តព្រៃវែង និងស្វាយរៀង ជាពិសេសប្រជាពលរដ្ឋ ខេត្តព្រៃវែង និង ស្វាយរៀង អាចធ្វើដំណើរ ទៅកាន់ ស្រុកកំណើតជួបជុំអ្នក មានគុណ បងប្អូនញាតិមិត្ត ដោយចិត្តសប្បាយរីករាយ។ ពួកគេលែងមានអារម្មណ៍ មួរហ្មង ធុញថប់ នៃការរង់ចាំ សាឡាងអ្នកលឿង ដូចឆ្នាំកន្លងទៅទៀតហើយ។

សមិទ្ធិផលកើតចេញពីតម្លៃ នៃសន្តិភាព «ត្សឹបាសា» មិនត្រឹមតែជាសមិទ្ធផល ប្រវត្តិសាស្រ្តនាំមក នូវភាពរីករាយ ស្រស់ស្រាយ សប្បាយចិត្ត បម្រើ ប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែស្ពានដ៏វែងនៅកម្ពុជាមួយនេះ ក៏នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់មួយ សម្រាប់ប្រទេស ជាសមាជិកអាស៊ានផងដែរ។ «ត្សឹបាសា» ដែលជាជំនួយឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន នឹងចូលរួមបម្រើប្រយោជន៍ យ៉ាងសំខាន់ បម្រើដល់វិស័យ ទេសចរណ៍ និងការដឹកជញ្ជូន ពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត នៅក្នុងតំបន់អាស៊ាន។

នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានប្រកាសនៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីខែ កន្លងទៅថា ស្ពាន «ត្សឹបាសា» នឹងក្លាយជាប្រព័ន្ធគមនាគមន៍ ដ៏សំខាន់បម្រើដល់វិស័យ ដឹកជញ្ជូនក្នុងតំបន់អាស៊ាន។ ដោយមើលឃើញពីសារៈសំខាន់ នៃការដឹកជញ្ជូននេះ នាយករដ្ឋមន្រ្តី ជប៉ុន លោក អាបេ ក៏បានប្រកាស ផ្តល់ប្រាក់កម្ចីការប្រាក់ទាបបន្ថែមទៀត ដើម្បីកែលំអរផ្លូវជាតិលេខ ៥ ដែលជាផ្លូវជាតិសំខាន់ បំផុតមួយ តភ្ជាប់រាជ ធានីភ្នំពេញ និងព្រំដែនកម្ពុជា-ថៃ។ គម្រោងកែលំអរ ផ្លូវមានទឹកប្រាក់ប្រហែល ១៦០លានដុល្លារអាម៉េរិកនេះ ត្រូវបានចុះ ហត្ថលេខា រួចរាល់ ហើយរវាងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងឯកអគ្គរាជទូតជប៉ុន ប្រចាំនៅ កម្ពុជា លោក គូម៉ាម៉ារូ យូជិ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា កន្លងទៅថ្មីៗនេះ។

ស្ពាន «ត្សឹបាសា» ដែលដាក់សម្ពោធឲ្យប្រើប្រាស់នៅចំឆ្នាំខួបទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ក៏បាន បង្ហាញឲ្យឃើញពី ទំនាក់ទំនង ដ៏ស្និទ្ធស្នាលផងដែររវាងរាជរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជារបស់សម្តេច តេជោ ហ៊ុន សែន។ ក្នុងឱកាសចាក់បេតុងភ្ជាប់ ស្ពានកាលពីខែ មករា សម្តេចតេជោ បានបញ្ជាក់ថា ស្ពាន «ត្សឹបា សា» ដែលមានខ្សែកាប្លិ៍យោងសងខាង ប្រៀបដូចបក្សីមួយគូ តំណាងឲ្យកម្ពុជា-ជប៉ុន កាន់ដៃគ្នាហោះលើវេហា ឈានទៅរកចំណង សាមគ្គីភាពដ៏ស្អិតល្មួត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយគ្នា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្រៅពីការសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន «ត្សឹបាសា» នេះ នៅមានសមិទ្ធផល ជាច្រើនផ្សេងទៀត សុទ្ធសឹងបម្រើដល់ការដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរ ក៏ ត្រូវបានដាក់សម្ពោធដាក់ឲ្យ ប្រើប្រាស់ រួចរាល់ហើយ ផងដែរនៅក្នុងឆ្នាំចាស់ ដែលជិតកន្លងផុតនេះ មានដូចជា៖ ផ្លូវលេខ ៥៧បេ ប្រវែងជិត ២០០គីឡូម៉ែត្រ ស្ថិតក្នុងខេត្ត បាត់ដំបង ស្ពានអាកាស ស្ទឹងមានជ័យ ស្ពានជ្រោយ ចង្វារទី២ ឆ្លងកាត់ទន្លេសាប ប្រវែង ជាង ៧០០ម៉ែត្រ ស្ពានតាខ្មៅ ប្រវែងជាង ៨៥៥ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ ស្ពានស្ទឹងត្រែងប្រវែងជាង ១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គលើ តភ្ជាប់ផ្លូវជាតិលេខ៩ (ស្ទឹងត្រែង -ព្រះវិហារ) ។

សមិទ្ធផលទាំងអស់ ដែលបានកើតមានក្នុងឆ្នាំចាស់ ឆ្នាំមមី ឆស័ក ព.ស២៥៥៨ និង ក្លាយជាមធ្យោបាយ ដ៏សំខាន់ បំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋខ្មែរ ជាពិសេស ការធ្វើដំណើរទៅជួបជុំ គ្រួសារនាឱកាសឆ្នាំថ្មី ឆ្នាំ មមែ សប្តស័ក ព.ស ២៥៥៩ ដែលនឹងចូលមកដល់ នាសប្តាហ៍ក្រោយនេះ។

សមិទ្ធផលខាងលើ រួមទាំងស្ពាន «ត្សឹបាសា» ផងដែរ ពិតជាមិនអាច បំពេញមហិច្ឆតា នៃការស្រេកឃ្លាន ភាពរីកចម្រើនរបស់ប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់ រស់ដ៏លំបាក វេទនាក្នុងភ្នក់ភ្លើងសង្រ្គាម បាននោះឡើយ។ តែទោះជា យ៉ាងណាសមិទ្ធផលទាំងអស់ ក្នុងសតវត្សរ៍ទី២១នេះ ពិតជាមាន តម្លៃមិនអាច កាត់ថ្លៃ បានឡើយ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ព្រោះជាសមិទ្ធផល កើតចេញ ពីតម្លៃសន្តិភាព ដែលរកបានមកដោយលំបាក នៃការ រួបរួម និងខិតខំ របស់ប្រជាពលរដ្ឋ ខ្មែរ ក្រោយពេលបញ្ចប់ការកាប់សម្លាប់គ្នាជាង ៣០ឆ្នាំចុងក្រោយនេះ។ ដូចដែលនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ ថា «ដរាបណារក្សាបាននូវសន្តិភាព មិនខ្លាចខ្វះឱកាស ក្នុងការអភិវឌ្ឍន៍ នោះឡើយ!»។

សមិទ្ធផលទាំងអស់នេះ រំពឹងថា នឹងក្លាយជាអំណរសាទរ ដ៏ធំមួយសម្រាប់ ប្រជាពលរដ្ឋ ខ្មែរនាឱកាសឆ្នាំថ្មី។ ប្រជាពលរដ្ឋខ្មែរ ក៏សូមថ្លែងអំណរ គុណដល់រាជរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន រួមនិងបណ្តាប្រទេស ប្រជាជនជា មិត្តជាច្រើនទៀត ដែលតែងតែផ្តល់ជំនួយអភិវឌ្ឍ និងជ្រោមជ្រែង រក្សាសន្តិភាពក្នុងប្រទេស ដ៏កម្សត់ ក្នុងតំបន់ អាស៊ី-អាគ្នេយ៍មួយនេះ។

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិថែរក្សាចក្រវាឡ ទេវតាថែរក្សាស្វេតឆត្រ ព្រលឹងបុព្វវីរជនខ្មែរ ទេវតាឆ្នាំថ្មី ព្រះនាង រាក្សសាទេវី សូមជួយតាមរក្សាបីបាច់មាតុភូមិកម្ពុជាឲ្យជួបតែសុខសន្តិភាព។ តាមជួយឃុំគ្រងថ្នាក់ដឹកនាំកម្ពុជា គ្រប់ស្រទាប់វណ្ណៈ និងនិន្នាការនយោបាយ ប្រកបដោយ សេចក្តីសុខសប្បាយ បញ្ញាប្រកបដោយការឈ្លាសវៃ ស្រុះស្រួលមូលមតិរួមគ្នាអភិវឌ្ឍ នាំមកនូវឧត្តមប្រយោជន៍សម្រាប់សង្គម និងប្រជាពលរដ្ឋ កម្ពុជា បញ្ចៀសឲ្យអស់ គ្រោះកាច់ចង្រៃ និងការប៉ុនប៉ងនាំអន្តរាយពីបុគ្គល និង ប្រទេសអមិត្តទាំងឡាយ។ សូមឲ្យកម្ពុជា ស្គាល់តែ ភាពរីកចម្រើនលូតលាស់ និង ការអភិវឌ្ឍន៍គ្រប់ពេលវេលា៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម