អ្នកបុរាណវិទូ រកឃើញ ប្រាសាទដ៏ចំណាស់ ចាស់ជាងប្រាសាទ ពីរ៉ាមីត ដល់ទៅ ៤ដង (មានវីដេអូ)

 
 

ឥណ្ឌូនេស៊ី៖ ប្រាសាទពីរ៉ាមីត ដ៏ចំណាស់ជាងគេបំផុត របស់ប្រទេសអេហ្ស៊ីប ត្រូវបានសាងសង់ឡើង តាំងពីជាង ៥,០០០ ឆ្នាំមុនមកម្ល៉េះ ក៏ប៉ុន្តែថ្មីៗនេះ សំណង់បុរាណរាងពីរ៉ាមីតស្រដៀងគ្នា ដែលលាក់ខ្លួននៅក្រោមបំណែកថ្ម ត្រូវបានគេប៉ាន់ប្រមាណឃើញថាអាច មានអាយុចាស់ជាងពីរ៉ាមីត រហូតដល់ ៤ដង។


សំណង់ប្រាសាទបុរាណនេះមានរាង ពីរ៉ាមីត ដូចប្រាសាទនៅប្រទេសអេហ្ស៊ីបដែរ

បើសិនជាការអះអាងនោះ វាជាការពិត អ្នកស្រាវជ្រាវអាចនឹង ត្រូវសរសេរឡើងវិញពី សម័យបុរេប្រវត្តិសាស្ត្រ ហើយការរកឃើញនេះនឹងផ្តល់ ពន្លឺបន្ថែមទៀតពីឥទ្ធិពល និងការរីកចំរើនរបស់អរិយធម៌ កាលពីសម័យបុរាណ។ លោកបណ្ឌិត Danny Hilman ជា ភូតុព្ភវិទូ (Geologist) ជឿជាក់ថាបុរាណដ្ឋានដែលស្ថិតនៅភាគខាង លិចកោះជ្វា ត្រូវប្រជាជនគោរពបូជា ដោយសារតែទីនោះ មានបង្កប់ប្រាសាទបុរាណនៅក្រោម ដែលសាងសង់ឡើងចន្លោះរវាង ៩,០០០ ទៅ ២០,០០០ ឆ្នាំមុន។

បុរាណដ្ឋាន ដែលមានឈ្មោះថា Gunung Padang នេះត្រូវបានរកឃើញ លើកដំបូងបំផុតនៅក្នុងឆ្នាំ១៩១៤។ Gunung Padang ស្ថិតនៅតំបន់ដែលប្រជុំទៅដោយភ្នំភ្លើង សំបូររុក្ខជាតិម្យ៉ាងឈ្មោះ Banana palm និងចំការដំណាំតែ។ ទីនោះស្ថិតនៅកំពស់ ៨៨៥ ម៉ែត្រពីផ្ទៃទឹកសមុទ្រ និងចំងាយប្រមាណ ៧៥គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានី ហ្សាកាតា។ លោកបណ្ឌិត Danny Hilman អះអាងថា Gunung Padang គឺជាតំបន់វប្បធម៌បុរាណ យ៉ាងមានសារសំខាន់រាប់ពាន់ រាប់ម៉ឺនឆ្នាំ មកហើយ ដែលគេប្រើ ជាទីកន្លែងសក្ការៈ ឬក៏ជាកន្លែងតារាសាស្ត្រ ក៏ថាបាន។

សំណង់ទាំងនោះ គ្របដណ្តប់ដោយ ដុំថ្មធំៗ រាងបួនជ្រុងទ្រវែង ដែលជាប្រភេទថ្ម កើតចេញពី ភ្នំភ្លើង។ លោកបណ្ឌិត Danny បានឲ្យដឹងថា សំណង់ដែលកសាងដោយ មនុស្សជំនាន់មុន ត្រូវគេរកឃើញ ១៥ ម៉ែត្រនៅក្នុងដី។ ដោយឡែកអ្នកជំនាញខាង ភ្នំភ្លើងមួយរូប គឺលោក Sutikno Bronto ជឿជាក់ថា Gunung Padang មិនមានលក្ខណៈជាប្រាសាទ ពីរ៉ាមីតនោះទេ ថ្មទាំងអស់អាចត្រូវបានសឹកដាច់ដោយ សារតែ ធម្មជាតិ មិនមែនជាការកាត់ ដោយមនុស្សឡើយ៕


គេសង្ស័យទីនេះ មានបង្កប់ប្រាសាទបុរាណនៅក្រោម ដែលមានអាយុ៩០០០ ទៅ២០០០០ ឆ្នាំ


លោកបណ្ឌិត Danny Hilman អះអាងថា ទីនោះអាចជាកន្លែងសក្ការៈ ឬក៏ជាកន្លែងតារាសាស្ត្រ


Gunung Padang ចំងាយប្រមាណ ៧៥គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានី ហ្សាកាតា


អ្នកជំនាញខាងភ្នំភ្លើងអះអាងថា ថ្មទីនោះអាចដាច់ដោយសារធម្មជាតិ មិនមែនមនុស្សកាត់ឡើយ



ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម