លិចនាវានេសាទ នៅរុស្ស៊ី ម្សិលមិញ សម្លាប់មនុស្ស អស់ ៥៤នាក់

 
 

រុស្ស៊ី៖ យោងតាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា នាវារុស្ស៊ីមួយគ្រឿង បានលិច ចូលទៅក្នុង ទឹកសមុទ្រ នៅឯទ្វីប Kamchatka បណ្តាលឲ្យមនុស្ស ចំនួន៥៤នាក់ បានស្លាប់។ ជាមួយគ្នានេះដែរ មនុស្សចំនួន ៦៣នាក់ផ្សេងទៀត ត្រូវបានសង្គ្រោះ នេះបើយោងតាម ក្រុមសង្គ្រោះ តាមសមុទ្រមួយ ដែលស្ថិតនៅ ចុងបូព៌ា នៃប្រទេសរុស្ស៊ី។

នាវានេសាទ ដែលបានលិចនោះ គឺជានាវាប្រភេទ Dalniy Vostok ដែលបានផ្ទុកមនុស្ស ចំនួន១៣២នាក់ នៅពេលកើតហេតុ ដោយក្នុងនោះ មនុស្ស ៧២នាក់ គឺជាជនជាតិរុស្ស៊ី ខណៈអ្នកឯទៀត មកពីប្រទេស ឡាតវី, អ៊ុយក្រែន, មីយ៉ាន់ម៉ា និង វ៉ានូអាទូ។

ប្រភពដដែល បានបន្តទៀតថា នាវា Dalniy Vostok បានលិចចូលទៅក្នុង សមុទ្រ Okhotsk ដែលមានចំងាយ ៣៣០គីឡូម៉ែត្រ ពីតំបន់ Krutogorovsky នៅវេលាម៉ោង ៦ និង ៣០នាទីយប់ ថ្ងៃពុធ ទី០១ ខែមេសា ម្សិលមិញនេះ។


នាវានេសាទ ប្រភេទ Dalniy Vostok ដែលបានផ្ទុកមនុស្ស ចំនួន១៣២នាក់

លោក Viktor Klepikov ប្រធានក្រុម សម្របសម្រួល នៃក្រុមសង្គ្រោះ តាមសមុទ្រ ដែលមានឈ្មោះថា Petropavlovsk-Kamchatsky បានប្រាប់ ទីភ្នាក់ងារ សារព័ត៌មាន Reuters ថា “ប្រតិបត្តិការ ជួយសង្គ្រោះនេះ កំពុងតែធ្វើឡើង ខណៈយើង កំពុងតែ ស្វែងរក មនុស្សចំនួន ១៥នាក់ទៀត ដែលបានបាត់ខ្លួន។”

អ្នកនាំពាក្យ របស់ក្រសួងមួយ ក្នុងប្រទេសរុស្ស៊ី បានឲ្យដឹងថា ទឹកបានជន់លិច ត្រង់ម៉ាស៊ីននាវា ហើយនាវា ក៏បានលិច ចូលទៅក្នុង ទឹកសមុទ្រ ក្នុងរយៈពេល ១៥នាទី។ ប៉ុន្តែទីភ្នាក់ងារ ព័ត៌មានរុស្ស៊ី ដែលមានឈ្មោះថា Tass បានដកស្រង់សម្តី មន្រ្តីជាន់ខ្ពស់ នៅឯទ្វីប Kamchatka ថា នាវានោះបានលិច ខណៈពេលដែល កំពុងអូសអួន ដែលមានទំហំ ១០០តោន។

ទោះបីជាយ៉ាងណាក៏ដោយ មនុស្សនៅលើ នាវាទាំងអស់ មិនមាននរណាម្នាក់ បានហៅទូរស័ព្ទចេញ ដើម្បីរកជំនួសទេ នៅមុនពេលដែល នាវានោះ បានលិច នេះបើយោងតាម ប្រព័ន្ធផ្សាព្វផ្សាយ នៅក្នុងស្រុក។

គួរបញ្ជាក់ផងដែរថា កប៉ាល់ និងនាវា ជាច្រើនគ្រឿង រួមទាំង ឧទ្ធម្ភាគចក្រសង្គ្រោះ បានចូលរួម នៅក្នុងការស្វែងរក អ្នកនៅរស់រាន មានជីវិត ដែលបាត់ខ្លួន នៅក្នុងទឹក ដែលមានសីតុណ្ហភាព ក្បែរសូន្យ អង្សាសេ៕

ប្រភព ៖ BBC

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម