ល្បែងប្រជាប្រិយខ្មែរ «ចាប់កូនខ្លែង»
ល្បែង «ចាប់កូនខ្លែង» ជាល្បែងរបស់កុមារាកុមារី ជំទង់ៗ តែងតែលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូល ឆ្នាំ ឬនៅពេលទំនេរ ។ ល្បែងនេះ ពេលលេង គេចាត់ម្នាក់ ដែលមានមាឌមាំធំ ឱ្យធ្វើជាមេហ្វូង ហៅថាមេមាន់, ចាត់ច្រើននាក់ ឱ្យធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ ទៀតឱ្យធ្វើ ជាខ្លែង ចាំចាប់កូនមាន់ ។ ម្នាក់ៗគេយក ក្រមាក្រវាត់ចង្កេះ ឱ្យតឹងណែន ការពារកុំឱ្យ របូតសម្លៀក ។ គេនាំគ្នាបង្កាត់ ភ្លើងឱ្យបាន ជាភ្នក់ តូច ដោយកម្ទេចអុស ហើយម្នាក់ដែល ធ្វើមេមាន់បញ្ជា ឱ្យកូនរបស់ខ្លួន តោងចង្កេះ តៗគ្នារហូត ដល់អស់ ដោយឈរជាជួរ រួចដើរក្រឡឹង ព័ទ្ធ ជុំវិញភ្នក់ភ្លើង ។ ជាមួយគ្នានេះមេមាន់ ពោលពាក្យចំអក ឡកឡាយឱ្យន័យ ទៅខ្លែងថា ៖
«ចាប់កូនខ្លែងប្រឡែងកូនអក ពពេចញ៉ែកញ៉កកូនអញតែមួយ ។
ជីកអន្លង់ដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់ ។
ទៀន១គូតាំងយូបាំងព្រះ លើកដៃសំពះ ដូនៗសុំភ្លើង» ។
ចំណែក ម្នាក់ដែលធ្វើខ្លែងឈរធ្វើព្រងើយ, កាលបានឮមាន់ និងកូនមាន់ស្រែកដូច្នោះ ក៏ដើរចូលទៅរក ភ្នក់ភ្លើង ហើយនិយាយសុំភ្លើងថា «ដូនៗសុំភ្លើង !» ។
មាន់ឆ្លើយថា ៖ រលត់
ខ្លែងសុំថា ៖ សុំមួយអង្កត់
មាន់ឆ្លើយថា ៖ រលាយ
ខ្លែងសុំថា ៖ សុំទឹកបាយ
មាន់ឆ្លើយថា ៖ ឆ្កែលិទ្ធ
ខ្លែងសុំថា ៖ សុំកាំបិត
មាន់ឆ្លើយថា ៖ មិនទាន់ប្រុង
ខ្លែងសុំថា ៖ សុំល្ហុង
មាន់ឆ្លើយថា ៖ មិនទាន់ដាំ
ខ្លែងសុំថា ៖ សុំថ្នាំ
មាន់ឆ្លើយថា ៖ មិនទាន់ហាល
ខ្លែងសុំថា ៖ សុំផាល
មាន់ឆ្លើយថា ៖ មិនទាន់សិត
ហើយខ្លែងក៏អង្គុយនៅបៀតភ្នក់ភ្លើងនោះ ។
ចំណែកមេមាន់ក៏នាំគ្នារបស់ខ្លួនដើរប្រទក្សិណព័ទ្ធជុំវិញខ្លែង និងភ្នក់ភ្លើង ហើយស្រែកច្រៀងទាំងមេ ទាំងកូនថា ៖
«ចាប់កូនខ្លែងប្រឡែងកូនមាន់ (បន្ទរ) ៖អាឡយៗ បើមេទៅទាន់ យកមាន់ទៅលាក់ (បន្ទរ) ៖ អាឡយ ៗ
លាក់ទុកឯណា លាក់ក្បាលដំណេក (បន្ទរ)៖ អាឡយ ៗ រលឹកពីដេក វាយមាន់តូងតាង» ។
មាន់ច្រៀងចប់ក៏ ឈប់ឈរតម្រៀបគ្នា ។
ខ្លែងក៏ស្រែកសុំភ្លើងម្តងទៀតថា «ដូនៗ សុំភ្លើង» ។
មាន់ ឆ្លើយថា «ក្អែកពាំទៅទម្លាក់ក្នុងទឹកទន្លេបាត់ទៅហើយ» រួចក៏ដើរព័ទ្ធជុំវិញខ្លែង និងភ្នក់ភ្លើង ហើយ ច្រៀងតទៅទៀតថា ៖
«ប្អូនវេញខ្សែសូត្រ បង្ហូតខ្សែគោម (បន្ទរ)៖ អាឡយ ៗ ខ្លែងអើយកុំលោមមិនបានមាន់ទេ (បន្ទរ) ៖ អា ឡយ ៗ ហើយឈរស្ងៀម ។
ខ្លែងក៏និយាយទទូចសុំកូន ៖
ខ្លែងសុំថា ៖ ដូនៗឱ្យសុំកូនមុខ
មាន់ឆ្លើយថា ៖ ឪពុកមិនឱ្យ
ខ្លែងសុំថា ៖ សុំកូនក្រោយ
មាន់ឆ្លើយថា ៖ កំបាក់កំបែកយកចុះ
ខ្លែង កាលបានឮមេមាន់ថា ឱ្យកូនណាកំបាក់កំបែកដូច្នេះ ក៏តាំងដេញចាប់បេះយកកូនណាដែលនៅ ក្រោយគេ, ឯមេមាន់ខំប្រឹង ការពារកូន របស់ខ្លួនកុំឱ្យ គេបេះយកបាន, ឯកូនមាន់ក៏ខំប្រឹងតោង ចង្កេះគ្នាយ៉ាងជាប់ រត់ពេនចុះពេនឡើង ខ្លាច ខ្លែងចាប់បេះ យកខ្លួន ម្នាក់ៗបាន។ ជួនក៏ខ្លែងបេះ យកកូនបានម្តង ១ ម្តង២ ទាល់តែអស់ ជួនក៏បេះបានតែ១ ។ តែគេមាន លក្ខខណ្ឌមួយថា បើកូនណារបូត ចេញពីមេព្រោះ ប្រឹងគេចខ្លាំង ហើយកូននោះគេ ក្រាបទៅនឹងដី នោះមេខ្លែង មិនត្រូវចាប់គេទេ ។
កាលអស់កម្លាំងហត់រៀងខ្លួនហើយ ក៏ឈប់សម្រាកបន្តិច ហើយផ្លាស់ប្តូរគ្នាលេងតទៅទៀត គេលេង តែរបៀបនេះរហូត ដល់ពេលឈប់ ។
ប៉ុន្តែល្បែងបែបដូចគ្នានេះ នៅស្រុកខ្លះគេហៅតម្រូវន័យតាមរបៀបលេងថា «ល្បែងខ្លែងចាប់កូនមាន់» ក៏មាន ។
ល្បែង នេះជាការបង្ហាត់មនុស្ស ឱ្យចេះប្រុងស្នៀត ប្រុងស្មារតីឱ្យ រហ័សរហួន ចេះការពារខ្លួន និងគ្រួសារ ផង (យោង តាមសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ») ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!